ដោយ:សាតចាន់បុត្រ/មណ្ឌលគិរី: ដើមកញ្ឆាស្រស់ចំនួនពីរពាន់ដើមត្រូវបានដុតកម្ទេចចោលកាលពីព្រឹកថ្ងៃទី៨ខែមេសានៅលើទីតាំងអាកាសយានដ្ឋានថ្មីដែលស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមវត្តមានលោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរី។
លោកអភិបាលខេត្តមណ្ឌលគិរីនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្នុងពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ បញ្ជាក់ថាដើមកញ្ឆាទាំងអស់គឺបានបង្ក្រាប កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ។
លោកប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានថ្លែងនូវកោតសសើរដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បង្ក្រាប បទល្មើសដាំដុះដំណាំខុសច្បាប់ទទួលបានជោគជ័យ ទោះបីជនល្មើសបានប្រើរូបភាពដាំបន្លំតាមចម្ការរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងព្រៃជ្រៅពិបាកស្វែងរក។ លោកបានលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំជាបន្តទៀត ថ្វីបើខេត្តមណ្ឌលគិរី មិនទាន់មានការដាំដុះដំណាំកញ្ឆាក្នុងរូបភាពបទល្មើសធំដុំពិតមែន ប៉ុន្តែបើមិនបង្ក្រាបបានទាន់ពេលទេ ជនឆ្លៀតឱកាសប្រាកដជាបង្កើនសកម្មភាពនៃការដាំដុះដែលនាំឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ចជំនាញ ប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងបង្ក្រាបទាន់ពេលជាបន្តបន្ទាប់ចំនួន ៤៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៨៥នាក់( ស្រី ៤ នាក់)។ ដោយឡែក នៅដើមឆ្នាំ ២០២១ នេះកម្លាំងជំនាញធ្វើការបង្ក្រាបបានចំនួន ១៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៤៥ នាក់ (ស្រី ០៩នាក់) បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់។ ដោយឡែក កាលពីថ្ងៃទី៤ ខែមេសាកម្លាំងជំនាញ បានចុះបង្ក្រាបករណីដាំដុះដំណាំកញ្ឆាចំនួន ២ទីតាំង សរុបចំនួនជាង ពីរពាន់ដើម ស្មើនឹងទម្ងន់ ៣៨៤គីឡូក្រាម និងសម្ភារមួយចំនួនទៀត ត្រង់ចំណុចចម្ការរបស់ប្រជាពលរដ្ឋ នៅក្បែរមាត់អូរ ក្នុងភូមិពូហ្យាម ក្នុងឃុំសែនមនោរម្យ៕