Home ព័ត៌មានសំខាន់ៗ យោធា​មី​យ៉ាន់...

យោធា​មី​យ៉ាន់​ម៉ា រឹបអូស​ចាន​ផ្កាយរណប កំហិត​សេវា​អ៊ិន​ធឺ​ណិតនិ​ង​ចាប់ខ្លួន​តារា​សម្តែង​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​ការបិទ​ខ្ទប់​ព័ត៌មាន​នៅ​ក្រោម​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​កាន់តែ​អាក្រក់​ទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៨​មេសា នៅពេល​សេវា​អ៊ីនធឺណិត​បាន​ប្រែជា​ពិបាក​ចូល​ប្រើ​នៅ​លើ​​បណ្តាញ​ជាច្រើន​។​

​អាជ្ញាធរ​នៅ​តំបន់​ខ្លះ​ថែម​ទាំង​ចាប់ផ្តើម​រឹបអូស​ប្រមូលយក​ចាន​ផ្កាយរណប​ដែល​ត្រូវបាន​ប្រជាជន​ប្រើ​ដើម្បី​ទទួលបាន​ព័ត៌មាន​អន្តរជាតិ​។​

​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ថ្ងៃ​០១​កុម្ភៈ​បាន​បន្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទោះ​ជា​កងកម្លាំង​ប្រដាប់អាវុធ​បាន​បាញ់សម្លាប់​អ្នក​តវ៉ា​ប្រឆាំង​ចំនួន​១១​នាក់​នៅ​មួយ​ថ្ងៃមុន​នេះ​។​

​ការ​កំហិត​ការប្រើ​សេវា​អ៊ិន​ធឺ​ណិ​ត​នេះ​កើតឡើង​ចំពេល​មាន​សេចក្តីរាយការណ៍​ថា តារា​សម្តែង អ្នក​បង្ហាញ​ម៉ូត​និង​ជា​អ្នកចំរៀង​ពេញ​និយម​របស់​មី​យ៉ាន់​ម៉ា​លោក ភែ​ង ថាក់​ខុន ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​០៨​មេសា​នេះ​ផងដែរ នៅពេល​អាជ្ញាធរ​កំពុង​តាម​រក​ចាប់ខ្លួន​ពួក​តារា​ជាង​១០០​នាក់​ដោយសារ​តែ​ពួកគេ​ចូលរួម​ចលនា​ប្រឆាំង​របប​យោធា​។​

​ភែ​ង ថាក់​ខុន សកម្ម​ក្នុង​ចលនា​ប្រឆាំង​ទាំង​ក្នុង​ហ្វូង​បាតុកម្ម​និង​ក្នុង​បណ្តាញ​សង្គម​។​លោក​ភែង ថាក់​ខុន​នៅក្នុង​បាតុកម្ម​មួយ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​យ៉ាងហ្គោន​​កាលពី​ថ្ងៃ​១១​កុម្ភៈ ឆ្នាំ​២០២១

​ភែ​ង ថាក់​ខុន អាយុ​២៤​ឆ្នាំ ជា​តារា​ទាំង​នៅ​មី​យ៉ាន់​ម៉ា​និង​នៅ​ថៃ​ក្បែរ​ខាង ។​លោក​សកម្ម​នៅក្នុង​ចលនា​ប្រឆាំង​រដ្ឋប្រហារ ។​

​បង​ប្អូនស្រី​របស់​លោក​បាន​សរសេ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ថា​«​ទាហាន​ប្រមាណ​៥០​នាក់​មក​ដល់​តាម​រថ​យន្ត​ចំនួន​៨​គ្រឿង​។​ពួកគេ​បាន​ចាប់​គាត់​ចេញពីផ្ទះ​ម្តាយ​របស់​គាត់​នៅ​ក្រុង​យ៉ាងហ្គោន​កាល​​ពី​ដើម​ថ្ងៃ​ព្រហស្បតិ៍​។​ដោយសារ​គាត់​ឈឺ​ធ្ងន់ ពួកគេ​បាន​ចាប់​ខ្លួន​គាត់​ដោយ​ស្ងៀមស្ងាត់​មិន​មាន​អំពើ​ហិង្សា​ទេ​។​យើង​មិនដឹង​ថា​គេ​នាំ​គាត់​ទៅ​ណា​ទេ​»​។​

​យោង​តាម​ការ​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មីៗ តារា​សម្តែង​រូបនេះ​បង្ហាញ​ថា​លោក​មិន​មាន​សុខភាព​ល្អ​ទេ​។​

​ភែ​ង ថាក់​ខុន ក៏​ល្បី​នៅ​ថៃ ដោយ​លោក​បង្ហាញមុខ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​និង​ការសម្តែង​ជាច្រើន​។​កាលពី​ខែ​មករា​លោក បាន​កោរសក់​បួស​ជា​សង្ឃ​មួយ​រយៈពេល​ខ្លី ។​

​សូមបញ្ជាក់​ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​ចេញ​បញ្ជី​ឈ្មោះ​តារា​ប្រមាណ​១២០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន រួម​មាន​អ្នកចំរៀង លីន លីន និង ជី​ត ធូ វ៉ា​យ តារា​សម្តែង​ហើយ​ពួកគេ​ប្រឈម​ការជាប់គុក​៣​ឆ្នាំ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular