Home ព័ត៌មានអន្តរជាតិ បវរកញ្ញា​ពិភព...

បវរកញ្ញា​ពិភពលោក​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ជម្លោះ​លើ​ឆាក​ក្នុងពេល​ប្រឡង​បវរកញ្ញា​នៅ​ស្រីលង្ការ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​មេសា​បវរកញ្ញា​ពិភពលោក​សំរាប់​ស្ត្រី​មាន​ស្វាមី​ហើយ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ទាញ​មកុដ​ចេញពី​ក្បាល​ជ័យលាភី​បវរ​កញ្ញាឯក​ស្រីលង្កា​និង​បាន​​បង្ក​របួសស្នាម​។​

​នាង​ខា​រ៉ូ​លីន ជូ​រី ដែល​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​នេះ​ឆ្នាំ ២០២០ ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ក​របួស​លើ​នាង ភូស​ពី​កា ដេ​ស៊ីល​វ៉ា​ដែល​ឈ្នះ​បវរកញ្ញា​ឯក​ស្រីលង្កា​នៅក្នុង​កម្មវិធី​ប្រឡង​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​កូឡុំបូ​កាលពី​ថ្ងៃអាទិត្យ​។​

​ក្រោយ​នាង​ដេ​ស៊ីល​វ៉ា​ឈ្នះ​មកុដ​ទើប​បាន​មួយ​ភ្លែត នាង​ជូ​រី​ដែលជា​ជនជាតិ​ស្រីលង្កា​ដូចគ្នា ក៏​ឡើង​មក​លើ​ឆាក​ហើយ​ទាញ​យក​មកុដ​ពី​នាង​ដេ​ស៊ីល​វ៉ាដោយ​និយាយថា​នាង​មិន​មាន​លក្ខណៈសម្បត្តិ​​គ្រប់គ្រាន់​ទេ ដោយសារ​នាង​បាន​លែងលះ​ប្តី​។ បន្ទាប់មក​នាង​ជូ​រី​បាន​ប្រគល់​មកុដ​ដល់​ជ័យលាភី​រង​ទី​១ ដោយ​ប្រកាស​ថា​នាង​គឺជា​អ្នកឈ្នះ​មកុដ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​នាង​ដេ​ស៊ីល​វ៉ា នាង​បាន​បដិសេធ​មិន​បាន​លែងលះ​ប្តី​នោះទេ​។​

​នាង​បាន​សរសេរថា “​ការរស់នៅ​បែក​គ្នា​គឺជា​រឿង​មួយ​។ ការ​លែងលះ​គ្នា​គឺជា​រឿង​ផ្សេង​មួយទៀត​។ ខ្ញុំ​នៅតែ​ជា​ស្ត្រី​មិនទាន់​លែងលះ​”​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក អា​ជី​ត រ៉ូ​ហាណា បាន​និយាយថា ប៉ូលិស​បាន​ទទួល​ពាក្យបណ្តឹង​ពី​នាង​ដេ​ស៊ីល​វ៉ា ថា នាង​បាន​រងរបួស​នៅពេល​ដែល​មកុដ​របស់​នាង​ត្រូវបាន​ដកចេញ​។​

​លោក​រ៉ូ​ហា​ណា​និយាយថា​នាង​ជូ​រី​និង​តារា​បង្ហាញ​ម៉ូត​ម្នាក់ទៀត​ឈ្មោះ ជូឡា ផាត​មិនដ្រា ត្រូវបាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ “​បង្ក​របួសស្នាម​និង​ប្រើ​កម្លាំងបាយ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ព្រហ្មទណ្ឌ​” ហើយ​ក្រោយមក​ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​។ ស្ត្រី​ទាំង​ពីរ​នាក់​ត្រូវ​បាន​បង្គាប់​ឱ្យ​ចូល​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី ១៩ ខែ​មេសា​។​

​ឧបទ្ទវហេតុ​នៅ​ឯ​កម្មវិធី​ប្រឡង​បវរកញ្ញា​សំរាប់​ស្ត្រី​មាន​ប្តី​កាលពី​ថ្ងៃអាទិត្យ​ដែល​ចូលរួម​ដោយ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី បាន​បង្កើត​ភាពច្របូកច្របល់​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កោះ​នៅ​មហាសមុទ្រ​​ឥណ្ឌា​មួយ​នេះ​។ កាលពី​ថ្ងៃ​ចន្ទ អ្នក​រៀបចំ​កម្មវិធី​ប្រឡង​បាន​និយាយថា ពួកគេ​នឹង​ប្រគល់​មកុដ​នេះ​ដល់​នាង​ដេ​ស៊ីល​វ៉ា​វិញ​៕

នាង​ខា​រ៉ូ​លីន ជូ​រី (​កណ្តាល​) ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស ក្រោយ​គេ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular