ដោយ​:​សុខុម​/​ស្ទឹងត្រែង​: ភ្លៀង​ធ្លាក់​ខែ​ដើមឆ្នាំ​សត្វ​ហ៊ីង​ដែល​លាក់ខ្លួន​ពេញ​មួយឆ្នាំ​នៅក្នុង​ដី បានចេញ​ស្រែកយំ​ខ្លាំងៗ​តាម​ថ្លុក​ត្រពាំង​វាលស្រែ​ដងអូរ​។ ដោយសារតែ​សត្វ​ហ៊ីង​ជាស​ត្វ ដែល​មនុស្ស​អាច​ញ៉ាំ​ជា​អាហារ​បាន​នោះ មនុស្សម្នា​ទាំងឡាយ​ក៏​នាំគ្នា​ចុះទៅ​ចាប់​យកមក ធ្វើ​ម្ហូប​និង​ខ្លះ​យកមក​លក់ដូរ​នៅ​ទីផ្សារ​។​

​ស្ត្រី​មាឌធំ​ម្នាក់​អង្គុយ​លក់​ហ៊ីង​នៅ​ផ្សារ​ស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ បាន​ប្រាប់​រស្មី​កម្ពុជា​ថា សត្វ​ហ៊ីង​នេះ គាត់​ទទួល​ទិញ​ទាំង​ការុងៗ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ទាប​បំផុត​ក៏​១៥.០០០​រៀល​។​ស្ត្រី​ដដែល​បន្តថា​ហ៊ីង​នៅ​ថ្ងៃ​ដំបូង​ខែ​ភ្លៀង​ធ្លាក់​ដើមឆ្នាំ​មាន​ពង​ពេញ​ពោះ​ខ្លាញ់​ល្អ​ណាស់​។​បើសិនជា​ភ្លៀង​ធ្លាក់​ជោកជាំ​ហ៊ីង​ស៊ី​សត្វល្អិត​ច្រើន​ដូចជា ស្រមោច កណ្ដៀរ ពេញ​ពោះ​នោះ រសជាតិ​របស់​វា​មិន​ឆ្ងាញ់​ទេ​។​
តាម​ទម្លាប់​ដើម្បី​ធ្វើ​ម្ហូប​ផ្សេងៗ​អ្នក​ខេត្តស្ទឹងត្រែង​និយម​យក​សត្វ​ហ៊ីង​មក​ត្រាំ​ទឹកអំបិល​ដើម្បី​ឲ្យ​វា​ផឹក​ចូលក្នុង​ពោះ​។ សត្វ​ហ៊ីង​ខ្លះ​អាច​ស្លាប់​ដោយ​ខ្លួន​វា​។ បន្ទាប់មក​គេ​យ​កវាម​កលាង សម្អាត​ហើយ​យកទៅ​ចំអិន​ធ្វើជា​ម្ហូប​តាម​ចំណូលចិត្ត​ផ្សេងៗ​។​សត្វ​ហ៊ីង​គេ​និយម​យកទៅ​អាំង ចុច​ជាមួយ​ទឹកជ្រលក់​ឬក៏​ស្ងោរជ្រក់ ជាដើម​។​

​លោក​អ៊ុង សូ​វៀត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ខ្ញុំ​គិតថា សត្វ​ហ៊ីង ប្រភេទ​នេះ ការយកមក​ទទួលទាន មិនមាន​ប៉ះពាល់​សុខភាព​ទេ បើ​ធ្វើបាន​ស្អាត ចំអិន​ឆ្អិន​ល្អ និង​មាន​អនាម័យ ។

​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន​ណាត​បានសរសេរថា​សត្វ​ហ៊ីង​គឺជា​នាមសព្ទ សត្វ​មួយ​ប្រភេទ សន្ដាន​កង្កែប តែ​សណ្ឋាន​មាឌ​ត្រមុល បំប៉ោង​ខ្លួន​បាន​, បង្កប់ខ្លួន នៅក្នុង​ដី​សើម​ឬ​ក្នុង​គំនរ​ស្លឹកឈើ​សើម កាលណា​មាន​ភ្លៀង​ចេញមក​ខាងក្រៅ​តែង​ស្រែកយំ ឮសូរ​ខ្លាំង​ហួសមាឌ​។​ហ៊ីង មាន​៣​ប្រភេទ​គឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំ​ជាង​ហ៊ីង ឯទៀត យំ​ឮ​ក្រេ​ត​ក្រូ​តៗ​; ហ៊ីងជ័រ មាឌតូច​ជាង​ហ៊ីងកណ្ដោល មាន​ជ័រស្អិត​នៅលើ​ស្បែក យំ​ឮសូរ​តូច​ស្រួច​ក្ងួ​; ហ៊ីងចំបក់ មាឌតូច​ជាង​ហ៊ីងជ័រ យំ​ឮសូរ​ខ្សោយ​ជាង​ហ៊ីងជ័រ​៕​/PC