ភ្នំពេញ:កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុង ចំណោមប្រទេស១៧លើពិភពលោកក្នុងការផ្តល់ អាទិភាពចាក់ថ្នាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់គ្រូបង្រៀន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូនៅថ្ងៃទី១៧ខែមេសានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាននិយាយថានៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អង្គការវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជាក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនគ្រូបង្រៀន។ ការផ្តល់ចំណាត់ថ្នាក់នេះត្រូវបាន ធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០ នៅក្នុងពិភព លោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិទទួលបន្ទុកគ្រូបង្រៀនសម្រាប់ការអប់រំឆ្នាំ២០៣០ អស់រយៈពេល ១ឆ្នាំ ចាប់តាំងពី ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) ដែលមានសមាជិកមកពី៥ ប្រទេស និង ១ដែនដី នៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការផ្នែកវប្បធម៌នៅអាស៊ីមួយរបស់អង្គការយូណេស្កូ សូមសម្តែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងការខិតខំស្វះស្វែងរកវាក់សាំងកូវីដ -១៩ មកចាក់ជូនក្រុមប្រជាជនអាទិភាពពិសេសគ្រូ បង្រៀន ប្រជាជនដែលប្រឈមផ្ទាល់ទៅនឹងការឆ្លង ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ខណៈដែល បណ្តាប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោកកំពុងខ្វះខាតវាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួន។

មិត្តភ័ក្តអន្តរជាតិ ជាច្រើនតែងលើកសរសើរប្រទេសកម្ពុជាថាជាប្រទេសតូច ប៉ុន្តែចិត្តទូលាយ ហើយក៏ជាប្រទេសតូចដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីសូមសម្តែង នូវការគាំទ្រចំពោះការដោះស្រាយវិបត្តិសកលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និង សង្ឃឹមជឿជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានឹងធូរស្រាលឆាប់រហ័សនាពេលដ៏ខ្លីខាងមុខ៕សរន