Home ព័ត៌មានជាតិ នយោបាយ សុំ សឿម ៖ អតី...

សុំ សឿម ៖ អតីត មេបញ្ជាការ វរ សេនា តូច -៥១

ដោយ ៖ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសនិ្តភាពអន្លង់វែង/ភ្នំពេញៈ
សុំ សឿម ភេទ ប្រុស អាយុ ៦៣ ឆ្នាំ បច្ចុប្បន្ន រស់ នៅ ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរ មាន ជ័យ បាន ចែក រំលែក អំ ពី រឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់ក្នុងរបប ខ្មែរ ក្រហមដូចខាងក្រោម ៖

សុំ សឿម ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់ដល់ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មុន ឆ្នាំ ១៩៧០ ខ្ញុំ រស់ នៅ ក្នុង គ្រួសារ កសិករ ដែលមាន ឪពុក គឺ ជា ជន ជាតិ ចិន និង ម្ដាយ គឺជា ជន ជាតិ ខ្មែរ ។ គ្រួសារ ខ្ញុំ បាន រស់ នៅ ជួប ជុំ គ្នា យ៉ាងរីករាយ និងមានជីវភាពធូរធា ។ រៀង រាល់ ពេល ព្រឹក ខ្ញុំ ត្រូវ ជួយ ធ្វើ កិច្ច ការ ឪពុក ម្ដាយរបស់ ខ្ញុំ ។ ចំណែក ឯនៅ ពេល ថ្ងៃខ្ញុំ ទៅ រៀននៅ សា លា ដូច ក្មេងៗ ដទៃ ទៀតដែរ ។ ខ្ញុំ នៅ ចាំ បាន ថា ពេល ខ្ញុំមាន អាយុ ១២ ឆ្នាំ សេនា ប្រមុខ លន់ នល់ បាន ធ្វើ រដ្ឋ ប្រហារ ទម្លាក់ សម្ដេច ព្រះ នរោត្តម សីហនុ ពី តំណែង នៅ ថ្ងៃ ទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ។

នៅ ចន្លោះ ឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំ រួម ទាំង សិស្សានុសិស្ស ប្រហែល ៣០-៤០នាក់ ផ្សេង ទៀត បាន នាំ គ្នា រត់ ចូល ព្រៃ ម៉ាកគី ជា មួយ លោក គ្រូដែលបង្រៀននៅក្នុង ថ្នាក់ ។ កាល នោះ ខ្ញុំ រៀនដល់ថ្នាក់ ទី ១០។ ដោយ សារ តែនៅ វ័យ ក្មេង ខ្ញុំឆាប់ ជឿ ពាក្យ លួង លោមបញ្ចុះ បញ្ចូល របស់ គ្រូៗ បណ្តាល ឲ្យ ខ្ញុំត្រូវចាកចេញ ពី ឪពុក ម្ដាយ និងបង ប្អូន ។ ក្រោយ ពី បានធ្វើ ដំណើរ ទៅដល់ ព្រៃ ម៉ាកគី ខ្ញុំ ក៏ បាន ជួប ជា មួយ មេ កង ពលម្នាក់ ឈ្មោះ តា វឿន។ ដោយ ក្ដី អាណិត និង ស្រឡាញ់ តាវឿន បាន យក ខ្ញុំ ទៅ ធ្វើជា នីរសាររបស់គាត់ ។ ខ្ញុំ មាន តួនាទី យក សំបុត្រ ទៅ សមរភូមិខាង មុខ ម្ដង ម្កាល និង អម ដំណើរ មេ របស់ ខ្ញុំនៅ ពេល មាន ប្រជុំនៅ តាម ភូមិ ភាគ។ ក្រៅពីនោះ ខ្ញុំ ទទួលភារកិច្ច ចម្អិន អាហារ និង ដាំ ទឹក ក្ដៅ ជូន មេ របស់ ខ្ញុំដែរ ។ ខ្ញុំ នៅធ្វើ ជានីរសារ បាន មួយ ឆ្នាំ តាវឿន ក៏ ឲ្យ ខ្ញុំ ឈប់ ហើយ បញ្ជូន ខ្ញុំ ឲ្យ ចូល ធ្វើ ជា កង ទ័ព វិញ ។
នៅ ឆ្នាំ ១៩៧៣ ខ្ញុំ បានចូល ជា កង ទ័ព ខ្មែរ ក្រហម និង បាន ទៅឈរជើងនៅ សមរភូមិ ជា មួយ កង កម្លាំងខ្មែរក្រហម ជា ច្រើន នាក់ ទៀត ។ ទិស ដៅ របស់ កងកម្លាំង ខ្មែរ ក្រហម គឺ ឡើងទៅ វាយ ជា មួយ កង ទ័ព លន់ នល់ ។ ខ្ញុំ និង កង កម្លាំងខ្មែរក្រហម ជា ច្រើន នាក់ ទៀត បាន ទៅ ត្រៀម តាមគោល ដៅរៀងៗ ខ្លួន ដើម្បី ទប់ ទល់ ជា មួយ កងទ័ព លន់ នល់ ។ ខណៈ ពេល ដែល កំពុង វាយ ប្រយុទ្ធគ្នា កង ទ័ព លន់ នល់ បាន ទម្លាក់ គ្រាប់ បែក និង គ្រាប់ គីមី យ៉ាងសន្ធឹកសន្ធាប់ដែល ធ្វើ ឲ្យ ខូច ខាត សម្ភារ និង គ្រឿង សព្វាវុធ ជាច្រើន ។ សំណាង ល្អ កង កម្លាំងខ្មែរក្រហម ទាំង អស់ មិន រង របួស ធ្ងន់ ធ្ងរ ឬមាន ការស្លាប់ ។

នៅ ឆ្នាំ ១៩៧៥ យោធាខ្មែរ ក្រហម បាន វាយ យក ទី ក្រុង ភ្នំ ពេញបាន ។ ខណៈ ពេល នោះ ខ្ញុំ មាន សេច ក្ដី ត្រេក អរ និង សប្បាយ រីករាយយ៉ាង ខ្លាំង ព្រោះខ្ញុំ គិត ថា នៅ ពេល ទទួល បាន ជ័យ ជម្នះ ខ្ញុំ និង អាច ត្រឡប់ ទៅ ស្រុក កំណើត ជួប ជុំ ឪពុក ម្ដាយ វិញ ។ ប៉ុន្តែ ជាអកុសលខ្ញុំ មិន អាចត្រឡប់ ទៅ ជួបគ្រួសារ បាន ទេ ដោយ សារតែ ខ្ញុំមាន របួសត្រង់ កំភួន ជើង ពេល ធ្វើ សង្គ្រាម។ ខ្ញុំ ត្រូវ នៅ ព្យាបាល ក្នុង ទី ក្រុង ភ្នំ ពេញ ។ ក្រោយ ពី ខ្ញុំ ព្យាបាល នៅ មន្ទីរ ពេទ្យលោក សង្ឃអស់រយៈពេល មួយ ខែ ខ្ញុំបាន ត្រឡប់ ទៅ នៅ តាម សមរភូមិ ក្រោយ វិញ ។ បន្ទាប់ មក ទៀត ខ្ញុំ ត្រូវបានបញ្ជូនឲ្យ ទៅ នៅ ឈរ ជើងនៅក្នុង ទឹក ដី ខេត្ត កំពង់ ចាម មួយ រយៈ។

សុំ សឿម និងកូនប្រុស បច្ចុប្បន្ន រស់ នៅ ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរ មាន ជ័យ។

លុះដល់ ឆ្នាំ ១៩៧៧ ខ្ញុំ បាន ទទួល ដំណឹងថា ឪពុក ម្ដាយ របស់ ខ្ញុំ ត្រូវ បាន គេ សម្លាប់ ចោល ទាំង គ្រួសារ ។ ដំណឹង នេះ ធ្វើ ឲ្យ ខ្ញុំ មាន កំហឹងយ៉ាង ខ្លាំង ។ ខ្ញុំ ចាំ បាន ថា អ្នក ដែល សម្លាប់ ឪពុក ម្ដាយ របស់ខ្ញុំ គឺ ជា អ្នក នៅក្នុង ភូមិ ជា មួយ គ្នា និងមាន តួនាទីគឺជា ឈ្លបភូមិ ។ ដោយសារតែ ចង់ បាន មុខ មាត់ បុណ្យស័ក្តិ ឈ្លបភូមិ បាន រាយ ការណ៍ទៅ ថ្នាក់ លើ ថា គ្រួសាររបស់ ខ្ញុំ ក្បត់ អង្គការ និង ជា សែ ស្រឡាយចិន ។ នៅ សម័យ ខ្មែរក្រហម អ្នកដែលមានឈ្មោះ ជាប់សែស្រឡាយ ចិន គឺឈ្លបយក ទៅ សម្លាប់ ទាំង គ្រួសារ ទោះសាមី ខ្លួន មិន បានប្រព្រឹត្ត អ្វី ខុសក៏ដោយ ។ ខ្ញុំមាន ការ សោក ស្ដាយ ចំពោះ ឪពុក ម្ដាយ បង ប្អូន ដែល បានស្លាប់ យ៉ាង អាណោច អាធ័មទើប ធ្វើ ឲ្យ ខ្ញុំ ចង់ សង សឹក ឃាតកដែល សម្លាប់ គ្រួសារ របស់ ខ្ញុំ វិញ ។

នៅ ក្នុង ឆ្នាំ ១៩៧៩ ពេលកង ទ័ព ស្ម័គ្រចិត្តវៀត ណាមចូល វាយ បែក បន្ទាយ ខ្មែរក្រហម។ ខ្ញុំ រួម ទាំងកង កម្លាំងខ្មែរក្រហម ជា ច្រើន នាក់ ទៀត បាន រត់ ភៀស ខ្លួន ទៅ ភ្នំ ឱរ៉ាល់ ដែល ស្ថិត នៅ ក្នុង ខេត្ត កំពង់ ស្ពឺ។ ក្រោយ ពី បាន ធ្វើ ដំណើរ ទៅ ដល់ ទី នោះ កង កម្លាំងខ្មែរក្រហម ទាំងអស់ ហាក់ មាន សភាព ទ្រុឌ ទ្រោម យ៉ាង ខ្លាំង ដោយ សារ តែ ពេល ធ្វើ ដំណើរ តាម ផ្លូវ មាន ការ ខ្វះ ខាត ស្បៀង អាហារ និង ទឹកផឹក ។ នៅ ទី នោះ យើងនាំ គ្នា ដើរ រក ជីកមើម ក្ដួច យក មក ធ្វើ អាហារ សម្រាប់ ហូបដើម្បី មាន ជីវិត រស់ ។ ការ អត់ឃ្លាន និង ខ្វះ ស្បៀង អាហារហូប ចុក បែប នេះ មិន អាច ឲ្យ យើង បន្ត រស់ នៅទីនោះ បាន ទៀត ទេ ។ មិន យូរ ប៉ុន្មាន ខ្ញុំ និង កងកម្លាំង ដែល នៅ សេស សល់ បាន សម្រេច ចិត្ត ចាក ចេញ ពីភ្នំឱរ៉ាល់ ឆ្ពោះ ទៅ កាន់ ភ្នំ ដងរែក ។ ខ្ញុំបាន ចំណាយ ពេល អស់ ជា ច្រើន ខែ ទើបដើរ ទៅ ដល់ ច្រក ១០០៣ ដែល ស្ថិត នៅក្នុង ខេត្ត ព្រះ វិហារ ។ នៅ ទីនោះ មេ កងពល និង មេ កងវរសេនាធំ ចាប់ ផ្ដើម ប្រមូល កម្លាំងតាម ភូមិ ភាគ តាម ភូមិស្រុក មក ជួប ជុំ គ្នាវិញ ។ ក្រោយ ពី ប្រមូល កម្លាំង បាន ហើយ មេ កង ពល ធំ បាន បង្កើត និង បែង ចែក កម្លាំង ទៅ ជា កង ពល តូចៗ ។ កាល ណោះ ខ្ញុំ នៅ កង ពល ធំ ៧៨៥ ហើយបន្ទាប់ មក ខ្ញុំ ត្រូវ បានអង្គភាព បញ្ជូន ឲ្យ ទៅ វាយ នៅ សមរភូមិ នៅទន្លេសាប។ ដើម្បី ទៅ ដល់ គោល ដៅ ខ្ញុំ ត្រូវធ្វើ ដំណើរចុះ ពី លើ ភ្នំ ដង រែក ដោយ ថ្មើរ ជើង រហូត ដល់ ខេត្ត កំពង់ ធំ ទើប ជិះ ទូក ឆ្ពោះ ទៅ កាន់ ទន្លេ សាប ។ ទូកដែលខ្ញុំ ជិះ មាន ប្រវែង ពី ៨-៩ម៉ែត្រ ។ ខ្ញុំ មិន ចង់វាយ ជា មួយ កង ទ័ព ខ្មែរ ទេ ព្រោះ មុន ពេល ខ្ញុំ ចេញ ទៅ វាយជា មួយ វៀត ណាម ខ្ញុំ បាន សរសេរ សំបុត្រ ផ្ញើ ទៅ តាម រយៈ អ្នក ស្រុក ឲ្យ ប្រាប់ កងទ័ព ខ្មែរ ឆាប់ ចាក ចេញ ពី ទី នោះ ឲ្យ អស់ និង លឿន បំផុត ។ ខ្ញុំ មិន ចង់ ឃើញ កង ទ័ព ខ្មែរវាយ គ្នា ឯង ទេ ។

នៅឆ្នាំ ១៩៨២ ខ្ញុំ បាន ទទួល តំណែង ជាមេបញ្ជា ការ វរសេនា តូច -៥១ ។ កង កម្លាំង ដែល ខ្ញុំ គ្រប់គ្រងមានចំនួន ១១០ នាក់ ។ ក្រោយ ពី បាន ទទួល តំ ណែង ខ្ញុំ បាន ទៅ លេង បង ប្អូន នៅ ស្រុក កំណើត ។ ក្រោយមក ខ្ញុំ បាន ចាក ចេញ ពី ជួរ កង ទ័ព និង លះបង់ គំនុំសង សឹក ចោល ទាំង អស់ ដោយខ្ញុំចង់បានតែ សេចក្ដី សុខ និង រស់នៅដោយ ភាព ស្មោះ ត្រង់ ជា មួយញាតិជិតខាងរហូត មក ដល់ សព្វ ថ្ងៃ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular