​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​៧ ខែមេសា​នេះ បាន​ជូនដំណឹង​ថា បន្ទាប់ពី​ជួសជុល​ផ្នែក​ខ្លះ​នៃ​ស្ពាន​ព្រះមុនីវង្ស​ចាស់​រួចមក ក្រុមការងារ​នឹង​បន្ត​ការជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញរួច​អ៊ុត​កៅស៊ូ​ថ្មី​ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ​ចរាចរណ៍​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជា​បណ្តោះអាសន្ន រយៈពេល​៣​ថ្ងៃ ចាប់ពី​ម៉ោង ៨ ព្រឹក​ថ្ងៃទី​០៨-១០ ខែមេសា​។ ដូច្នេះ​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ត្រូវ​ពង្វាង​ចរាចរ​មក​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដែល​ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ​នឹងដាក់​ឱ្យធ្វើ​ចរាចរណ៍​ទាំងពីរ​ទិស​ជា​បណ្តោះអាសន្ន​។​

​កន្លងមក​ការជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​ឆ្លងកាត់​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៧ ខែមករា ដែល​រហូតមក​ដល់ពេលនេះ បានបញ្ចប់​ការជួសជុល​កម្រាល​ថ្មើរជើង បង្កាន់ដៃស្ពាន និង​កំពុង​រៀបចំ​ផ្លាស់ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាស់​ចេញ ដោយ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ថ្មី​ជំនួស​វិញ​។​

​ចំពោះមុខ​នេះ ក្រុមការងារ​នឹង​បន្ត​ការជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញ រួច​អ៊ុត​កៅស៊ូ​ថ្មី ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ​ចរាចរណ៍​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជា​បណ្តោះអាសន្ន រយៈពេល​៣​ថ្ងៃ ចាប់ពី​ម៉ោង ៨ ព្រឹក​ថ្ងៃទី​៨ ខែមេសា ដល់​ថ្ងៃទី​១០ ខែមេសា​។ ផុត​រយៈ​ពេលនេះ នឹង​បើក​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជាធម្មតា​ឡើងវិញ​។​

​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ត្រូវ​ពង្វាង​ចរាចរ​មក​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដែល​ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ​នឹងដាក់​ឱ្យធ្វើ​ចរាចរណ៍​ទាំងពីរ​ទិស​ជា​បណ្តោះអាសន្ន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ​ទៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន​ខាងលើ​៕​