ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​សាលាបឋមសិក្សា​ស្វាយ​ប្រហួ​ត ដែល​ស្ថិតនៅ​ភូមិ ស្វាយ​ប្រហួ​ត ឃុំ​គោគ​ព្រីង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មានការ​តាំងចិត្ត​ខ្ពស់​ចំពោះ​ការចូលរួម​ក្នុង​ចលនា​សាលា​មេត្រី​បរិស្ថាន​។​
​ ​
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​សាលាបឋមសិក្សា​ស្វាយ​ប្រហួ​ត បានរៀបចំ​ផែនការ​ដើម្បី​ក្លាយ​សាលារៀន​មេត្រី​បរិស្ថាន តាមរយៈ​ការរៀបចំ​អនាម័យ​បរិស្ថាន ការកែច្នៃ​ខ្ពស់ ការរៀបចំ​សួនច្បារ សួន​ជីវៈចម្រុះ និង​ការផ្សព្វផ្សាយ​លើកទឹកចិត្ត​គ្រូបង្រៀន សិស្សានុសិស្ស និង​សហគមន៍​ឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិ​ល្អ​ចំពោះ​បរិស្ថាន​។​

​ដោយឡែក​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ លោក មុំ ឆៃ​យ៉ា ប្រធានការិយាល័យ ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង បានធ្វើការ​វាយតម្លៃ​គុណវុឌ្ឍិ​មេត្រីភាព​បរិស្ថាន តាមរយះ​ការធ្វើការ​ពី​ចម្ងាយ​(​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​)​ផងដែរ​។

​គួរបញ្ជាក់​ថាបើ​តាម​មន្ត្រី នៃ​ក្រសួងបរិស្ថាន​នា​កន្លងមក​បានឱ្យដឹង​ថា ការបង្កើត​សាលា​មេត្រី​បរិស្ថាន​ថា​៖​ពិត​ជាមាន​សារៈសំខាន់ និង​មាន​ប្រសិទ្ធភាព ដើម្បីឱ្យ​សិស្សានុសិស្ស បាន​យល់ដឹង និង​បង្កើន​ក្តី​ស្រឡាញ់​ចំពោះ​បរិស្ថាន​។ កម្មវិធី​នេះ​ក៏ បានបង្ហាញ​ទៅកាន់​ពិភពលោក​អំពី​ស្ថានភាព​បរិស្ថាន​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​រួមចំណែក​ថែរក្សា​បរិស្ថាន​ពិភពលោក​។​

ទន្ទឹម​ជាមួយគ្នា កម្មវិធី​សាលា​មេត្រី​បរិស្ថាន​កម្ពុជា​នេះ​ក៏ ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ជា​ស្តង់ដារ​ជាតិ​មួយ​សម្រាប់​ចាត់ថ្នាក់​សាលា​មេត្រី​បរិស្ថាន​គំរូ​នៅ​កម្ពុជា ដោយ​ស្របតាម​កម្មវិធី​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​អាស៊ាន​ផងដែរ​៕