ដោយ: គង់ហេង / កំពង់ចាម: សាកសពទាហានរបស់របប លន់ ណុល ដែលបានស្លាប់ ដោយសារការបាញ់ពន្លិច នាវាចម្បាំង នៅក្នុងទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ពីសំណាក់ទាហានខ្មែរ កំឡុងឆ្នាំ១៩៧០-១៩៧៥ នោះ គឺអាចមានពីចំនួន ៥ ទៅ ៨ នាក់ ដោយបច្ចុប្បន្ន មានសាច់ញាតិ មកទំនាក់ទំនង ដើម្បីទទួលយកធាតុ ជាបណ្តើរៗ ហើយ។
នេះបើតាមការថ្លែងឱ្យដឹងពីលោក ឧត្តមសេនីយ៍ ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹក ក្នុងពិធីស្រង់នាវា និងបិទបញ្ចប់ការដ្ឋានទី១ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានការអញ្ជើញ ចូលរួមពីលោក នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ អន្តរក្រសួង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជាថ្នាក់ដឹកនាំ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ៧ មេសានេះ។
លោកមេបញ្ជាការ កងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅក្រោមទឹក បានថ្លែងថាៈ ប្រតិបត្តិការស្រាវជ្រាវរុករក រហូតស្រង់នាវាមួយគ្រឿងនេះ មកដាក់សាឡង់ ថ្ងៃនេះ យើងបានចំណាយរយៈពេល ៦ខែ។ ជាសរុបនៃការស្រង់ ក្រៅពីតួនាវា ដែលលិចក្នុងទឹក ជម្រៅប្រហែល ២៧ ម៉ែត្រ និងកប់ក្នុងខ្សាច់ ជម្រៅប្រមាណ ១០ ម៉ែត្របន្ថែមទៀតនោះ គឺស្រង់បានគ្រាប់យុទ្ធភណ្ឌ សរុបជាង ១៦ តោន។ ក្នុងនោះ គ្រាប់ផុយមិនទាន់ផ្ទុះ ត្រូវបានដុតកម្ទេចចោល ប្រហែល ១០ ភាគរយ និងនៅសល់ ៩០ ភាគរយផ្សេងទៀត បានធ្វើការពុះជ្រៀក ដោះបន្សាប យកទៅរក្សាទុកក្នុងសារមន្ទីរ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថាៈ ក្នុងនោះយើងបានរកឃើញ លលាដ៍ក្បាលមនុស្ស ចំនួន មួយ ឆ្អឹងបំណែកសាកសព ជាច្រើន ព្រមទាំងសម្ភារ ប្រើប្រាស់ របស់សាកសពមួយចំនួន។ ពិសេសតាមការប៉ាន់ស្មាន អាចមានមនុស្ស ជាទាហានសម័យសង្គ្រាម លន់ ណុល ស្លាប់ក្នុងនាវាមួយគ្រឿងនេះ ពី ប្រាំ ទៅ ប្រាំបី នាក់ ហើយបច្ចុប្បន្ន មានសាច់ញាតិ នៃសព បានមកទំនាក់ទំនង ទទួលយកធាតុជាបណ្តើរៗហើយ។ ប៉ុន្តែខាងយើង មិនអាចកំណត់ជាឆ្អឹងសព អ្នកណា ជាណាបានទេ។
លោកបានបន្ថែមថាៈ ជុំវិញបញ្ហាប្រតិបត្តិការស្រាវជ្រាវ រុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹកនេះ យើងបានកំណត់ ក្នុងផែនការចំនួន បួន ទីតាំងបន្ថែមទៀត ក្នុងទន្លេមេគង្គនេះ។ ដោយការដ្ឋានទី២ បាននិងកំពុងបន្ត គឺនៅស្រុកល្វាឯម ខេត្តកណ្តាល និងនៅចំនួន បី ការដ្ឋានទៀត គ្រោងនឹងបើកការដ្ឋាន បន្តបន្ទាប់ទៀត ដែលប្រតិបត្តិការនេះ នឹងបញ្ចប់រយ:ពេលចំនួន ១២ ខែ៕/V