ដោយៈ ចាន់តូ / ភ្នំពេញៈ ស្ត្រីរោងចក្រម្នាក់ បានស្លាប់ បន្ទាប់ពីជិះកង់សុខៗ ត្រូវបានរថយន្តយីឌុប បត់ស្តាំកៀរ និងកិន បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ ព្រលប់ ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបទួលពង្រ តាមបណ្តោយផ្លូវ វេងស្រេង កែងនឹងផ្លូវ ៥០ ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ សួន ចាន់គា អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការរោងចក្រ ជិន ណា ស្នាក់នៅបន្ទប់ជួល ម្តុំរោងចក្រអុីខាង មានស្រុកកំណើត នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះកង់តួស្រី ពណ៌ទឹកប្រាក់។ ចំណែករថយន្តបង្កម៉ាក ហ៊ីយាន់ដាយ ជាប្រភេទរថយន្ត ដឹកទំនិញយីឌុប ៥ភ្លៅ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.0985 អ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គេឃើញស្ត្រីរងគ្រោះ ខាងលើ បានជិះកង់ តាមបណ្ដោយផ្លូវ វេងស្រេង ក្នុងទិសដៅពីខាងលិច មកខាងកើត ខណៈកំពុងតែជិះសុខៗ ស្រាប់តែមានរថយន្ត យីឌុប បើកតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីខាងលិច មកខាងកើត ស្របទិសគ្នា បានមកដល់ស្តុប ទួលពង្រ ក៏បត់ស្ដាំ មិនបានប្រយ័ត្ន ក៏បានកៀរកង់ និងកិន បណ្ដាលឲ្យស្ត្រីរងគ្រោះ ខាងលើ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្តមិនបានឈប់ ទទួលខុសត្រូវនោះទេ បានព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ បានចម្ងាយប្រហែល ២០០ ម៉ែត្រ ត្រូវបានសមត្ថកិច្ច ឃាត់បានទាំងរថយន្ត ទាំងម្ចាស់ យកទៅសួរនាំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីបន្តតាមនីតិវិធី។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្ត និងកង់ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V