​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទូក​ឈើ ពីរ​គន្លាក់​មួយគ្រឿង បំពាក់​ដោយ​ម៉ាស៊ីន​ហ៊ី​ណូ​តា កម្លាំង ២០ សេស មួយគ្រឿង ឧបករណ៍​ឆក់ (​ត្រី​) ត្រជាក់​មួយគ្រឿង ត្រូវបាន​រឹបអូស​ដោយ សហគមន៍​នេសាទ ក្នុង​ខេត្តស្ទឹងត្រែង កាលពី​យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០២១​។​

​លោក លិ ចិ​ត្រា លេខា​នៃ​បណ្តាញ​សហគមន៍​នេសាទ ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៧ ខែមេសា​ថាៈ ទូក​ឈើ​ពីរ​គន្លាក់ មួយគ្រឿង រួម​ជា​មួ យ​ម៉ាស៊ីន​ហ៊ី​ណូ​តា កម្លាំង ២០ សេសមួយ​គ្រឿង​, ឧបករណ៍​ឆក់​(​ត្រី​) ត្រជាក់​មួយគ្រឿង​, កន្ត្រង​ដួស​ត្រី ចំនួន​ពីរ , ត្រី​ចម្រុះ​ប្រហែល ៣០ គីឡូក្រាម ត្រូវបាន​រឹបអូស ដោយ​សហគមន៍​នេសាទ​កោះ​ស្រឡៅ សហការ​ជាមួយ​សហគមន៍​កោះ​កន្ធាយ និង​សហគមន៍​កោះ​កី នៅ​ចំណុច​ការ​តែ​តុ​ក ភូមិ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​លោក ចិ​ត្រា បានឱ្យដឹង​ទៀតថាៈ នៅក្នុង​ការបង្ក្រាប​បទ​ល្មើស នៅពេល​យប់ ខាងលើនេះ ជន​ប្រព្រឹត្ត​បទល្មើស បាន​រត់​គេចខ្លួនបាត់​ស្រមោល បន្សល់ទុក​តែ វត្ថុតាង ដែល​ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​រដ្ឋបាល​ជល​។​

​សកម្មភាព​នេសាទ​ខុសច្បាប់ នៅតាម​ដង​ទន្លេ​ទាំងបួនក្នុង​ខេត្តស្ទឹងត្រែង​នេះ ត្រូវបាន​លោក លិ ចិ​ត្រា បញ្ជាក់ថា ឃើញ​មានការ​ថយចុះ ចាប់តាំងពី​សហគមន៍ នេសាទ ចំនួន ៥២ នៅក្នុង​ចំណោម ៥៤ ត្រូវបាន​ចុះបញ្ជី ក្នុង​គោលបំណង​ការពារ អភិរក្ស​ធនធាន​ជលផល រួចមក​។ បងប្អូន​អ្នកនេសាទ មួយចំនួន បាន​បោះ បង់​ចោលការ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ ជា​លក្ខណៈ​គ្រួសារ ខុសច្បាប់ ហើយ​ងាក​មក​ចូលរួម ធ្វើការ​ទប់ស្កាត់ បទល្មើស​វិញ​។​

​លោក លិ ចិ​ត្រា បាន​និយាយ​ឱ្យដឹងទៀតថាៈ បទល្មើស ត្រូវបាន​បង្ក្រាប​ជា​បន្ត បន្ទាប់ ក្នុង​រយៈពេល​កន្លងទៅ ដោយមាន​ការជួយឧបត្ថម្ភ គាំទ្រ​ពី​ដៃគូ​នានា ដូចជា​ពី​ធនាគារពិភពលោក (WB ) រដ្ឋបាល​ជលផល​ជាដើម​។ ទោះជា​យ៉ាងណា បទល្មើស នៅតែមាន ហើយ​ពិបាក​ក្នុងការ​បង្ក្រាប ដោយសារ​ទូក​ល្មើស មាន​ល្បឿន​លឿនៗ សូមឱ្យ​រដ្ឋាភិបាល ក៏ដូចជា អង្គការ​នានា ជួយផ្តល់​ជា​ជំនួយ ដល់​សហគមន៍ ដើម្បី​រួមចំណែក​ធ្វើការ​ទប់ស្កាត់ បទល្មើស​នេសាទ នេះ​បន្តទៀត ។ ការការពារ​ធនធាន​ជលផល ចាប់ពី​កន្ទុយ​កោះត្រែង រហូត ដល់​ព្រំដែន​កម្ពុជា ឡាវ មាន ១៧ សហគមន៍​នេសាទ ដែល​បាន​ជួយ​គាំទ្រ​ពី បរិស្ថាន​អនុរក្ស​ហើយ តែ​ចាប់ពី​ទី​រួម​ខេត្ត ចុះក្រោម ដែល​ទទួល​រ៉ាប់រង ដោយ​រដ្ឋបាល មិនទាន់មាន​ការជួយ​ឧ​ត្ត​ម្ភ ដល់​សហគមន៍ ដូច​នៅ​ផ្នែក​ខាងលើ នៅឡើយ​ទេ​។​

​លោកស្រី ដែន វុ​ល​ដា ប្រធាន​បណ្តាញ​សហគមន៍​នេសាទ ខេត្តស្ទឹងត្រែង បាន​និយាយ​ឱ្យដឹង​ដែរ​ថាៈ បទល្មើស​នេសាទ ត្រូវបានធ្វើ​ការបង្ក្រាប ជា​បន្តបន្ទាប់ ដោយ​សហគមន៍​នានា សហគមន៍​នេសាទ មាន​ភារកិច្ច​អប់រំ​ផ្សព្វផ្សាយ និង​ល្បាត តាម​ដង​ទន្លេ ឬ​ធ្វើការ​បង្ក្រាប បទល្មើស​ជាក់ស្តែង ដោយ​សហការ​ជាមួយ​រដ្ឋ បាល​ជលផល​។ បទល្មើស​នេសាទ ពេលនេះ បើ​ធៀប​ទៅនឹង​ពេលមុន ឃើញ​មានការ​ថយចុះ ដោយសារ​អ្នកនេសាទ បាន​យល់​ពី​ច្បាប់ អ្នកខ្លះ នៅ​បន្ត​របរ​នេសាទ តែ​ធ្វើតាម​ច្បាប់ អ្នកខ្លះ បន្ទាប់ពី​មាន​កិច្ចសន្យា ហើយ​បាន​ប្តូរ​មុខរបរ​។ ទោះជា​យ៉ាងណា បទល្មើស​នេសាទ នៅតែមាន​។ បណ្តាញ​សហគមន៍​នេសាទ ក្នុង​ខេត្តស្ទឹងត្រែង ធ្វើ​សកម្មភាព​បាន​កន្លងមក ដោយសារ​មាន​ជំនួយ ពី​អង្គការ​សេ​ប៉ា ( CEPA )៕/V​.mara