ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសានេះ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក ដែលគេស្គាល់ថា ជាតុលាការខ្មែរក្រហម បានចេញសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង ០០៣។

សេចក្តីប្រកាស លើកឡើងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាដំណោះស្រាយ (ដីកាបញ្ជូនរឿងទៅជំនុំជម្រះ) ដោយបញ្ជូន មាស មុត ទៅជំនុំជម្រះ។ ដោយឡែក នៅក្នុងថ្ងៃតែមួយនេះដែរ សហចៅក្រមស៊ើបអង្កេតជាតិ បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ប្រឆាំង មាស មុត (ដីកាសម្រេចលើកលែងចោទប្រកាន់)។

សេចក្តីប្រកាសរបស់តុលាការខ្មែរក្រហម នៅថ្ងៃទី៧មេសានេះ បានលើកបង្ហាញពីសេចក្តីសម្រេចរួមជាឯកច្ឆន្ទដោយអង្គបុរេជំនុំជម្រះ លើកឡើងថា ការចេញព្រមគ្នានូវដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេត គឺជាការខុសច្បាប់ ដោយរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក (កថាខណ្ឌ ៧៨-១០៩)។ ដូច្នេះអនុលោមតាមវិធាន ៧៧(១៣) នៃវិធានផ្ទៃក្នុង សេចក្តីសម្រេច បច្ចុប្បន្ន បិទផ្លូវតវ៉ា។

ក្នុងសេចក្តីប្រកាសដដែល ក៏បានលើកឡើងពីមតិរបស់ចៅក្រមជាតិ ដែលចៅក្រមជាតិ ក្នុងអង្គបុរេជំនុំជម្រះ បានពិចារណាថា សហចៅក្រមស៊ើបអង្កេតទាំងពីរ មានឋានៈស្មើគ្នា។ ចៅក្រមជាតិ ក៏យល់ឃើញថា ដីកាដំណោះស្រាយទាំងពីរ នៅតែមានតម្លៃស្មើគ្នា ហើយសំណុំរឿង ០០៣ ប្រឆាំង មាស មុត គួររក្សាទុកនៅក្នុងបណ្ណាសាររបស់ អ.វ.ត.ក (កថាខណ្ឌ ១១៦-១១៨)។

ដោយឡែក មតិរបស់ចៅក្រមអន្តរជាតិ ក៏ត្រូវបានលើកបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧មេសានេះ ដោយយល់ស្របនឹងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ។ នោះគឺបន្ទាប់ពីបានអះអាងថា មាស មុត ស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តដោយពួកខ្មែរក្រហម ចៅក្រមអន្តរជាតិ បានសន្និដ្ឋានថា អនុលោមតាមវិធាន ៧៧(១៣) នៃវិធានផ្ទៃក្នុង អង្គជំនុំជម្រះសាលាដំបូង ត្រូវទទួលយកដីកាបញ្ជូនរឿង ទៅជំនុំជម្រះ របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ។

កើតនៅឆ្នាំ១៩៣៨ នៅខេត្តកំពត លោក មាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹក របស់ខ្មែរក្រហម។ មាស មុត និង ស៊ូ ម៉េត ពីដំបូង ត្រូវបានកំណត់ឈ្មោះថា ជាជនសង្ស័យនៅក្នុងសំណុំរឿង ០០៣។ កិច្ចស៊ើបសួរប្រឆាំងនឹង ស៊ូ ម៉េត ត្រូវបានបញ្ចប់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីគាត់ទទួលមរណភាព។

មាស មុត ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចោទប្រកាន់ ដោយកំបាំងមុខ នៅក្នុងខែមីនា ឆ្នាំ២០១៥ និងបានចូលខ្លូនដោយស្ម័គ្រចិត្ត នៅចំពោះមុខសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ ដែលពេលនោះ គាត់ត្រូវបានជូនដំណឹងអំពីបទចោទប្រកាន់បន្ថែម។

យ៉ាងណាក៏ដោយ លោក មាស មុត ក៏ដូចជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមផ្សេងទៀត ក្នុងសំណុំរឿង ០០៣ និង ០០៤ រួមមាន៖ យឹម ទិត្យ អោ អាន និង អ៊ឹម ចែម គឺមិនត្រូវបានចាប់ឃុំខ្លួន និងកាត់ទោស ដូចអតីតមេដឹកនាំកំពូលខ្មែរក្រហម ក្នុងសំណុំរឿង០០១ កាំង ហ្គេកអ៊ាវ
ហៅ ឌុច អតីតមេគុកទួលស្លែង និងសំណុំរឿង០០២ រួមមាន៖ អៀងសារី ខៀវសំផន នួនជា និងអៀងធីរិទ្ធ ឡើយ៕