ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​អតីតយុទ្ធជន​កម្ពុ​ជាជាង​៨​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស ត្រូវបាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​៧ ខែមេសា នេះហើយ​។ ក្រោយពី​នគរបាល កងទ័ព និង​មន្ត្រីរាជការ នៅតាម​បណ្តា​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ជាច្រើន​ត្រូវបាន​ចាក់​ថ្នាំ​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩​ជា​បន្តបន្ទាប់​រួចហើយ​ផងដែរ​។

​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​សមាជិក​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ចំនួន​៧៥៨​នាក់ ត្រូវបាន អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩(​ស៊ី​ណូ​វ៉ា​ក់​) ក្រោម​ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់​លើក ដំបូង​ជូន​សមាជិក​អតីត​យុទ្ធ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ប្រធាន​សមាគម​អ​តី​យុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ បាន​បញ្ជាក់ថា​ថ្នាំ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់​គោលដៅ​ខេត្ត​នានា ដើម្បី​ការចាក់​លើ​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​ដែល​រស់នៅ​ទីនោះ​។ កម្ពុជា​បច្ចុប្បន្ន មាន​អតីតយុទ្ធជន​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ ដែល​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ គឺមាន​ចំនួន​ជាង​៨​ពាន់​នាក់​ដែល​នឹងត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​។ កម្ពុជា បាន​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​និង​ស៊ី​ណូ​ហ្វា​ម ក្នុងការ​ចាក់​លើក​ងក​ម្លាំ​ង​ប្រដាប់អាវុធ​និង​ក្រុម​អតីតយុទ្ធជន កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​ទៀតថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ជូន​អតីតយុទ្ធជន​ដោយបាន​ការគិតគូ​រយ​ក​ចិត្ត​ទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​សុខភាព​សុវត្ថិភាព​អតីតយុទ្ធជន នៅក្នុង​តំណាក់កាល ប្រទេស​កម្ពុជា​និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ បាន​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ។​

​នៅពេលដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា សមាជិក​អតីត​យុទ្ធ​កម្ពុជា រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​សំដែង​ចេញ​នូវ​ភាព​រីករាយ និង​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ បាន​យកចិត្ត ពី​សុខទុក្ខ​ចំពោះ​អតីតយុទ្ធជន នៅ​គ្រប់​កាលៈទេសៈ​។​

​សូមបញ្ជាក់ថា​កម្ពុជា ចាប់ផ្តើម​បើក​យុទ្ធនាការ​លើកដំបូង ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ជូន​ដល់​មន្ត្រី រាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និង​គ្រូពេទ្យ ហើយ​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំ​ក៏ត្រូវ​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​គ្រា​ដែល រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ក្រុង​មួយចំនួន កំពុងតែ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​។ កម្ពុជា ប្រើប្រាស់​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នូវ​វ៉ាក់សាំង​ចំនួន​០៣​ប្រភេទ គឺ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម វ៉ាក់សាំង អា​ស្ត្រា​សេនី​កា និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​។ កម្ពុជា​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​ឱ្យបាន​១០​លាន​នាក់​៕​