ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីយន្តការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេសនៅ ប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថាដើម្បីឱ្យកិច្ច ដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានរៀបចំយន្តការក្នុងការ ស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬ កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) មានដូចខាងក្រោម៖
ក. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតាប្រភេទ(E) ហើយដែលមានប័ណ្ណការងារ (work permits) ចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ៖ វិនិយោគិន ធុរជន ពលករជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញការបរទេស។ល។
ឯកសារតម្រូវសម្រាប់ស្នើសុំចាក់វ៉ាក់សាំង៖
១. លិខិតឆ្លងដែនមានសុពលភាព
២. ទិដ្ឋាការដែលមានសុពលភាព
៣. ប័ណ្ណការងារ (workpemits) ដែលចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជនបរទេសក្នុងប្រភេទ (ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំង ដែលការចាក់អាចស្របពេលជាមួយនឹងមន្ត្រី បុគ្គលិក និងកម្មករ នៅតាមក្រសួង ស្ថាប័ន រោងចក្រក្រុមហ៊ុន ឬទីកន្លែងសមស្របតាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល ។
ខ. អាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ក្រុង ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុងប្រភេទ (ក) រួមមាន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេស (មានទិដ្ឋាការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ ជនបរទេសស្នាក់នៅស្របច្បាប់រយៈពេលវែង ។ល។
ឯកសារតម្រូវសម្រាប់ ចុះឈ្មោះចាក់វ៉ាក់សាំង៖
១. លិខិតឆ្លងដែនមានសុពលភាព
២. ទិដ្ឋាការដែលមានសុពលភាព ។
ជនបរទេសក្នុងប្រភេទ(ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕