Home ព័ត៌មានជាតិ នយោបាយ ទូច ឈាង​៖ នីរ...

ទូច ឈាង​៖ នីរសារ​កងវរសេនាធំ​៨១២

ដោយ ៖ ហ៊ាន ពិសី អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស​និ្ត​ភាព​អន្លង់វែង​/​ភ្នំពេញៈ​​ទូច ឈាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​យាង ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប​។ បច្ចុប្បន្ន ទូច ឈាង រស់នៅ​ភូមិ​អូរ​គគីរ​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយ​រៀបរាប់​ដូចខាងក្រោម​ថា​៖

ទូច ឈាង និង កូនប្រុស រស់នៅភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទូច ឈាង បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងរ៉ាងក្នុងរបបខ្មែរក្រហមប្រាប់ដល់ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅក្នុង​ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា​ចាប់ផ្តើម​កើតមាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់​។ មួយឆ្នាំ​ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​នៅក្នុង​សង្កាត់​យាង ទៅ​នៅ​ភូមិ​ដូន​ស្វា ស្ថិតនៅ​ខាងកើត​វត្ត​ក្រឡាញ់​។ នៅក្នុង​ឆ្នាំ​១៩៧២ ខ្មែរក្រហម​ចាប់ផ្ដើម​រៀបចំ​ឲ្យ​មាន​ជា​សហករណ៍​ហើយ​កម្មសិទ្ធិ​គ្រប់យ៉ាង​ត្រូវ​ចាត់​ចូល​ជា​សម្បត្តិ​រួមទាំង​អស់​។ នៅពេលនោះ​ជីវភាព​ប្រជាជន​ជួប​នូវ​ការលំបាក​ជា​បន្ដបន្ទាប់​។

​កាលណោះ​ខ្ញុំ​នៅ​វ័យ​កុមារ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​កាប់​ដើម​ទន្ទ្រានខែត្រ​ធ្វើ​ជី និង​ជីកដី​ដំបូក​។ បន្ទាប់ពី​សម្រាក​ពី​ធ្វើ​ការងារ ខ្ញុំ​តែង​ឆ្លៀតពេល​រៀន​ដោយ​ខ្លួនឯង​ជាហេតុ​ធ្វើ​ឲ្យ​ខ្មែរក្រហម​សង្ស័យថា​ខ្ញុំ​គឺជា​កូន​របស់​ក្រុម​សក្ដិភូមិ​។ នៅ​ខែតុលា ឆ្នាំ​១៩៧៤ ខ្ញុំ​បានស្នើ​សុំ​ប្រធាន​សហករណ៍​ប្ដូរ​ទៅធ្វើ​ការ​នៅ​មន្ទីរ​យោធា​ខាង​ស្រុក​វិញ​។ នៅ​ឆ្នាំ​១៩៧៥ ពេល​ខ្ញុំ​ធំ​ឡើង ខ្មែរក្រហម​បានជ្រើសរើស​ខ្ញុំ​ឲ្យ​ចូល​ធ្វើជា​យោធា​។
​ដំបូង​ខ្ញុំ​យល់ថា ការចូល​ធ្វើជា​យោធា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​។ ប៉ុន្តែ​ផ្ទុយស្រឡះ​ពី​ការគិត​របស់ខ្ញុំ ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ​ទៅ​សមរភូមិ​មុខ​នៅ​បាខែង ក្នុង​ខេត្តសៀមរាប​។ ដោយ​ភាព​ក្មេងខ្ចី​ហើយ​គ្មាន​ការហ្វឹកហាត់​មុនពេល​ធ្វើសង្គ្រាម ធ្វើ​ឲ្យ​ខ្ញុំ​លំបាក​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ខ្ញុំ​បាក់ស្បាត​ជាមួយនឹង​ស្នូរ​គ្រាប់កាំភ្លើង​នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​។ ក្រោយមក​ខ្មែរក្រហម​ឈប់​បញ្ជូន​ខ្ញុំ​ទៅ​សមរភូមិ ហើយ​ប្ដូរ​ខ្ញុំ​មក​ធ្វើជា​នីរសារ​របស់ តា​ប៉េង ដែលជា​ប្រធាន​កងវរសេនាធំ​៨១២ ដែលមាន​បន្ទាយ​នៅក្បែរ​វត្ត​ល្អក់ ក្នុង​ខេត្តសៀមរាប​។

​របៀប​នាំសារ​នៅពេលនោះ ខ្ញុំ​មាន​មធ្យោបាយ​ពីរ​យ៉ាង​គឺ ជិះ​កង់ និង​ជិះសេះ​។ នៅ​អំឡុង​ពេលនោះ ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​ជំនិត​របស់​ប្រធាន​កងវរសេនាធំ​៨១២ ខ្ញុំ​តែង​ឃើញ​មាន​ភ្ញៀវ​ចិន​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ហើយ​យោធា​នៅក្នុង​កងវរសេនាធំ​៨១២ ចាំ​ទទួល​អមដំណើរ​ភ្ញៀវ​ចិន​ទាំងនោះ​។ ខ្ញុំ​ធ្លាប់​ទៅ​ទទួល​ក្រុម​ភ្ញៀវ​ចិន​ចំនួន​បី​លើ​កនៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។ នៅពេល​ទៅ​ទទួលភ្ញៀវ​ចិន​ម្ដងៗ ខ្ញុំ​ត្រូវគោរព​តាម​ការណែនាំ​មួយចំនួន ដូចជា ត្រូវ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខៀវ ព្រមទាំង​មាន​ក្រមា​បង់ក ហើយ​ម្យ៉ាងទៀត សម្រាប់តែ​អ្នក​ដែលមាន​តួនាទី​ជា​ប្រធាន​កង​ប៉ុណ្ណោះ ទើប​អាច​ទៅ​អមដំណើរ​ភ្ញៀវ​ចិន​បាន​។ ក្រៅពី​យោធា ខ្ញុំ​ឃើញ​មាន​ប្រជាជន​ជាច្រើន​ដែល​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ ឈរ​ចាំ​អបអរសាទរ​ខណៈពេល​ដែល​ភ្ញៀវ​ចិន​ធ្វើដំណើរ​មកដល់​ព្រលានយន្តហោះ​។ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​ចិន​ទាំងនោះ គឺ​ក្នុង​បំណង​អ្វី​ឬ​ទៅកាន់​ទីកន្លែង​ណាខ្លះ គឺ​ខ្ញុំ​មិនដឹង​ច្បាស់​នោះទេ គ្រាន់តែ​ដឹងថា​បាន​ទៅ​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​។ ចំណែក​ការហូបចុក នៅក្នុង​មន្ទី​កងវរសេនាធំ​៨១២ ក៏​ជួប​ការលំបាក​ច្រើន​ដែរ​។ ពេលដែល​ប្រធាន​កង​មិន​នៅ យើង​ពុំមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ឡើយ​។ ពេលខ្លះ​ដោយសារតែ​អត់ឃ្លាន​ខ្លាំងពេក យើង​នាំគ្នា​លួច មាន់ ទា របស់​ប្រជាជន​យកមក​ហូប​។ ដោយឡែក​ពេលដែល​ប្រធាន​កង​នៅជាប់​មូលដ្ឋាន ទើប​យើង​បាន​ហូប​ឆ្អែត​។

ប្រពន្ធរបស់ ទូច ឈាង នៅភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចោល ក្រោម​ហេតុផល​ថា អ្នក​ឧ​ត្ត​រ​ក្បត់ និង​ចាប់​ប្រធាន​កងវរសេនាធំ​៨១២​ច្រក​បាវ​យកទៅ​បាត់​។ ចំណែក​ខ្ញុំ ខ្មែរក្រហម​បាន​បញ្ជូន​ឲ្យ​មក​រស់នៅ​សហករណ៍​វិញ​ដោយមាន​ប្រធាន​សហករណ៍​ឈ្មោះ តា​ប៉ន​។ ខ្ញុំ​គិតថា​នៅ​សហករណ៍​លែង​លំបាក​ដូច​មុន​ទៀតហើយ ប៉ុន្តែ​មិន​ដូច​ការគិត​របស់ខ្ញុំ​ឡើយ គឺ​ខ្ញុំ​នៅតែ​លំបាក​ដដែល​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​រែក​ដី និង​ធ្វើការ​ស្ទើរ​រាល់ថ្ងៃ​។ ចំណែក​ការហូបចុក​ខ្ញុំ​ទទួលបាន​របប​អាហារ​ទៅតាម​ការកំណត់​របស់​ប្រធាន​សហករណ៍​ក្នុង​ម្នាក់​មួយ​ចាន​។ ជារឿយៗ​នៅក្នុង​សហករណ៍​ខ្ញុំ​សង្កេតឃើញ​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​បាត់​ខ្លួន ជាពិសេស​អតីត​ទាហាន លន់ នល់​។ សូម្បីតែ​ប្អូនស្រី​របស់​ប្រធាន​សហករណ៍​ឈ្មោះ ថុ​ក ដែលមាន​គ្រួសារ​ជា​អតីត​កងទ័ព លន់ នល់ ក៏ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ដែរ​។ ខ្ញុំ​បានមក​នៅ​សហករណ៍​មិន​ដល់​មួយខែ​ផង ប្រធាន​សហករណ៍​ចាប់ផ្ដើម​ស្រាវជ្រាវ និង​ជ្រើសរើស​ឈ្មោះ​ប្រជាជន​បញ្ជូន​យកទៅ​កងចល័ត​។ ខ្ញុំ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​បញ្ជូនទៅ​លើក​ទំនប់​កែង​ផ្ដៅ នៅក្នុង​ស្រុក​ពួក​។
​ខ្ញុំ​រស់នៅក្នុង​កងចល័ត​រហូតដល់​ឆ្នាំ​១៩៧៩ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា​។ អំឡុង​ពេលនោះ ប្រជាជន​ដែល​នៅក្នុង​កងចល័ត ត្រូវបាន​ខ្មែរក្រហម​បញ្ចូល​ឲ្យ​មក​ចូល​កង​យោធា​វិញ ចំណែក​ខ្ញុំ​មិនបាន​ចូលធ្វើ​ជា​យោធា​ទេ ព្រោះ​ឮដំណឹង​ថា​វៀតណាម​នឹង​ចាប់​យោធា​ខ្មែរក្រហម​សម្លាប់​ដោយ​អា​រក​នឹង​ធាងត្នោត​។ ដូច្នេះ​ខ្ញុំ និង​ប្រជាជន​ផ្សេងទៀត​នាំគ្នា​រត់​ភៀសខ្លួន​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ខ្ញុំ​បាន​ភៀសខ្លួន​ទៅ​នៅ​ភ្នំ​អា​តោ​ដែល​ស្ថិតនៅ​ក្នុងស្រុក​ចុងកាល់ ហើយ​រស់នៅ​ទីនោះ​ជាមួយ​មេកង​ឈ្មោះ សុខ​។ ខ្ញុំ​ចាំបាន​ថា ខ្ញុំ​រស់នៅ​និង​ធ្វើ​ការជីក​ទំពាំង​នៅ​ភ្នំ​អា​តោ​បាន​ជិត​មួយឆ្នាំ កងទ័ព​ស្ម័គ្រ​វៀតណាម​បាន​វាយលុក​ចូលមក​ដល់ ទើប​ខ្ញុំ​និង​ប្រជាជន​ជាច្រើន​ផ្សេងទៀត​ចាប់ផ្ដើម​រត់​ភៀសខ្លួន​ឡើង​ភ្នំ​ថ្ម​រោយ​។

​នៅក្នុង​ឆ្នាំ​១៩៨៣ ខ្ញុំ​បានសម្រេច​ចិត្ត​ចេញពី​យោធា​ខ្មែរក្រហម​ទៅ​ចូលរួម​ជាមួយ ទាហាន​ប៉ា​រ៉ា​វិញ​។ នៅ​ឆ្នាំ​១៩៨៧ ខ្ញុំ​បានមក​រៀបការ​ប្រពន្ធ​នៅ​ស្រុកកំណើត ក្នុង​ខេត្តសៀមរាប​។ កាលនោះ​ខ្ញុំ​គ្រាន់តែ​រៀបចំ​ពិធីសែនព្រេន​ដែលមាន​ចាស់ទុំ​ដឹងឮ​ទាំងសងខាង ប៉ុណ្ណោះ​។ បន្ទាប់ពី​រៀបចំ​ពិធី​ចប់សព្វគ្រប់ ខ្ញុំ​ក៏​នាំ​ប្រពន្ធ​ធ្វើដំណើរ​មកកាន់​ភ្នំ​ដងរែក​។ ឪពុកម្ដាយ​ក្មេក​របស់​ខ្ញុំ ត្រូវ​រដ្ឋអំណាច​ហៅ​ទៅ​សាកសួរ ដោយសារ​គាត់​អនុញ្ញាត​ឲ្យ​កូនស្រី​ទៅតាម​ខ្មាំង​។ នៅ​អំឡុងពេល​ខ្ញុំ​ធ្វើដំណើរ គឺមាន​តែ​ពីរ​គ្រួសារ​តែប៉ុណ្ណោះ​។ ខ្ញុំ​មានការ​លំបាក​យ៉ាងខ្លាំង ដោយសារ​ខ្ញុំ​ធ្វើដំណើរ​ក្នុង​ខែមេសា ដែលជា​រដូវប្រាំង ក្ដៅ​ហួតហែង និង​គ្មាន ទឹក​សម្រាប់​ផឹក​។ ខ្ញុំ​ធ្វើដំណើរ​អស់​រយៈពេល​មួយ​យប់​មួយថ្ងៃ​ទើប​យើង​អា​ចរក​ទឹក​ផឹក រួចហើយ​បន្ដដំណើរ​ទៅមុខទៀត​។ ខ្ញុំ​បានធ្វើ​ដំណើរ​មកដល់​ថ្គាម​រមាស រួចហើយ​ឡើងទៅ​កំពូលភ្នំ​ស្រួច​យ៉ាង​ត្រដាបត្រដួស​។ ខ្ញុំ​និង​គ្រួសារ​បានរស់នៅ​ភ្នំស្រួច​រហូតដល់​សភាព​ការណ៍​ស្ងប់ស្ងាត់ ទើប​ខ្ញុំ​ធ្វើដំណើរ​តាម​រថយន្ត​ចេញទៅ​ជំរំសាយប៊ី​ប្រទេស​ថៃ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ទៅ​ជំរំ​ជាមួយ​ប្រពន្ធ​ទេ គឺ​ខ្ញុំ​ត្រូវបាន​មេកង​វរ​បញ្ជូន​ខ្ញុំ​ទៅ​រៀន​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​នៅ​ប្រទេស​ម៉ាឡេស៊ី​ជំនួស​គាត់​ចំនួន​៦​ខែ ដូច្នេះ​ប្រពន្ធ​របស់ខ្ញុំ​ត្រូវ​ទៅ​នៅ​ជំរំ​តែម្នាក់ឯង​។ ខ្ញុំ​បាន​ជិះឡាន​ពី​បន្ទាយ​ដី​ថ្មី​នៅ​ណាំង​រ៉ង ទៅ​ខេត្ត​សុរិន្ទ ហើយ​ឡើង​ជិះ​យន្តហោះ​នៅ​ដន​មឿ​ន ប្រទេស​ថៃ​។ ពេលទៅដល់​ប្រទេស​ម៉ាឡេស៊ី ខ្ញុំ​ត្រូវបាន​ហ្វឹកហាត់​បាញ់កាំភ្លើង​, ដោះមីន​, ដាក់​មីន និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ដើម្បី​ក្លាយជា​ទ័ពព្រៃ​។ បន្ទាប់ពី​ហ្វឹកហ្វឺន​ចប់ ខ្ញុំ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ និង​ខ្ញុំ​បានរស់នៅ​ជាមួយ​គ្រួសារ​ក្នុង​ជំរំសាយប៊ី​។ ប្រជាជន​នៅក្នុង​ជំរំសាយប៊ី​ទាំងអស់​ទទួលបាន​ជំនួយ​ពី​អង្គការសហប្រជាជាតិ ដែលមាន អង្ករ ស្បៀងអាហារ និង​ថ្នាំពេទ្យ​។ សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​បានទទួល​ថ្នាំ​ប៉ូវ ឬ​ចំណីអាហារ​សម្រាប់​បំប៉ន​សុខភាព​បន្ថែមទៀត​។

ទូច ឈាង រួមជាមួយប្រពន្ធ និងកូនប្រុសរបស់គាត់ នៅភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។(ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅក្នុង​ឆ្នាំ​១៩៩១ ប្រជាជន​ទាំងអស់​នៅក្នុង​ជំរំសាយប៊ី ត្រូវបាន​បញ្ជូនមក​មាតុភូមិ​វិញ​ដោយមាន​ឡាន​ចាំ​ដឹកជញ្ជូន​មក ហើយ​ខ្ញុំ​បាន​នាំ​គ្រួសារ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ មុនពេល​បោះឆ្នោត​ឆ្នាំ​១៩៩៣ ខ្ញុំ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប​ញ្ជូ​ន​ឲ្យ​មក​បម្រើការ​នៅក្នុង​អង្គភាព​ទ័ព​វិញ​។ នៅ​ឆ្នាំ​១៩៩៦ ខ្ញុំ​បាន​ឡើងទៅ​វាយ​ប្រយុទ្ធ​តទល់​ជាមួយ​កងកម្លាំង​របស់​ខ្មែរក្រហម​នៅ​អន្លង់វែង រហូត​ចុងឆ្នាំ​១៩៩៧​។ នៅពេលនោះ រដ្ឋាភិបាល​ចាប់ផ្ដើម​ចរចា​ជាមួយ​ខ្មែរក្រហម​នៅ​អន្លង់វែង​ដែលជា​តំបន់​តស៊ូ​ចុងក្រោយ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​។ នៅ​ដើមឆ្នាំ​១៩៩៩ ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក គ្រួសារ​របស់ខ្ញុំ​បានរស់នៅ​ជួបជុំគ្នា​នៅ​អន្លង់វែង​រហូតមកដល់​សព្វថ្ងៃ​៕សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular