ដោយ: ប.ខុន / ភ្នំពេញៈ ជ្រលងសម្ពាធទាបរុញពីសមុទ្រឥណ្ឌ នៅតែបន្តគ្របដណ្តប់លើ ប្រទេសកម្ពុជា ព្រមពេលជាមួយគ្នានេះខ្យល់ពីសមុទ្រចិនខាងត្បូង(កើត)ក៏បាន ចាប់ ផ្តើមបង្កើនឥទ្ធិពលជាបន្ត បន្ទាប់ជាមួយនឹងបាតុភូតផ្សេងៗដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ វិសម្ពាធនិងអាចមានដល់កម្រិតជាកូនព្យុះ អំឡុង ពេល បុណ្យ ចូលឆ្នាំថ្មីខាងមុខ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែមេសាឆ្នាំ២០២១ថា ឥទ្ធិពលនៃ ជ្រលងសម្ពាធទាបរុញមកពីសមុទ្រឥណ្ឌានិងការកើនឡើងជាលំដាប់នៃឥទ្ធិពល ខ្យល់រុញមកពីសមុទ្រចិនខាងត្បូង (កើត) ធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតមានឡើងស្ទើររាល់ជាថ្ងៃ ជាពិសេសនៅតំបន់ទំនាប កណ្តាលភាគ ពាយព្យ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាបាតុភូតទាំងពីរបានកើតមាន ឡើងព្រមគ្នានេះធ្វើឱ្យស្ថានភាពភ្លៀងនិងខ្យល់វិលវល់ម្តងរុញមកពីនិរតី ម្តងរុញ មកពីឦសាននិងម្តងរុញមកពីសមុទ្រចិនខាងត្បូង(កើត) តែចាប់ពីចុងសប្តាហ៍ នេះទៅខ្យល់រុញមកពីសមុទ្រចិនខាងត្បូងនឹងបង្កើនឥទ្ធិពល បង្កឱ្យមានបាតុភូត ផ្សេងៗកើតឡើងជាបន្តបន្ទាប់។
លោក ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា បាតុភូតផ្សេងៗនៅក្នុងសមុទ្រប៉ា ស៊ីហ្វិកខាងលិចបានចាប់ផ្តើមកើតមាន និងមានដំណើររុញមករកប្រទេសហ្វីលីពីន រួចឆ្លងចូលក្នុងសមុទ្រចិនខាងត្បូងក្លាយទៅជាវិសម្ពាធ(TD) ឬជាកូនព្យុះទី២ នៅក្នុងសមុទ្រចិនខាងត្បូងអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយនៅពេលនេះ ខ្យល់ពីសមុទ្រប៉ាស៊ីហ្វិកខាងលិច បានរុញចូលមកក្នុងសមុទ្រចិនខាងត្បូងជាបន្ត បន្ទាប់ ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្នុងប្រទេសកម្ពុជារាល់ ថ្ងៃជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់ត្រូវប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២១ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៧-១៣ខែមេសាថា ព្រះរាជាណាចក្រកម្ពុជា នៅចន្លោះពេលនេះ ទទួលរងឥទ្ធិពល ពីជ្រលង នៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ពីសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សាសេ, អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះផ្នែកខ្លះអាចមានភ្លៀងច្រើន។
នៅក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុនេះសរសេរទៀត ថា បណ្តា ខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៤ -២៦អង្សាសេ,សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ អាចមានភ្លៀង ក្នុង កម្រិតពីខ្សោយទៅមធ្យម។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ក្នុងសេចក្តីជូនដំណឹងខាងងលើ ក្រៅពីជម្រាបជូនសាធារណជនឱ្យបាន ជ្រាបជា ព័ត៌មានក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅបណ្ដាខេត្តនៅភាគពាយ័ព្យ៕