ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងជីកប្រឡាយរង ស្ទឹងទូកមាស ប្រវែង ៤.០០០ ម៉ែត្រ កំពុងអនុវត្ត ដោយនាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ជាគម្រោងពង្រីកសក្តានុពល ប្រព័ន្ធធារាសាស្ត្រ ដែលមិនត្រឹមតែបានទឹក សម្រាប់ស្រោចស្រព លើផ្ទៃដីដំណាំស្រូវវស្សា ១.២០០ ហិកតា និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ទេ គឺថែមទាំងបានផ្លូវលើខ្នងទំនប់ សងខាងប្រឡាយ សម្រាប់ធ្វើចរាចរទៀតផង។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធន ធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា គម្រោងជីកប្រឡាយរង ស្ទឹងទូកមាស ប្រវែង ៤.០០០ ម៉ែត្រ ជាគម្រោងពង្រីកសក្តានុពល ប្រព័ន្ធធារាសាស្ត្រស្ទឹងទូកមាស ដែលបានសាងសង់ សំណង់ស្ទាក់ទឹក កាត់ស្ទឹងនេះ រួចកាលពីក្នុងឆ្នាំ២០២០ និងជីកប្រឡាយរងបន្ត នៅឆ្នាំនេះ និងឆ្នាំ ក្រោយមួយឆ្នាំទៀត ទើបរួចរាល់។
ប្រធាននាយកដ្ឋានខាងលើ បាននិយាយឱ្យដឹងថាៈ ស្ទឹងទូកមាស ពីមុន នៅរដូវប្រាំង មិនមាននៅសល់ ទឹកប្រើប្រាស់ទេ តែចាប់តាំងពីក្រសួង បានសាងសង់ សំណង់កាត់ស្ទឹងរួចមក មានទឹកនៅសល់ ពេញស្ទឹង សម្រាប់ស្រោចស្រព និងទឹក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន ៥ ឃុំនៃស្រុកបន្ទាយមាស ខេត្ត កំពត ។ កាលក្នុងឆ្នាំ២០២០ ក្រសួងបានសាងសង់ ទំនប់កាត់ស្ទឹងរួច តាមផែនការ របស់លោករដ្ឋមន្ត្រី ។ នៅឆ្នាំនេះ បានធ្វើបន្ត ដោយជីកប្រឡាយរង ប្រវែង ៤.០០០ ម៉ែត្រ ដែលបានចាប់ផ្តើមអនុវត្ត កាលពីខែកុម្ភៈ គ្រោងនឹងបញ្ចប់ នៅក្នុងខែមិថុនា ដល់ឆ្នាំក្រោយ ទើបធ្វើបន្តមួយវគ្គទៀត បញ្ចប់។ ទំនប់ នៅសងខាងប្រឡាយ បាន ក្លាយជាផ្លូវ សម្រាប់ធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថាៈ គម្រោងពង្រីក សក្តានុពលប្រព័ន្ធធារាសាស្ត្រ ស្ទឹងទូកមាស រួមមាន ការងារជីកប្រទ្បាយរង ស្ទឹងទូកមាស ប្រវែង ៤.០០០ ម៉ែត្រ, សាងសង់សំណង់ទ្វារទឹក លើប្រឡាយរង មួយកន្លែង, សាងសង់សំណង់ទ្វារ ទឹកលើប្រឡាយរង (ទ្វារពីរ)មួយកន្លែង , សាងសង់សំណង់លូ(ទំហំ១ម៉ែត្រ) យក ទឹកលើភ្លឺប្រឡាយរង ចំនួន ៧ កន្លែង, សាងសង់លូចម្លង លើប្រឡាយរងមួយកន្លែង, សាងសង់សំណង់ស្ទាក់ទឹក លើប្រឡាយរង (ទ្វារពីរ) មួយកន្លែង។ គម្រោងនេះ ត្រូវបញ្ចប់នៅក្នុងខែមិថុនា ខាងមុខ។ ក្រោយពេលសាងសង់រួច គម្រោងនេះមាន លទ្ធ ភាពស្រោចស្រពផ្ទៃដីស្រូវវស្សាបានចំនួន១.២០០ហិកតា ស្រូវប្រាំងចំនួន ១៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា។
គម្រោងពង្រីកសក្តានុពលប្រព័ន្ធធារាសាស្ត្រ ស្ទឹងទូកមាសនេះ ជាគម្រោងមួយ ស្ថិតនៅក្នុងគម្រោងអាទិភាព ចំនួន ២៥ ដែលកំពុងអនុវត្ត ដោយក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងឆ្នាំ២០២១៕/V