ដោយ:សរិទ្ធ/ភ្នំពេញ:កម្មការិនីរោងចក្រម្នាក់ជិះកង់ចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តធុនធំបេីកបុកនិងកិនបណ្តាលឲ្យស្លាប់ហេីយរថយន្តព្យាយាមបេីកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញចាប់បានកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៧ ខែខែមេសានៅចំណុចស្តុប ទួលពង្រ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះសួន សុខគា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុនារីរងគ្រោះបានធ្វេីដំណេីរដោយជិះកង់ចេញពីធ្វេីការនៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំណងត្រឡប់ទៅផ្ទះនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទិសដៅពីលិចទៅកេីត ។ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ចាំភ្លើងស្តុបពណ៌ខៀវដែលកំពុងលោតភ្លេីងក្រហម ភ្លាមនោះក៏មានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 3A-0985 ធ្វេីដំណេីរមកពីក្រោយហេីយបានបត់ស្តាំទៅតាមបណ្តោយផ្លូវ៥០ម៉ែត្រទៅត្បូងដោយមិនបានមេីលឆ្វេងស្តាំក៏កិនកង់និងនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់បុរីឡុងនី តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍ដេីម្បីឃុំខ្លួនបណ្តោះអាសន្ន រួចទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕សរន