Home ព័ត៌មានជាតិ នយោបាយ យឹម ស៊ន ហៅ​ក្...

យឹម ស៊ន ហៅ​ក្រូច​:​ជីវិត​តស៊ូ​ជាមួយ​ខ្មែរក្រហម​

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/ភ្នំពេញៈយិន ស៊ន ហៅ​ក្រូច ភេទ​ប្រុស អាយុ​៧០​ឆ្នាំ សព្វថ្ងៃ​រស់នៅ ​ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ក្រូច បាន​ចែករំលែក​អំពី​បទពិសោធ​ន៍​ជីវិត​របស់គាត់​ដែល​បាន​តស៊ូ​ជាមួយ​ខ្មែរក្រហម​ថា​៖

យឹម ស៊ន ហៅ​ក្រូច អាយុ ៧០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទ័ព​បោះ ឃុំ​ធ្លក​វៀន (​ឃុំ​ពី​សង្គមចាស់​) ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សូ ផល មាន​អាយុ​៦៥​ឆ្នាំ​។ ខ្ញុំ​មានកូន​ស្រី ៤​នាក់ និង​កូនប្រុស ៤​នាក់​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ សូត្រ និង​ម្តាយ​របស់ខ្ញុំ​ឈ្មោះ យាន​។ ឪពុកម្តាយ​របស់ខ្ញុំ បាន​ស្លាប់​អស់​ទៅហើយ​។ ខ្ញុំ​មាន​បងប្អូន​៧​នាក់ ប្រុស ៤​នាក់​និង​ស្រី ៣​នាក់​។ ខ្ញុំ​រៀនសូត្រ​បាន​តិចតួច​ណាស់​។ កាលពី​ក្មេង ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១១ ពី​សង្គមចាស់​។ ខ្ញុំ​បាន​ឈប់រៀន​រយៈពេល​២​ឆ្នាំមុន​ពេលដែល​រដ្ឋប្រហា​រ​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៧០​។ សព្វថ្ងៃនេះ ក្រុមគ្រួសារ​របស់ខ្ញុំ ប្រកបមុខរបរ​ដាំ​ដំណាំ​ដូចជា ពោត អំពៅ និង​ស្រូវ ដើម្បី​ចិញ្ចឹមជីវិត​។

​​.រត់​ចូល​ព្រៃ​ធ្វើ​យោធា​
​បន្ទាប់ពី​រដ្ឋប្រហារ​បា​ន​កើតឡើង​ក្នុង​ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា បាន​ផ្លាស់ប្តូរ​ពី​របប​សង្គមរាស្ត្រនិយម ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ស​ម្តេច​សីហនុ ទៅជា​របប​សាធារណរដ្ឋ​ខ្មែរ ក្រោម​ដឹកនាំ​ដោយ​របស់ លន់ នល់ វិញ​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ មានការ​កេណ្ឌ​យុវជន​ឲ្យ​ចូល​ធ្វើជា​ទាហាន​បម្រើ​ដល់​របប​សាធារណរដ្ឋ​ខ្មែរ​។ ប្រជាជន​មួយចំនួន​នាំគ្នា​ទៅ​បួស​ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ចូលធ្វើ​ទាហាន​។ ប្រជាជន​ខ្លះទៀត បាន​យល់ព្រម​ចូល​ធ្វើជា​ទាហាន និង​ប្រជាជន​មួយចំនួន​ផ្សេងទៀត បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូលរួម​ជាមួយនឹង​រដ្ឋា​ភិ​បាល​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​។
​ក្នុង​ឆ្នាំ​១៩៧១ ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​ព្រៃ​តស៊ូ​ជាមួយនឹង​រដ្ឋាភិបាលរ​ណ​សិរ្ស​រួបរួម​ជាតិ​កម្ពុជា​ប្រឆាំងនឹង​របប លន់ នល់​។ មុនដំបូង ខ្ញុំ​បាន​ចូល​ធ្វើជា​យោធា​ភូមិភាគ​និរតី តំបន់​៣១ ។ នៅពេលនោះ ភូមិភាគ​និរតី ទើបតែ​មានការ​ចាប់ផ្តើម​រៀបចំ​យោធា​បាន​មួយ​ភូមិភាគ មាន​ចំនួន ៣​ក្រុម សម្រាប់ធ្វើ​សកម្មភាព​ប្រយុទ្ធ​តទល់​នឹង​ទាហាន លន់ នល់​។ ភូមិភាគ​និរតី មិនទាន់មាន​កងឈ្លប ឬ​កង​សេនាជន​នៅឡើយ​នោះទេ​។ ក្រោយមក តា​ម៉ុក បាន​ចុះមក​រៀបចំ​យោធា​បន្ថែមទៀត ដោយ​យក​យោធា​ពី​ខេត្តតាកែវ​មក​ខ្លះ និង​ពី​ប​ស្ចឹ​ម​មក​ខ្លះ រួមជាមួយ​នឹង​យោធា​ដែល​យើង​មាន​ស្រាប់ រៀបចំ​បាន​មួយ​អនុ​សេនា​ធំ​។ ក្នុង​មួយ​អនុ​សេនា​ធំ មាន​កងកម្លាំង​យោធា​ចំនួន​ប្រហែល​១០០ នាក់​។

ផ្លូវលំ​នៅក្នុង​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។(​អ៊ូ ឧ​ត្ត​ម​បញ្ញា​វុ​ឌ្ឍ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

ក្នុង​ឆ្នាំ​១៩៧២ យើង​បាន​ប្រមែប្រមូល​យោធា​មកពី​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​រៀបចំ​យោធា​បាន​មួយ​កងវរសេនាធំ ដែលមាន​យោធា​ចំនួន​ប្រហែល ១០០០​នាក់​។ បន្ទាប់មក យើង​បានចាប់ផ្តើម​វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​ទាហាន លន់ នល់​។ ខ្ញុំ​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ម្តុំ​ខេត្តកំពង់ស្ពឺ និង​វាយ​នៅ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ក្នុងពេល​ធ្វើសង្គ្រាម​ដំបូងៗ យើង​ប្រើប្រាស់​កាំភ្លើង​ដែលមាន​ប្រភេទ​គ្រាប់ ១២.៧ ម​.​ម និង​កាំភ្លើង​បានមកពី​ទាហាន លន់ នល់​។ យើង​តែងតែ​គំរាម​ទាហាន លន់ នល់ យក​កាំភ្លើង​សម្រាប់​ទុក​ប្រើប្រាស់​។ បន្ទាប់ពី​យើង​ប្រមូលបាន​កាំភ្លើង​ចាប់ពី​១០​ទៅ​២០​ដើម យើង​បានចាប់ផ្តើម​វាយ​ទីតាំង​ណា​ដែលមាន​ទ្រង់ទ្រាយ​រាង​ធំ​បន្តិច​។ ក្នុងពេល​ប្រយុទ្ធ​គ្នា​ដំបូងៗ ខ្ញុំ​មិនទាន់​ឃើញ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នោះទេ​។ យោធា​ទាំងអស់​ត្រូវ​ប្រយុទ្ធ​ដោយ​ថ្មើរជើង​។ ខ្ញុំ​ធ្លាប់បាន​ត្រូវរបួស​ក្នុងពេល​ប្រយុទ្ធ​គ្នា​ដែរ​។
​ក្រោយមក ភូមិភាគ​និរតី បាន​បង្កើតជា​វរ​សេនា​ធំ​លេខ​១៦ ដែលមាន តា​សឿង គឺជា​ប្រធាន​កងពល​ទី​១​។ ភាពច្របូកច្របល់​និង​អសន្តិសុខ បាន​កើតឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង​។ យើង​ពិបាក​ក្នុងការ​បែងចែក​ណាស់​ថា​តើ​ភាគី​ខ្មែរ​ណា​ដែល​ល្អ ឬ​ភាគី​ខ្មែរ​ណា​ដែល​អាក្រក់​នោះ​។ ប្រជាជន​មួយចំនួន​បាន​ចាក​ចេញទៅ​នៅ​បរទេស ហើយ​ប្រជាជន​ខ្លះទៀត ចេះតែ​ទ្រាំ​រស់​ប្រឈមមុខ​នឹង​បញ្ហា​ដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ​នៅតាម​តំបន់​ដែល​ខ្លួន​រស់នៅ​។

នៅពេលដែល​ខ្ញុំ​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំងនឹង​របប លន់ នល់ ខ្ញុំ​បាន​គ្រប់គ្រង​កងអនុសេនាតូច ដែលមាន​យោធា​ចំនួន ៣៦​នាក់​។ នៅពេលនោះ ខ្មែរក្រហម បានទទួល​ការជួយ​ច្បាំង​ពី​កងទ័ព​វៀតណាម ថែមទាំង​ទទួលបាន​ជំនួយ​សព្វាវុធ​ពី​ប្រទេស​ចិន​តាមរយៈ​កងទ័ព​វៀតណាម​ដែរ​។ ខ្ញុំ​ធ្លាប់​បានធ្វើការ​ជាមួយនឹង​កងទ័ព​វៀតណាម​បាន​រយៈពេល​ប្រហែល​ជិត​១​ឆ្នាំ​។
​ក្នុង​ឆ្នាំ​១៩៧៣ ខ្មែរក្រហម បាន​បណ្តេញ​កងទ័ព​វៀតណាម​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។ បន្ទាប់មក កងកម្លាំង​ចលនា​ស្នេហា​ជាតិ​ក៏បាន​ចាប់ផ្តើម​ផុស​ឡើង​។ ខ្មែរក្រហម បានទទួល​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន​ជាច្រើន ដូច្នេះ​យើង​អាច​បង្កើតជា​កងពលធំៗ​បាន​។

​ក្រុម​របស់ខ្ញុំ បាន​វាយ​ចូលទៅក្នុង​ទីក្រុង​ភ្នំពេញ​ម្តុំ​ពោធិ៍ចិនតុង នៅ​ម៉ោង​ប្រហែល​៧​ព្រឹក ដោយ​ចាប់ផ្តើម​បោសសម្អាត​ទាហាន លន់ នល់ នៅ​ទីនោះ​។ ខ្ញុំ​បាន​ដើរ​ប្រមូល​ទាហាន លន់ នល់ ទុក​មួយកន្លែង​។ បន្ទាប់មក ខ្ញុំ​ក៏​ចាប់ផ្តើម​វាយ​បន្ទាយ​នៅ​ម្តុំ​ពោធិ៍ចិនតុង​។ បន្ទាប់ពី​វាយ​បន្ទាយ​បាន​ហើយ ខ្ញុំ​បានចាប់ផ្តើម​ដក​កម្លាំង​ទាហាន​តាម​បន្ទាយ​និង​ដកយក​វិទ្យុទាក់ទង​។ ខ្ញុំ​បាន​ចូលទៅក្នុង​បន្ទាយ​ទាហាន រួច​យក​ឧបករណ៍​ស្រែក​ឲ្យ​ទាហាន ដែល​នៅ​ខាងក្នុង​បន្ទាយ​លើក​ទង់​ស​ឡើង រួច​ប្រមូល​កាំភ្លើង​ទុក​មួយកន្លែង​។ បន្ទាប់មក ក្រុម​យោធា​របស់ខ្ញុំ បាន​ចូល​ដក​កាំភ្លើង​ទុក និង នាំយក​ទាហាន​ទាំងអស់នោះ​ចេញពី​បន្ទាយ​ទាំងអស់​ឲ្យ​ដើរ​ជា​ជួរៗ​និង​លើកដៃ​ឡើង​។ ទាហាន លន់ នល់ ទាំងអស់​ត្រូវ​នាំ​ចេញទៅ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​យោធា​ខ្មែរក្រហម បាន​នាំ​ទាហាន​ទាំងអស់នោះ យកទៅ​ទីណា​នោះទេ​។ ខ្ញុំ​និង​ក្រុម​របស់ខ្ញុំ គឺ​គ្រាន់តែ​ជា​អ្នក​បញ្ចេញ​ទាហាន​ចេញពី​ទីតាំង​ឲ្យ​អស់ រួចមក​មាន​ក្រុម​យោធា​ខ្មែរក្រហម​ផ្សេងទៀត នាំយក​ទាហាន លន់ នល់​ចេញទៅ​។ នៅពេលនោះ កិច្ចការ​របស់ខ្ញុំ គឺ​ត្រូវ​រៀបចំ ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់ពី​រយៈពេល​ពីរ​ថ្ងៃក្រោយ​ពេលដែល​ក្រុម​របស់ខ្ញុំ​បាន​ប្រមូល​ទាហាន​ចេញ​អស់ យើង​ក៏បាន​ឲ្យ​ប្រជាជន​ចាកចេញ​ជា​បន្តបន្ទាប់​។


ស្ទឹង​នៅក្នុង​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។(​អ៊ូ ឧ​ត្ត​ម​បញ្ញា​វុ​ឌ្ឍ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​អំណាច​
​បន្ទាប់ពី​ខ្ញុំ​បាន​ចូល​បោសសម្អាត​ទីក្រុង​ភ្នំពេញ​រួចរាល់ ហើយ​ប្រជាជន​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​អស់ ខ្ញុំ​បាន​ត្រឡប់មក​រៀបចំ​កងក​ម្លាំ​ង​នៅឯ​កំបូល​។ ខ្ញុំ​ឈរជើង​នៅ​ម្តុំ​កំបូល ដែលជា​ទីតាំង​បន្ទាយ​ទាហាន​។ ខ្ញុំ​រស់នៅ​ឯកំ​បូល​បាន​កន្លះ​ខែ អង្គភាព​បាន​ឲ្យ​ក្រុម​យោធា​របស់ខ្ញុំ​ទៅធ្វើ​ផ្លូវជាតិ​លេខ​៣​ឡើងវិញ​។ យើង​បាននាំគ្នា​កសាង​ផ្លូវ ដែល​យើង​បានធ្វើ​ឲ្យ​ខូចខាត​នៅពេល​ប្រយុទ្ធ​គ្នា​នោះ​រហូតដល់​រួចរាល់​។ ក្រោយមក ក្រុម​របស់ខ្ញុំ​បាន​ទៅ​បន្តធ្វើ​ផ្លូវ​រថភ្លើង​នៅឯ​ផ្សារ​ត្រាច​បន្តទៀត​។ ក្រោយ​សាងសង់​ផ្លូវ​រថភ្លើង​រួច​អស់ ខ្ញុំ​បាន​ត្រឡប់មក​បន្ទាយ​នៅឯ​កំបូល​វិញ​។ ខ្ញុំ​មក​រស់នៅ កំបូល បាន​រយៈពេល​ប្រហែលជា​១​ខែ អង្គភាព​របស់ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​ស្រែអំបិល​។
​ក្នុង​ខែកញ្ញា ឆ្នាំ​១៩៧៥ ខ្ញុំ​មកឈរ​ជើង​នៅ​ម្តុំ​ថ្នល់​បែក​គូស ស្រែ​ចាម និង​ស្រែអំបិល​។ ប្រធាន​កងពល​របស់​ខ្ញុំ​ឈ្មោះ បង​ឡូញ​។ បង​ឡូញ គឺជា​គណៈ​តំបន់​នៅ​ស្រែអំបិល ចំណែក​ខ្ញុំ​ធ្វើការ​នៅក្នុង​ឃុំ​។ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ចូល​ឲ្យ​មក​ដើម្បី​ពង្រឹង​នៅ​ស្រែអំបិល ដែល​កំពុងតែ​កើតមាន​បញ្ហា​ផ្ទៃក្នុង​ខ្លះៗ​។ នៅពេលដែល​ខ្ញុំ​ធ្វើជា​មេឃុំ​នៅ​ស្រែអំបិល ប្រជាជន​មិនមាន​ការហូបចុក​ខ្វះខាត និង​ជួប​ការលំបាក​នោះទេ​។ នៅទីនេះ ទើបតែ​មានការ​រៀបចំ​ជា​សហករណ៍ ហើយ​ការហូបចុក​នៅ​គ្រប់គ្រាន់​នៅឡើយ​។ ជារឿយៗ​នៅ​ស្រែអំបិល មាន​ក្រុម​ខ្មែរ​សមក​អុកឡុក​សុំ​អង្ករ​ប្រជាជន​នៅពេល​យប់​។ ខ្ញុំ​ធ្លាប់​ទទួលបាន​ការអនុញ្ញាត​ពី​អង្គការ​ឲ្យ​ទៅលេង​ស្រុកកំណើត​ម្តង​។ នៅពេលដែល​ខ្ញុំ​បើកឡាន​មកដល់​ផ្ទះ ខាង​សហករណ៍​នៅឯ​ស្រុកកំណើត​របស់ខ្ញុំ បាន​យក​សាច់គោ​ឲ្យ​ខ្ញុំ​ហូប​គគ្រឹកគគ្រេង​ណាស់​។ ខ្ញុំ​ទៅលេង​ស្រុកកំណើត​របស់ខ្ញុំ​ជាមួយនឹង​អង្គរក្ស​ពីរ​នាក់​ទៀត​របស់ខ្ញុំ ដោយ​ជិះឡាន​ហ្ស៊ី​ប​របស់​អាមេរិក​។ បងប្អូន​របស់ខ្ញុំ​នៅក្នុង​ជំនាន់​នោះ ចូល​ធ្វើជា​យោធា​ចំនួន​៣​នាក់ និង​បងប្អូន​របស់ខ្ញុំ​ផ្សេងទៀត​រស់នៅក្នុង​សហករណ៍​។ ខ្ញុំ​ធ្វើការ​នៅ​ស្រែអំបិល​បានត្រឹមតែ​រយៈពេល​ពីរ​ខែ​តែប៉ុណ្ណោះ​។ បន្ទាប់មក អង្គភាព​របស់ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ទៅ​រស់​នៅឯ​កំពង់​សោម​។​

ការងារ​គ្រប់គ្រង​កប៉ាល់​នេសាទ​នៅ​កំពង់សោម​
​ខ្ញុំ​បាន​ទៅដល់​កំពង់សោម​ក្នុង​ឆ្នាំ​១៩៧៥​។ ពេលនោះ ខ្ញុំ​មិនទាន់មាន​ប្រពន្ធ​ទេ​។ បង​ឡូញ បាន​ចេញពី​គណៈ​តំបន់ ហើយ​យក​ខ្ញុំ​ទៅ​កំពង់សោម​ជាមួយនឹង​គាត់​។ បង​ឡូញ គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​រដ្ឋ​នៅ​កំពង់សោម​។ គាត់​ទៅ​ទទួលខុសត្រូវ​រួម​ខាង​ពាណិជ្ជកម្ម​រដ្ឋ​ជាមួយនឹង មាស មុត​។ ចំណែក​ខ្ញុំ​ធ្វើការ​នៅ​ខាង​ផ្នែក​នេសាទ​រដ្ឋ​។ អង្គភាព​របស់ខ្ញុំ បាន​ឲ្យ​ខ្ញុំ​គ្រប់គ្រង​កប៉ាល់​នេសាទ ដែលមាន​ប្រជាជន​ប្រហែលជា​២៥០​នាក់ នៅក្នុង​កង​នេសាទ ក្នុងនោះ​មាន​មនុស្ស​ស្រី​ប្រហែល​៣០​នាក់ ជួយ​ធ្វើ​ការងារ​ខាង​ប្រឡាក់​ត្រីងៀត​។​
នៅពេលនោះ ចិន​បានផ្តល់​ជំនួយ​កប៉ាល់​ចំនួន​១២ គ្រឿង មក​ឲ្យ​ខ្មែរក្រហម​។ ចិន​បានមក​បង្រៀន​យើង​ពី​របៀប​បើកកប៉ាល់​អស់​រយៈពេល​ប្រហែល​១​ឆ្នាំ​ដែរ​។ កប៉ាល់​នោះ​ធំៗ​ណាស់​និង​មាន​ចំណុះ​រាប់​តោន​។ កប៉ាល់​ទាំងអស់​គឺ យកមក​សម្រាប់​ចុះ​នេសាទ​ត្រី​នៅក្នុង​សមុទ្រ​។ កប៉ាល់​នីមួយៗ ត្រូវ​ចេញទៅ​នេសាទ ហើយ​រយៈពេល​ប្រហែល​៣​ខែ​ទើប​ត្រឡប់មក​ផែ​វិញ​ម្តង​។ ប៉ុន្តែ​ក៏មាន​កប៉ាល់​ខ្លះ​បាន​ត្រឡប់មក​ផែ មុន​ដែរ ព្រោះតែ​រកត្រី​បាន​គ្រប់​ចំនួន​មុនពេល​កំណត់​។ ត្រី​និង​គ្រឿង​សមុទ្រ​ទាំងអស់​ដែល​រកបាន គឺ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​និង​ប្រទេស​សាំង​ហ្គា​ពួ ហើយ​បរិមាណ​ត្រី​ដែល​លក់​ចេញ​ម្តងៗ​មាន​ចំនួន​រាប់ម៉ឺន​តោន​។ ក្រៅពី​នាំចេញ​ត្រី​ស្រស់ ក៏មាន​នាំចេញ​ទឹកត្រី ត្រីងៀត មឹក បង្គា ក្នុង​ចំនួន​យ៉ាងច្រើន​ដែរ​។ កប៉ាល់​មកពី​ប្រទេស​ថៃ​និង​ប្រទេស​សាំង​ហ្គា​ពួ បាន​បើក​ចូលមក​យក​ត្រី​នៅ​ម្តុំ​កោះ​ស្តេច​ដែល​ស្ថិតក្នុង​ខេត្តកោះកុង​។ ទន្ទឹមគ្នា​នោះដែរ យើង​បាន​នាំ​ទំនិញ​មួយចំនួន​ចូលមក​ប្រើប្រាស់​រួមមាន ខ្សែភ្លើង ចប ម៉ូ​ទ័​រ គោយន្ត និង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។ ខ្ញុំ​ធ្វើការ​នេសាទ​ត្រី​នៅឯ​កំពង់សោម​រហូតដល់​កងទ័ព​វៀតណាម​វាយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។​
នៅពេលដែល​កងទ័ព​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ចាក​ចេញពី​កំពង់សោម ហើយ​បាន​ឡើងមក​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​។ ក្នុងពេលនោះ ប៉ុល ពត បាន​ឲ្យ​ខ្ញុំ​បើកកប៉ាល់​ចាក​ចេញទៅ​ប្រទេស​ចិន ប៉ុន្តែ​ខ្ញុំ​មិន​ទៅ​ទេ​។

នៅក្នុង​ឆ្នាំ​១៩៧៩​ដដែល ខ្ញុំ​បាន​ជិះ​កប៉ាល់​មក​កម្ទេចចោល​នៅ​ដងទង់​។ បន្ទាប់មក ខ្ញុំ​បានរៀបចំ​ដេរ​ទៃ​ដើម្បី​ច្រកអង្ករ​ជាមួយនឹង​យោធា​មួយចំនួនទៀត​។ យើង​ក៏បាន​ច្រក​គ្រាប់រំសេវ និង​បើក​កាំភ្លើង​ធំ​មក​ច្បាំង​ជាមួយនឹង​កងទ័ព​វៀតណាម​នៅ​ខេត្តកំពង់ស្ពឺ​។ យើង​បាន​ច្បាំង​គ្នា​ជាមួយនឹង​កងទ័ព​វៀតណាម​ខ្លាំងណាស់ ច្បាំង​ទាំងយប់​ទាំង​ថ្ងៃ​មិនឃើញ​ឈ្នះ​ចាញ់​រហូត​ទាល់តែ​អស់​គ្រាប់​បាញ់ បាន​យើង​នាំគ្នា​រត់ឡើង​ទៅលើ​ភ្នំ​។ ក្រោយមក យោធា​ខ្មែរក្រហម​មួយចំនួន បាននាំគ្នា​រត់​ភៀសខ្លួន​ចូលទៅ​ស្នាក់អាស្រ័យ​លើទឹក​ដី​ថៃ ប៉ុន្តែ​ខ្ញុំ​នៅ​បន្ត​រស់នៅក្នុង​ទឹកដី​របស់​យើង​។​

នៅតែ​តស៊ូ​ដើម្បី​ការពារ​ខ្លួន​
​រហូតដល់​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​ភ្ជាប់​ខ្សែរយៈ​ជាមួយ​យោធា​ខ្មែរក្រហម​វិញ​។ ខ្មែរក្រហម​បាន​ដើរ​ប្រមូល​គ្នីគ្នា​នៅតាម​ភូមិ​។ ពេលនោះ យោធា​ខ្មែរក្រហម​ម្នាក់ៗ​មាន​រូបរាង​ស្គម​ស្លេកស្លាំង ព្រោះតែ​ខ្វះខាត​អាហារ​។ យើង​ចេះតែ​ដើរ​ជីក​មើម​ក្តួច មើមដំឡូង យកមក​ស្ងោរ​ហូប​ដោយ​គ្មាន​អំបិល​ស្ករ​អ្វី​សម្រាប់​បន្ថែម​ឲ្យ​មាន​រស​ជាត​នោះទេ​។ យើង​គ្មាន​កន្លែង​ស្នាក់អាស្រ័យ​ឡើយ​។ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ម្តងៗ យើង​នាំគ្នារ​ត់ទៅ​នៅក្រោម​ផ្ទាំង​ថ្មដា​ធំៗ​ដើម្បី​ជ្រក​ភ្លៀង​។ ពេលនោះ គឺជា​ពេលវេលា​មួយ​ដែល​ខ្ញុំ​ពិបាក​បំផុត​។ ខ្ញុំ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ ខ្វះ​ជីវជាតិ ហើយ​នៅពេលដែល​ខ្ញុំ​ក្រោក​ដើរ គឺ​តែងតែ​វិលមុខរ​កដួល​។ ចំណែកឯ កាំភ្លើង​របស់​យើង​ក៏​អស់​គ្រាប់ សូម្បីតែ​សត្វ​ក៏​យើង​គ្មាន​ឧបករណ៍​អ្វី​សម្រាប់​បាញ់​យកមក​ហូប​ដែរ​។ យើង​នាំគ្នា​ជីក​ត្រាវ​ស្ងោរ​ហូប​នៅក្នុង​ឆ្នាំង​ដែល​កងទ័ព​វៀតណាម​ជាន់​បោះចោល​នៅក្នុង​ព្រៃ​ដើម្បី​ចម្អែត​ក្រពះ​។​
​នៅក្នុង​ឆ្នាំ​១៩៨១ យើង​បានរៀបចំ​សកម្មភាព​សារ​ឡើងវិញ​។ ខ្ញុំ​ចូលទៅ​នៅ​ជាមួយ​កង​តា​រ៉ែ​ន នៅ​គណៈ​ច្រក​។ មុនដំបូង​ខ្ញុំ​នៅជាប់​ជាមួយ​តា​រ៉ែ​ន ប៉ុន្តែ​ក្រោយមក នៅពេល​ដែលមាន​ការរៀប​ចំ​កងពល​១៨ ដែល​គ្រប់គ្រង​ដោយ កែវ ពង្ស ខ្ញុំ​បាន​ទៅ​ប្រយុទ្ធ​នៅឯ​ខេត្តកំពង់ស្ពឺ​វិញ​។ ខ្ញុំ​ទៅ​ឈរជើង​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកំពង់ឆ្នាំង​។ ក្រៅពីនោះ ខ្ញុំ​ក៏បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​ឡើង​ចុះទៅ​ប្រទេស​ថៃ ហើយ​រាល់ពេល​ធ្វើដំណើរ​ម្តងៗ យើង​តែងតែ​ប៉ះទង្គិច​ជាមួយនឹង​កងទ័ព​វៀតណាម​។ យើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​រួចហើយ ក៏​បន្តដំណើរ​ទៅមុខទៀត ចំណែកឯ​យោធា​ណា​ត្រូវរបួស ត្រូវ​សែង​ត្រឡប់​ទៅក្រោយ​វិញ​។ តាម​អ្វីដែល​ខ្ញុំ​ដឹង កងទ័ព​វៀតណាម​មាន​គ្រោះថ្នាក់​ច្រើនណាស់ ព្រោះ​វៀតណាម​បាន​យក​សិស្សសាលា​មក​វាយ​ដោយ​មិនទាន់​ចេះ​ពី​របៀប​កាន់​កាំភ្លើង​ផង​។ ខ្ញុំ​ឃើញ​មាន​កងទ័ព​វៀតណាម​ស្លាប់​ជាច្រើន និង​ស្រែកយំ​ពាសពេញ​ព្រៃ ហើយ​ក៏មាន​កងទ័ព​វៀតណាម​មួយចំនួនទៀត​វង្វេងព្រៃ​អត់បាយ​អត់​ទឹក​។ កងទ័ព​វៀតណាម ដែល​ស្លាប់​ច្រើនជាងគេ​គឺ​នៅ​ម្តុំ​អន្លង់​រាប​។
​កងទ័ព​វៀតណាម​បាន​ដកទ័ព​ឈប់​បាញ់​មុនពេល​ដែលមាន​ការបង្កើត​អនុសញ្ញា​ទីក្រុង​ប៉ារីស​នៅក្នុង​ឆ្នាំ​១៩៩១​។ ក្នុង​ឆ្នាំ​១៩៩២ អ៊ុនតាក់ បាន​ចូល​មកដល់​ម្តុំ​តា​សាញ​។ នៅពេលនោះ ប្រពន្ធ​របស់ខ្ញុំ​ឈឺ​ធ្ងន់​ណាស់ ហើយ​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​ពេទ្យ​អ៊ុនតាក់​ទើបបាន​រស់នៅ​រហូតដល់​សព្វថ្ងៃនេះ​។ ថ្វី​ត្បិត​ពេលនោះ មាន​វត្តមាន​អ៊ុនតាក់ ក៏ដោយ ប៉ុន្តែ​ភាគី​ខ្មែរក្រហម​នៅ​មិនទាន់​បោះបង់​នៅឡើយ​ទេ​។ ខ្ញុំ​បាន​ឡើងមក​ពី​ថៃ​រួច​បោះជំរំ​នៅ​ម្តុំ​អូរ​តា​ទៀក រៀបចំ​ប្រព័ន្ធ​យោធា​ឡើងវិញ​ដើម្បី​ការពារ​ខ្លួន​។ យើង​នៅតែ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​។
​ចុងក្រោយ ខ្ញុំ​បានសម្រេច​ចិត្ត​ត្រឡប់មក​រស់នៅ​ភូមិ​ក្រពើ​ពីរ​ជាមួយនឹង​ក្រុម​យោធា​ខ្មែរក្រហម​របស់ខ្ញុំ​។ ក្រុម​របស់ខ្ញុំ គឺ​សុទ្ធតែជា​កងកម្លាំង​ផ្តាច់ខ្លួន​មក​ធ្វើជា​យោធា​ខ្មែរក្រហម ហើយ​បាន​បែក​ចេញពី​ឪពុកម្តាយ​តាំងពី​អាយុ​១៨​ឬ​១៩​ឆ្នាំ​មកម្ល៉េះ​។ យើង​បាន​បែក​ចេញពី​សាច់ញាតិ​ជា​យូរណាស់​មកហើយ ដូច្នេះ​យើង​គ្មាន​សង្ឃឹមថានឹង​អាច​ទទួលបាន​ដីធ្លី​សម្រាប់​រស់​នៅឯ​ស្រុកកំណើត​វិញ​នោះទេ​។ ដូច្នេះ ក្រុម​របស់ខ្ញុំ បាន​រួបរួមគ្នា​ចាប់យក​ដីធ្លី​នៅឯ​តំបន់​ក្រពើ​ពីរ​រស់នៅ​រហូតដល់​ស​ព្វ​ថ្ងៃនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular