ក្តីបារម្ភ​អំពី​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កាកើនឡើង ខណៈ​អូស្ត្រាលី ហ្វីលីពីន និង​សហភាព​អាហ្វ្រិក​រឹតត្បិត​ការប្រើ​វ៉ាក់សាំង​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អូស្ត្រាលី​និង​ហ្វីលីពីន​បាន​រឹតត្បិត​ការប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្សេ​នីកា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​មេសា​ខណៈ​សហភាព​អាហ្វ្រិក​បាន​បោះបង់​គម្រោង​​ទិញ​វ៉ាក់សាំង​នេះ​ចំ​ពេល​កំពុង​ខ្វះខាត​វ៉ាក់សាំង​ជា​សកល ដែល​នេះ​ជាការ​វាយ​សំពង​យ៉ាង​ខ្លាំង​ទៅលើ​ក្តីសង្ឃឹម​របស់​ក្រុមហ៊ុន​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​សម្រាប់​ពិភពលោក​។​

​វ៉ាក់សាំង ដែល​ត្រូវបាន​បង្កើត​ឡើង​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត​និង​ត្រូវបាន​ចាត់ទុក​ជា​វ៉ាក់សាំង​ឈាន​មុខ​គេ​ក្នុងការ​ប្រណាំងប្រជែង​វ៉ាក់សាំង​ជា​សកល​នោះ​ត្រូវបាន​ញាំញី​ដោយ​ក្តី​បារម្ភ​អំពី​សុវត្ថិ​​ភាព​និង​បញ្ហា​ផ្គត់ផ្គង់ ចាប់តាំងពី​លទ្ធផល​នៃ​ការសាកល្បង​ដំណាក់កាល​ទី ៣ ត្រូវ​បាន​បោះពុម្ពផ្សាយ​កាលពី​ខែ​ធ្នូ​ខណៈ​ឥណ្ឌូនេស៊ី​ក្លាយជា​ប្រទេស​ចុងក្រោយបង្អស់​ដែល​បង្ខំចិត្ត​ស្វែងរក​វ៉ាក់សាំង​ពី​ក្រុម​​ហ៊ុន​ឱសថ​ដទៃទៀត​។​

​ហ្វីលីពីន​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ក្រោម ៦០​ឆ្នាំ​បន្ទាប់ពី​និយតករ​អឺរ៉ុប​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​បាន​រកឃើញ​ករណី​កកឈាម​ក្នុងចំណោម​​អ្នកទទួល​ពេញវ័យ​មួយចំនួន ទោះបីជា​គេ​នៅ​តែ​ជឿ​ថា​វ៉ាក់សាំង​នេះ​មាន​អត្ថប្រយោជន៍​លើស​ហានិភ័យ​របស់​វា​ក៏ដោយ​។​

​អូស្ត្រាលី​បាន​ណែនាំ​ប្រជាជន​អាយុ​ក្រោម ៥០ ឆ្នាំ​គួរតែ​ទទួលបាន​វ៉ាក់សាំង​ហ្វាយ​ហ្សឺ​របស់​អាម៉េរិក​ជាជាង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ជា​ការផ្លាស់ប្តូរ​គោលនយោបាយ​មួយ​ដែល​ខ្លួន​ព្រមាន​ថា​នឹង​បង្អាក់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។​

​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កាគឺលក់​ក្នុងតម្លៃ​ខាតដើម ដោយ​មួយដូ​ស​ត្រឹម​តែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​។ រហូតមក​ទល់​ពេល​នេះ​វា​ជា​វ៉ាក់សាំង​ថោក​ជាង​គេ​បំផុត​និង​ដាក់លក់​ក្នុង​បរិមាណ​ច្រើន​ជាង​គេ​បំផុត ហើយ​មិន​តម្រូវ​ឱ្យ​ក្លាសេ​ក្នុង​ទូទឹកកក​ត្រជាក់​ខ្លាំង​ដូច​វ៉ាក់សាំង​ផ្សេង​ទៀត​នោះ​ទេ ដែល​ធ្វើឱ្យ​វា​ទំនង​ក្លាយជា​កម្លាំង​ជំរុញ​នៃ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​ប៉ុន្តែ​ឥឡូវ​មាន​ប្រទេស​ជាង ១០ ហើយ​បាន​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​ដោយ​ផ្នែក​ឬ​ផ្អាក​ទាំងស្រុង​តែ​ម្តង​ដោយសារ​បារម្ភ​អំពី​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ហើយ​ឥឡូវនេះ​មានការ​ព្រួយ​​បារម្ភ​អំពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​និង​កម្រ ដែល​កើតមាន​ចំពោះ​មនុស្ស​វ័យក្មេង​។​

​ករណី​នេះ​រួម​ផ្សំ​ជាមួយនឹង​ការថយចុះ​ផលិតកម្ម​ទៀតសោត​នឹង​ពន្យារ​ពេល​នៃ​ការចាក់​វ៉ាក់សាំង​ពាសពេញ​ពិភពលោក​ខណៈ​រដ្ឋាភិបាល​នានា​កំពុង​ជួប​ការលំបាក​ក្នុង​ការស្វែងរក​វ៉ាក់សាំង​ផ្សេង​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣ លាន​នាក់​៕

​មាន​ប្រទេស​ជាង​១០​ហើយ​បាន​រឹតត្បិត​ការប្រើ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា​។​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កាគឺលក់​ក្នុងតម្លៃ​ខាតដើម ដោយ​មួយដូ​ស​ត្រឹម​តែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular