ដោយ​: ពៅ​និមល​/​ភ្នំពេញ​: តាម​ការគ្រោងទុក​នាពេល​ខាងមុខ​ឆាប់ៗ​នេះ ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​បងប្អូន​កម្មករ​និយោជិត​រោងចក្រ សហគ្រាស រាជធានី​ភ្នំពេញ នឹង​បន្ថែមចំនួន ៤​ទីតាំង​ថែមទៀត ខណៈដែល​បច្ចុប្បន្ននេះ​ទីតាំង​ចាក់​វ៉ាក់សាំង​មាន​ចំនួន​៣​ទីតាំង រួម​មាននៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា (​ផ្លូវ​វេ​ង​ស្រេង​), សួន​ឧស្សាហកម្ម ISI តំបន់​រោងចក្រ​ដំបូល​ខៀវ (​ផ្លូវ​វេ​ង​ស្រេង​) និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (​ផ្លូវជាតិ​លេខ​៤)​។​

​ទីតាំង​ចំនួន​៤ ដែល​គ្រោង​បន្ថែម​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​បងប្អូន​កម្មករ និយោជិត តាម​រោងចក្រ សហគ្រាស រាជធានី​ភ្នំពេញ​ថា ចំពោះ​ទីតាំង​វ៉ាក់សាំង​នៅ​សប្តាហ៍​ទី​២ នៃ​ខែមេសា ឆ្នាំ​២០២១ រួមមាន​៖ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ (​ផ្លូវ​វេ​ង​ស្រេង​), រោងចក្រ​សិន​ចូ​វ​(​ផ្លូវ​វេ​ង​ស្រេង​) សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ (​ផ្លូវ​វេ​ង​ស្រេង​) និង​រោងចក្រ Marvel​។​

​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​អ្នក​សារ​ព័ត​មាន​ក្នុងស្រុក​ថា “​នៅ​ថ្ងៃ​សុក្រ​យើង​នឹង​បើក ៤​គោលដៅ​ទៀត ដែល​យើង​រំពឹងថា​នឹង​បាន ៣.៨០០​នាក់​ទៀត​ដែរ​ក្នុង​មួយ​គោលដៅ ដូច្នេះ​នឹង​បង្កើនល្បឿន​ដល់​ខ្ទង់ ៧.០០០​នាក់ ក្នុង​មួយថ្ងៃ ហើយនឹង​បង្កើនល្បឿន​ឲ្យ​បាន​ជាង ១២.០០០​ពាន់​នាក់ ក្នុង​មួយថ្ងៃ​នៅ​សប្តាហ៍​ក្រោយ​”​។​

​សូមជម្រាបថា រយៈពេល​មួយថ្ងៃ​ពេញ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​បងប្អូន​កម្មករ​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន ៣.៨៤៩​នាក់ ក្នុងនោះ​បរទេស​ចំនួន ៧០​នាក់​។ ដោយឡែក គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន ៩៣​នាក់ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ា​ក់​សរុប​ចំនួន ៣.៩៤២​នាក់​៕​