ការបិទ​រមណីយដ្ឋាន តំបន់ និង​គោលដៅ​ទេសចរណ៍​នានា ជា​បណ្តោះអាសន្ន គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ជា​បណ្តោះ​​អាសន្ន ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ក្នុងការ​ចូលរួម​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​លោក នេត្រ​ភក្ត្រា បានឱ្យដឹងថា​ការបិទ​នេះដែរ​ក្រសួងបរិស្ថាន​បានធ្វើ​ការណែនាំ​ដល់​ប្រធាន​​មន្ទីរ បរិស្ថាន​ខេត្ត​ដែលមាន​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ និង​អគ្គនាយកដ្ឋាន​សហ​គម​ន៍​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ធ្វើ​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អ​ភ​រិ​ក្ស​ជីវៈចម្រុះ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។

​គួរ​បញ្ជាក់ថា​ក្រៅពី​ការចេញ​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ របស់​ក្រសួងបរិស្ថាន រួច​មក​នៅ​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១​នេះ​គេ​ក៏​ឃើញ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ក៏​បានចេញ​សេចក្តីណែ​នាំ​មួយ​ស្តី​ការបិទ​បណ្តោះអាសន្ន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទាំងអស់​និង​គោលដៅ​ទេសចរណ៍​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹង​បន្ថែមថា ក្រសួងបរិស្ថាន​បាននិងកំពុង​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន ៧៤ កន្លែង​ដែលមាន​ផ្ទៃដី​សរុប ៧,៣​លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១​ភាគរយ នៃ ផ្ទៃដី​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ២១ របស់​ប្រទេស​កម្ពុជា​។​

​ខេត្ត​រាជធានី​ដែល​មិនមាន​តំបន់ការពារធម្មជាតិ​រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង​។

​ជាមួយគ្នានេះ​លោក​បានបញ្ជាក់​ឱ្យដឹង​ផង​ថា នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំងនេះ តំបន់​មួយចំនួន​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ក្នុងនោះ​មាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំនួន ២៦ ទីតាំង​វិនិយោគ អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង ព្រមទាំង​គោលដៅ​ទេសចរណ៍​ជាច្រើន​ទៀត​នៅ ក្នុង​តំបន់ការពារធម្មជាតិ​។ តំបន់​ទេសចរណ៍​ទាំងនោះ​ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​គិរី​រម្យ ខេត្តកំពង់ស្ពឺ ភ្នំ​គូលែន​ខេត្តសៀមរាប ទឹកធ្លាក់​ច្រក​ល្អៀង​ខេត្ត​ពោ​ធិ័​សាត់ សហគមន៍​ទេសចរ ណ័​ធម្មជាតិ​ជី​ផាត​ខេត្តកោះកុង ទឹកជ្រោះ​ប៊ូ​ស្រា​ខេត្តមណ្ឌលគិរី បឹង​យក្ខ​ឡោម បឹង​ល​ម្កុដ ខេត្តរតនៈគិរី​ជាដើម​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular