ដោយ​:​កាំ​ពី​/​ក្រចេះ​:​នៅ​ថ្ងៃទី​៨​ខែមេសា​នេះ​អាជ្ញាធរខេត្ត​ក្រចេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិខ្មែរ ខាងមុខនេះ​រដ្ឋបាលខេត្ត​ក្រចេះ​បានដាក់​ពង្រាយ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​៦​គោលដៅ​ទូទាំង​ខេត្ត​ដើម្បី​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ​មកពី​តំបន់​នានា ។​

​លោក គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឲ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរ ជើង​សំខាន់ៗ របស់​សមត្ថកិច្ច​ចម្រុះ​ចំនួន ២​កន្លែង នៅក្នុង​ស្រុក​ស្នួល គឺ​ព្រំប្រទល់​ស្រុក​មេ​ម៉ុ​ត ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុងការ​ហាមឃាត់​ការ ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​
​ការចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​របស់ សមត្ថកិច្ច​ចម្រុះ​នៅពេលនេះ ធ្វើឡើង​ក្នុង គោលបំណង​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មួយចំនួន​ចែកជូន​កងកម្លាំង​ប្រចាំការ នៅ​គោលដៅ ព្រមទាំង​ជំរុញ​ឲ្យ​សមត្ថកិច្ច​រឹតបណ្តឹង​ការ អនុវត្ត​សេចក្ដីសម្រេច​លេខ​៤៤ សសរ ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល កម្ពុជា និង​សេចក្តីណែនាំ​លេខ ០០៤​ស​ណន ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល ខេត្តក្រចេះ ស្ដីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ឱ្យមាន​ប្រសិទ្ធភាព ខ្ពស់ ។

​លោក​គង់ គឹម​នី មានប្រសាសន៍ថា សម្រាប់​ខេត្តក្រចេះ​នូវ​គ្រប់​គោលដៅ​ទាំងអស់ ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯការ​ភាព​ខេត្ត គឺ​ត្រូវ​បិទផ្លូវ​ព្រំប្រទល់​រវៀង​ខេត្ត​និង​ខេត្ត​មួយ​ចំនូ​ន​ជា​បណ្តោះអាសន្ន ។ ការហាមឃាត់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នាពេលនេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពិសេស​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល គិតគូរ​ពី​សុខភាព​សាធារណៈ គិតគូរ​ពី​អាយុជីវិត​បងប្អូន គ្រួសារ និង សង្គមជាតិ ។
​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្តន៍​តាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ការចម្លង​ជំងឺ​កូ​វីដ​១៩ ។ ហើយ​ចំពោះ​អ្នក​ចំណូលស្រុក ត្រូវអោយ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅតាម​ផ្ទះ ឬ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក អោយបាន​ត្រឹមត្រូវ ព្រមទាំង​ចូលរួម​អនុវត្តន៍​តាម​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​ពី​ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ផងដែរ​។​

​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​គោលដៅ​ទាំង​២​ខាងលើ​លោក​អភិបាលរង​ខេត្ត ក៏បាន​នាំយក​សម្ភារ​មួយចំនួន របស់​រដ្ឋបាលខេត្ត​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ទាំង​២​ខាងលើ រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ ថវិកា​ចំនួន​មួយ​លាន​រៀល​ក្នុង​មួយ​គោលដៅ ។ ដោយឡែក​លោក គង់ គឹម​នី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែម​ដល់​គោលដៅ​ទាំងពីរ ចំនួន​ពីរ លាន​រៀល ។​
​សូមបញ្ជាក់ថា ខេត្តក្រចេះ​មាន​រៀបចំ​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ដែលមាន​ព្រុំប្រទល់​ខេត្ត មាន​ចំនួន​៦​គោលដៅ​ក្នុងស្រុក​៤​ដែល​ត្រូវបាន​បែងចែក​អភិបាលរង​ខេត្ត​ចុះ​ត្រួតពិនិត្យ​គោលដៅ​ឈរជើង​របស់​សមត្ថកិច្ច និង សួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន​ចែកជូន​កងកម្លាំង​ប្រចាំការ​នៅ​គោលដៅ​ទទួលបាន​ដូចៗ​គ្នា ៕​សរន​