ដោយៈមុនីរ័ត្ន/ភ្នំពេញៈនគរបាលដែលបានមកការពារនៅធនាគារអេប៊ីអេហើយបានផ្ទុះអាវុធការពារខ្លួនបណ្តាលឱ្យជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន(ខ្មាន់កាំភ្លើង)ស្លាប់ភ្លាមៗនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចលើកលែងការចោទប្រកាន់និងដោះលែងឱ្យឲ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី៨ខែមេសានេះ។ជនជាប់សង្ស័យត្រូវបានបញ្ជូនមកតុលាការកាលពីព្រឹកថ្ងៃទី៨ខែមេសា។
ករណីផ្ទុះអាវុធបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែមេសា នៅមុនធនាគារអេប៊ីអេ (ABA) មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ខ្មាន់កាំភ្លើងឈ្មោះ ភឿន ភិរៈ ជាមន្ដ្រីនគរបាលនិងជាសន្តិសុខយាមធនាគារ អេប៊ីអេត្រូវបានកម្លាំងនគរបាលបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែមេសា។ចំណែកបុរសបែកថ្នាំដែលស្លាប់ឈ្មោះ អ៊ូ សុផារ៉ាត់។
ទាក់ទងការដោះលែងនេះអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុនៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ។ ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះ ភឿង ភិរៈ ឲ្យមានសេរីភាពហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
សូមជម្រាបថា មានករណីឃាតកម្មបាញ់សម្លាប់យុវជនបែកថ្នាំម្នាក់ពីសំណាក់សន្តិសុខយាមធនាគារអេប៊ីអេ កាលពីយប់ថ្ងៃទី៦ខែមេសា។ការបាញ់នេះគឺក្នុងសិទ្ធិស្វ័យការពារខ្លួនខណៈពេលដែលយុវជនបែកកថ្នាំបានកាន់កាំបិតដេញកាប់ទៅលើសន្តិសុខរូបនោះ បើទោះបីជាសន្តិសុខបានបាញ់គំរាមកុំឲ្យចូលជិតខ្លួនយ៉ាងណាក៏ដោយ តែដោយសារបែកថ្នាំជនរូបនោះមិនខ្លាចញញើតនឹងសំឡេងកាំភ្លើងដែលបាញ់គំរាមមកលើខ្លួននោះទេ គឺរិតតែដើរចូលសំដៅរកសន្តិសុខរូបនោះ និងដេញកាប់រហូតសន្តិសុខបាញ់ត្រូវជនបែកថ្នាំបណ្តាលឲ្យស្លាប់។
ចំណែកបុរសម្នាក់ដែលជាជនរង គ្រោះដល់ជីវិត ឈ្មោះ អ៊ូ សុផារ៉ាត់ អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ ជួល លេខ១០៤ ភូមិ ផ្សារ ទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ជនរងគ្រោះត្រូវបានរកឃើញថាមានសារធាតុញៀន៕ សរន