អគ្គលេខា​ជនពិកា​រៈ កំពុង​ស្វែងរក​ការប្រើ​ពាក្យ​ថា​ជន​មាន​ពិការភាព​ជំនួស​ពាក្យ​ថា​ជនពិការ​

1701
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក​ឯម ច័ន្ទ​មករា ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​លើកឡើងថា ” អគ្គលេខា​ធិ​ក​រដ្ឋា​ន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង អ្នកពាក់ព័ន្ធ​ដែល​ធ្វើការ​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា បាន និង កំពុង​ស្វែងរក​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដើម្បី ប្រកាស​ជា​ផ្លូវការ​ឱ្យប្រើ​ប្រាស់​នូវ​ពាក្យ​ថា ជន​មាន​ពិការភាព ជំនួស​ពាក្យ​ថា ជនពិការ ដែល​សង្គម​ខ្មែរ បាននិងកំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន និង កន្លងមកនេះ ដោយហេតុថា រដ្ឋ​ហត្ថលេខី​របស់​អង្គការសហប្រជាជាតិ បាន​ផ្លាស់ប្តូរ​ពាក្យ​ទាំង ២ ខាងលើនេះ​រួចហើយ ព្រោះ​ការប្រើ​ពាក្យ​ថា ជនពិការ ជា​ពាក្យ​បង្កប់​អត្ថន័យ​មិន​លើកទឹកចិត្ត និង ជាការ​រើសអើង​ទៀតផង ” ។

​លោក ឯម ច័ន្ទ​មករា ពន្យល់​អំពី​ភាព​ផ្សេងគ្នា នៃ ពាក្យ​ថា ” ជនពិការ ” និង ” ជន​មាន​ពិការភាព ” ថា ជន​ដែលមាន​ពិការភាព បានសេចក្តីថា មនុស្ស​ទាំងនោះ មាន​សមត្ថភាព​ភាព ចំណេះដឹង និង ជំនាញ​ដូច​មនុស្ស​ទូទៅ​ដែរ គ្រាន់តែ​គាត់​មាន​ពិការភាព​ផ្នែក​ណាមួយ ឬ ផ្នែក​ណាខ្លះ ។ ឧបមា​ថា មនុស្ស​ម្នាក់​ខ្សោយ​ផ្នែក​គំហើញ ទើប​គាត់​ត្រូវ​ពាក់​វ៉ែនតា ប្រសិនបើ​មិន​ពាក់​វ៉ែនតា ទេ គាត់​អាច​មើល​អក្សរ ឬ មនុស្ស​មិនបាន​ច្បាស់​ជាដើម ។ បែបនេះ ហៅថា ” ជន​មាន​ពិការភាព ” ។ តាមពិតទៅ គាត់​មាន​សមត្ថភាព ចំណេះដឹង និង ជំនាញ​ដូចជា​អ្នកដទៃ​ដែរ គ្រាន់តែ​គាត់​ខ្សោយ​គំហើញ ឬ ផ្នែក​ណាមួយ​ប៉ុណ្ណោះ ។ ប្រសិនបើ​ប្រើពាក្យ​ថា ” ជនពិការ ” នោះ​ហាក់ដូច​ជាង​បង្កប់​អត្ថន័យ​ថា ” គាត់​មិនមាន​សមត្ថភាព​ដូច​មនុស្ស​ដទៃ​ឡើយ ។​

​លោក ឯម ច័ន្ទ​មករា ពន្យល់​បន្ថែមថា ការប្រើ​ពាក្យ​ថា ” ជន​មាន​ពិការភាព ” នេះ ក៏​គឺជា​ការលើកទឹកចិត្ត​ផង ធ្វើឱ្យ​ជនពិការ​មានតម្លៃ​មួយកម្រិត​ទៀតផង ហើយ​ជាការ​បង្ហាញថា គ្មាន​ការរើសអើង​ចំពោះ​ជនពិការ​នៅក្នុង​សង្គម​ខ្មែរ​ផងដែរ ។
​សូមជម្រាបថា កម្ពុជា គឺជា​រដ្ឋ​ភាគី ១ នៃ រដ្ឋ​លេ​ខី​របស់​អង្គ​សហ​ប្រជ​ជាតិ​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ។ ដូច្នេះ​ការផ្លាស់ប្តូរ​ពាក្យ​ពី ជនពិការ ទៅជា​ជន​មាន​ពិការភាព គឺជា​កាតព្វកិច្ច​ផង ជា​រឿង​គួរ​ធ្វើ​ផង ។

​ទោះ​មិនទាន់មាន​ការឆ្លើយតប​ជា​ផ្លូវការ​ក្តី កី​ត្រូវបាន​គេ​ជឿជាក់ថា ពាក្យ​ថា ជន​មាន​ពិការភាព នេះ​នឹង​អាចដាក់​ឱ្យប្រើ​ប្រាស់​ជំនួស​ពាក្យ​ថា ជនពិការ ក្នុងពេល​មិនយូរ​ឡើយ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម