ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :អគ្គស្នងការនគរបាលជាតិផ្តល់អំណោយដល់កម្លាំងនគរបាលឈរជើងងនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលរសេនាតូចការពារព្រំដែនគោក៨៩១ ប៉ោយប៉ែតបានឳ្យដឹងនៅរសៀលថ្ងៃទី៨ខែមេសាថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំ លោកលោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រីព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាល ដែលបានបំពេញបេសកកម្មការពារតាមបន្ទាត់ព្រំដែនថៃ ។

ក្នុងនោះអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ៨ តោន មី ៤០០ កេសតូច ទឹកសុទ្ឋ ៤០០យួរ និង ថវិកា ៤,០០០,០០០ រៀល (បួនលានរៀល) ជូនកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ វរៈ៩១១, វរៈ ៨០៧, វរៈ ៨១៥ និង វរៈ ៨៩១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា កម្មវិធីរួមសម្រាប់វរសេនាតូចនគរបាលការពារព្រំដែនទាំង៤ វរៈ នេះប្រារព្ធធ្វើនៅ ទីបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ ស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំ នាំមតិផ្តាំផ្ញើសួរសុខទុកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ជៀសផុតពីជម្ងឺកូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ កុំ ៣ ការពារ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារផងដែរ៕