ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបី ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍ ក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត ធ្វើការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ-១៩។ ជាក់ស្តែង គិតត្រឹមថ្ងៃទី៧ មេសានេះ ផ្លូវ ៨ ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលទទួលរងការខូចខាត ក្រោយជំនន់ទឹកភ្លៀង នារដូវវស្សា កន្លងមក ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ ធ្វើការជួលជុល និងអ៊ុតកៅស៊ូ រួចរាល់ ១០០ ភាគរយហើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល និងសម្រួលដល់ការកកស្ទះចរាចរ ផងដែរ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ ចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូ AC ផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីពិនិត្យមើលក្រុមការងារ អនុវត្តការងារ បានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានមានប្រសាសន៍ឱ្យដឹងថាៈ គម្រោងនៃការជួលជុល និងអ៊ុតកៅស៊ូ ដែលទទួលរងការខូចខាត ក្រោយជំនន់ទឹកភ្លៀង នារដូវវស្សា កន្លងមកនេះ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក មានចំនួន ៨ ខ្សែ ហើយក្នុងចំនួននេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួលជុល និងអ៊ុតកៅស៊ូ រួចរាល់ ១០០ ភាគរយហើយ ពោលគឺបង្ហើយត្រឹមផ្លូវលេខ ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ នេះតែម្តង។
គួរបញ្ជាក់ថាៈ គម្រោងនៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវ ដែលទទួលរងការខូចខាត ក្រោយជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមកនេះ នៅរាជធានីភ្នំពេញ មានចំនួន ២៩ ខ្សែ ក្នុងនោះ នៅក្នុងខណ្ឌដូនពេញ មានចំនួន ១៦ ខ្សែ ក្រុមការងារ បានបញ្ចប់ការងាររបស់ខ្លួន ១០០ ភាគរយ ហើយកាលពី ថ្ងៃទី២៧ មីនា ។ ចំណែកនៅខណ្ឌទួលគោក ចំនួន ៨ ខ្សែដែរ ត្រូវបានក្រុមការងារ បញ្ចប់ការងាររបស់ខ្លួន ១០០ ភាគរយដែរ ហើយថ្ងៃទី៧ ខែមេសារនេះ៕/V.mara