ដោយៈមុនីរ័ត្ន/ភ្នំពេញ: លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាត់ លោក សែម គន្ធា និងក្រុមការងារនាំយកសម្ភារប្រើប្រាស់មួយចំនួនដូចជា ៖ ម៉ាស់ចំនួន ២ ម៉ឺនម៉ាស់, អាវពេទ្យចំនួន ២ ម៉ឺនអាវ និងវ៉ែនតាកញ្ចក់ការពារចំនួន២ពាន់វ៉ែនតា ទៅប្រគល់ជូនលោក ទី ហ្សានិត តំណាងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ស.ស.យ.ក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ លោក ស សុខា ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចំណែកដល់បេសកកម្ម និងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈលោក។
លោក ស សុខា បានថ្លែងថា ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕