Home ព័ត៌មានអន្តរជាតិ យក​ថៃ​ជា​គំរូ...

យក​ថៃ​ជា​គំរូ​? នេះ​ជា​ហេតុផល​ដែល​យោធា​មី​យ៉ាន់​ម៉ា​អាច​នឹង​យក​គំរូ​តាម​លោក​ប្រា​យុទ្ធ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សិង្ហ​បុរី (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ក្រឡេក​មើល​មួយ​ភ្លែត​គេ​អាច​មើលឃើញ​ពី​បំណង​ស្រដៀង​គ្នា​សម្រាប់​រដ្ឋប្រហារ​ឆ្នាំ ២០០៦ និង ២០១៤​នៅក្នុង​ប្រទេស​ថៃ​ក៏ដូចជា​រដ្ឋប្រហា​​នៅ​មី​យ៉ាន់​ម៉ា​ឆ្នាំ ២០២១ ។​

​ក្នុងករណី​ទាំងបី ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​បាន​ប្រឈម​មុខ​នឹង​រដ្ឋាភិបាល​ស៊ីវិល ដែល​កំពុង​ស្វែងរក​ការត្រួតត្រា​លើ​ពួកយោធា​។​

​ក្នុង​ឆ្នាំ ២០០៦ ឧត្តមសេនីយ៍​ស៊ុន​ធិ ប៊ុន​យ៉ារ៉ាត់​គ្លី​ន បាន​ប្រឈម​មុខ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ីវិល​ថាក់ស៊ីន ស៊ីណា​វ៉ាត់​។ ក្នុង​ឆ្នាំ ២០១៤ ឧត្តមសេនីយ៍ប្រា​យុទ្ធចា​ន់​អូ​ចាបាន​ប្រឈម​មុខ​នឹង​ប្អូនស្រី​របស់​លោក​​ថាក់ស៊ីន​គឺ​លោកស្រី​យី​ង​ឡាក់​។​

​ក្នុង​ឆ្នាំ ២០២១ មេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​ហ្លាំង ប្រឈម​មុខ​នឹង​លោកស្រី​អ៊ុង សាន ស៊ូ​ជី​។​

​ខណៈ​កាតព្វកិច្ច​ចូលនិវត្តន៍​របស់​ពួកគេ​ខិត​ជិត​មក​ដល់ ពួក​មេដឹកនាំ​យោធា​ទាំងនេះ​អាច​ប្រឈម​នឹង​ការកាត់ទោស​និង​បាត់បង់​ការកាន់កាប់​សេដ្ឋ​កិច្ច​ក៏ដូចជា​អនាគត​នយោបាយ​។​

​ជា​ការពិត ថៃ​និង​មី​យ៉ាន់​ម៉ា​គឺជា​សង្គម​ប្រេទ័រ (​ដឹកនាំ​ដោយ​យោធា​) ដោយហេតុ​ថា យោធា​របស់​ពួកគេ​តែង​ដឹកនាំ​តួអង្គ​នយោបាយ​ជាតិ​។​

​ក្នុងនាម​ជា​អ្នក​ការពារ​សន្តិសុខ​ជាតិ យោធា​ទាំងនេះ​បាន​កាន់កាប់​អំណាច​រដ្ឋ សេដ្ឋកិច្ច និង​សង្គម​យ៉ាង​សម្បើម​។ នៅពេល​ដែល​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​ទាំង​នេះ​ទំនាក់ទំនង​យោធា​និង​​ស៊ីវិល​នៅក្នុង​ប្រទេស​ថៃ​និង​មី​យ៉ាន់​ម៉ា​កាន់តែ​មាន​ភាព​តានតឹង ដែល​ជារឿយៗ​នាំទៅរក​រដ្ឋប្រហារ​។​

– ប្រទេស​ថៃ​អាច​ជា​គំរូ​សម្រាប់​មី​យ៉ាន់​ម៉ា​

​ឧត្តមសេនីយ៍មីង អ៊ុង​ហ្លាំង​និង​មេដឹកនាំ​តាតម៉ា​ដាវ (​យោធា​ភូមា​) ដទៃ​ទៀត​ច្បាស់​ជា​បាននិងកំពុង​ឃ្លាំមើល​និង​កត់​ត្រាទុក នៅពេល​រដ្ឋប្រហារ​ឆ្នាំ ២០១៤ នៅ​ថៃ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​ស៊ីវិល អាច​ទ្រទ្រង់​ខ្លួនឯងបាន​ទៅក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​ដោយ​យោធា​ក្នុង​ឆ្នាំ ២០១៩ ។​

​ជាក់ស្តែង បន្ទាប់​ពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​នៅ​មី​យ៉ាន់​ម៉ា ពួក​ឧត្តមសេនីយ៍​ហាក់ដូច​ជា​បាន​ព្យាយាម​ធ្វើតាម​គំរូ​នៃ​ការគ្រប់គ្រង​ដោយ​យោធា​ថៃ​។​

​គំរូ​នោះ​បាន​បង្ហាញថា យោធា​អាច​ធ្វើ​រដ្ឋប្រហារ​ដោយ​ជោគជ័យ​និង​ដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ កន្លែង​ដែល​រដ្ឋាភិបាលកណ្តាល​ដែល​រឹងមាំ​តែង​មាន​អំណាច​ត្រួតត្រា​ប៉ុន្តែ​ជន​ស៊ីវិល​ជាប់​ឆ្នោត​​មិន​អាច​គ្រប់គ្រង​យោធា តុលាការ​កាន់ជើង​ខាង​កងកម្លាំងប្រដាប់អាវុធ និង ជន​ស៊ីវិល​មាន​ការបែកបាក់​គ្នា​ជាង​មន្ត្រី​សន្តិសុខ​។​

​វា​ជា​មេរៀន​ល្អៗ ដែល​យោធា​មី​យ៉ាន់​ម៉ា​បាន​យកចេញ​ពី​រដ្ឋប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០០៦ និង ២០១៤​។ បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០០៦ នៅ​ថៃ​និង​ការកែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៧​ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​​របស់​ស៊ីវិល​ចុះខ្សោយ ប្រទេស​ថៃ​បានឃើញ​លទ្ធិប្រជាធិបតេយ្យ​ទន់ខ្សោយ​រយៈពេល ៦ ឆ្នាំ​។​

​ចាប់ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ថៃ​ដែល​ជាប់ឆ្នោត​បង្ហាញ​ការគ្រប់គ្រង​បែប​ស៊ីវិល​ដែល​មាន​ប្រសិទ្ធភាព​តិចតួច ដូច្នេះ​គេ​មិន​អាច​ប្រកែក​បាន​ឡើយ​ថា​យោធា​គ្រប់គ្រង​ល្អ​ជាង​។​

​ភាពទន់ខ្សោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ​បាន​ជួយ​ជំរុញ​ទឹកចិត្ត​យោធា​ភូមា​ឱ្យ​កែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ និង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ ២០១១ ។ ដូច​ក្នុងប្រទេស​ថៃ​ដែរ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្រោយ​ឆ្នាំ ២០១១ មាន​ការគ្រប់គ្រង​តិចតួច​លើ​យោធា​។​

– ប៉ុន្តែ​មី​យ៉ាន់​ម៉ា​បោះជំហាន​ទៅ​មុខមុន​មួយ​ជំហាន​

​ទោះយ៉ាងណា យោធា​មី​យ៉ាន់​ម៉ា​បាន​បោះជំហាន​ទៅមុខ​មុន​ថៃ​។ យោធា​ភូមា​គ្រប់គ្រង ២៥ ភាគរយ​នៃ​អាសនៈ​សភា​នីមួយៗ​ទទួលបាន​ស្វ័យភាព​ពី​ការឃ្លាំមើល​របស់​ស៊ីវិល​មក​លើ​ការកាន់កាប់​សេដ្ឋ​​កិច្ច​របស់ខ្លួន និង ត្រួតត្រា​លើ​ក្រុមប្រឹក្សា​ការពារ​ជាតិ​និង​សន្តិសុខ​។​

​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ របស់​ថៃ​បាន​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​។ ព្រឹទ្ធសភា គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​និង​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​ត្រូវបាន​តែងតាំង​​ដោយ​រដ្ឋាភិបាល​យោធា ដែល​ជា​រូបមន្ត​បោះឆ្នោត​ថ្មី​មួយ​រារាំង​គណបក្ស​នានា​ពី​ការទទួលបាន​សំឡេង​ភាគច្រើន​នៅ​សភា​ជាន់​ទាប ហើយ​រដ្ឋាភិបាល​ឥឡូវ​ត្រូវតែ​គោរព​តាម​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល ២០ ឆ្នាំ​ដើម្បី​ធានា​នូវ​ថវិកា​យ៉ាង​សម្បើម​សម្រាប់​យោធា​ឬ​មិន​អ៊ីចឹង​នឹង​ប្រឈម​ការចោទប្រកាន់​។​

​ទន្ទឹមនឹងនេះ​ដែរ គណបក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់ ដែល​ជា​គណបក្ស​ស្និទ្ធ​នឹង​យោធា​និង​ប្រើប្រាស់​ធនធាន​រដ្ឋ ត្រូវបាន​បង្កើតឡើង​។ ឧបនាយករដ្ឋមន្ត្រី (​និង​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​) ប្រា​វីត វង់​ស៊ូ​វ៉ុន នៅតែ​​ជា​មេដឹកនាំ​គណបក្ស​។ គណបក្ស​នេះ​ក៏​បាន​ជួល​បណ្តាញ​សម្របសម្រួល​អ្នកបោះឆ្នោត​ក្នុងស្រុក​និង​ផ្តល់​អំណោយ​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​ផង​ដែរ​។​

​ដោយ​សិក្សា​ពី​ការបោះឆ្នោត​ឆ្នាំ ២០១៩ របស់​ថៃ​និង​ការប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ថ្មី​ដើម្បី​ពង្រីក​ជំហរ​របស់​ខ្លួន​នៅក្នុង​នយោបាយ ពួក​តាត​ម៉ា​ដាវ​បាន​ព្យាយាម​កែ​ឡើងវិញ​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​របស់​យោធា​។​

​ប៉ុន្តែ​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ដែល​គ្រប់គ្រង​គណៈកម្មាធិការ​សភា​រួម​សម្រាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បាន​បដិសេធ​ការប៉ុនប៉ង​ទាំងនេះ​។​

​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដែល​ថា​តាត​ម៉ា​ដាវ​បាន​តាមមើល​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ​។ ប្រសិនបើ​ពួក​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​អាច​កែ​រដ្ឋធម្មនុញ្ញ​ស្រដៀង​នឹង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ របស់​ថៃ នោះ​គណបក្ស​សាមគ្គី​និង​អភិវឌ្ឍន៍​សហភាព (USDP) របស់​ពួកគេ អាច​នឹង​ឈ្នះ​ការបោះឆ្នោត​ទល់​នឹង​គណ​បក្ស NLD ហើយ​នឹង​រុញឱ្យ​យោធា​គ្រប់គ្រង​រដ្ឋ​តែម្តង​។​

​ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​មី​យ៉ាន់​ម៉ា​បាន​ផ្តល់​សំឡេង​ភាគច្រើន​លើសលប់​ដល់​គណបក្ស NLD ដែល​ធានា​ថា ការកែ​រដ្ឋធម្មនុញ្ញ​នឹង​មិន​អាច​អនុវត្ត​ឆាប់ៗ​នោះឡើយ​។​

​តាម​របៀប​មួយ​ដូច​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ក្នុង​ប្រទេស​ថៃ​ដែល​អនុញ្ញាត​ឱ្យ​យោធា​ថៃ​ពីរ​បី​ឆ្នាំ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ ការដណ្តើម​អំណាច​ដើម្បី​កាន់កាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ឆ្នាំ ២០២១​ក៏​ធ្វើ​តាម​លំនាំ​ដូច​
​ថៃ​ដែរ​។​

– ប៉ុន្តែ​ភាពខុសគ្នា​ច្បាស់ក្រឡែត​នៅតែមាន​

​មាន​ភាពខុសគ្នា​រវាង​ករណី​ថៃ​និង​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​។​

​ទី​មួយ​ប្រទេស​ថៃ​ត្រូវបាន​គ្រប់គ្រង​ជា​យូរយារ​ណាស់​មក​ហើយ​ដោយ​ការរៀបចំ​រវាង​រាជានិយម​និង​យោធា ដោយ​យោធា​ជា​ដៃគូ​សិស្ស​ប្អូន​។​យោធា​ទទួលបាន​អំណាច​ស្រប​ច្បាប់​ច្រើន​ក្នុងនាម​ជា​អ្នកការ​​ពារ​រាជានិយម​ជាពិសេស​ភាពស្និទ្ធស្នាលរ​បស់​ខ្លួន​ជាមួយ​ស្តេច​រាមា​ទី​៩ (​ប្រជាជន​ថៃ​ស្រឡាញ់​ពេញចិត្ត​បំផុត​)​។​

​ប្រជាប្រិយភាព​ដ៏​សម្បើម​និង​ការគាំទ្រ​របស់​ទ្រង់​ចំពោះ​រដ្ឋប្រហារ​ឆ្នាំ ២០០៦ និង ២០១៤ (​ចំ​ពេល​កំពុង​មាន​ការ​បែកបាក់​ក្នុងចំណោម​ជនជាតិ​ថៃ​ទាក់ទង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត់​) បាន​ធ្វើឱ្យ​ប្រជាជន​ថៃ​បែកខ្ញែក​គ្នា ប៉ុន្តែ​រក្សា​តុល្យភាព​នៅ​ចំពោះ​យោធា​។ ផ្ទុយទៅវិញ រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ហាក់​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តប​ក្នុងស្រុក​យ៉ាង​ខ្លាំងក្លា​។​

​ទី​ពីរ​ដោយ​មាន​ឥទ្ធិពល​លើ​ការសរសេរ​រដ្ឋធម្មនុញ្ញ​យ៉ាងតិច​១៥​លើក យោធា​ថៃ​បាន​ដើរ​លើ​វិថី​ដ៏​វែងឆ្ងាយ​មួយ​ក្នុងការ​ទទួល​ជោគជ័យ​លើ​ការគ្រប់គ្រង​គណបក្សនយោបាយ​និង​ទទួលបាន​អំណាច​ថ្នាក់ជាតិ​។ យោធា​ថៃ​បាន​បញ្ជ្រៀប​ខ្លួន​ចូល​ទៅក្នុង​ប្រព័ន្ធ​នយោបាយ​រួចទៅហើយ​។​

​ទោះ​យ៉ាងណា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​យល់ឃើញថា​ខ្លួន​ជា​អ្នក​ជួយសង្គ្រោះ​ប្រទេស​ពី​អាណានិគមនិយម​និង​សត្រូវ​បរទេស​ដោយ​ធានាបាន​នូវ​តួនាទី​ការពារ​សន្តិសុខ​ជាតិ​យ៉ាង​​ខ្ជាប់ខ្ជួន​និង​ប្រកប​ដោយ​បុព្វសិទ្ធិ​។​

​ទស្សនៈ​នេះ​បាន​ជួយ​ផ្តល់​នូវ​ភាពសមហេតុ​សម​ផល​ចំពោះ​អន្តរាគមន៍​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៦២, ១៩៨៨ និង ២០២១ ។ ក្នុងពេល​ជាមួយគ្នានេះ​ដែរ​មន្ត្រី​យោធា​តាត​ម៉ា​ដាវ​បាន​ក្លាយជា​វណ្ណៈ​សេដ្ឋកិច្ច​ពោរពេញ​​ដោយ​អភ័យឯកសិទ្ធិ ពោលគឺ​មាន​ឥទ្ធិពល​បំផុត​នៅ​ទូទាំង​ប្រទេស​។​

​ប៉ុន្តែ​ទស្សនៈ​នេះ​មិន​បាន​យល់​ឃើញ​ដោយ​ប្រជាជន​ទូទៅ​នោះ​ឡើយ​។ ប្រទេស​នៅ​តែ​មិន​ចុះសម្រុង​នឹង​គ្នា ដោយ​ស៊ីវិល​តិចតួច​ណាស់​ទទួលបាន​ប្រជាប្រិយភាព លើកលែង​តែ​លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី​។​

​ទន្ទឹមនឹងនេះ​ដែរ យោធា​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រើប្រាស់​កម្លាំងបាយ​ជាង​ការបង្កើត​គណបក្ស​នយោបាយ​ដែល​ជោគជ័យ​។ ជាក់ស្តែង ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ជាង ៥៧០ នាក់​ហើយ​។​

– បង្កើត​ការគាំទ្រ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​

​ទោះបីជា​មាន​ភាពខុសគ្នា​ដូច្នេះ​ក្តី ក៏​ប៉ុន្តែ​ការ​ជាប់ទាក់ទង​ដ៏​សំខាន់​របស់​ថៃ​សម្រាប់​មី​យ៉ាន់​ម៉ា​គឺថា ការបង្ក្រាប​តែមួយ​មុខ​នឹង​មិន​អាច​ទ្រទ្រង់​ឥទ្ធិពល​យោធា​បានទេ​។​

​ដោយ​បាន​និយា​យល់ព្រម​ចំពោះ​ការ​ផ្លាស់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ជា​មួយ​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ ២០១១​យោធា​មី​យ៉ាន់​ម៉ា​នឹង​មិន​អាច​អនុញ្ញាត​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ដែល​រឹង​ដៃ​រឹង​ជើងចាប់​​ផ្តើម​លុបបំបាត់​ពួកគេ​វិញ​នោះ​ឡើយ នៅពេល​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ចាត់ទុក​ថា​រឹងមាំ​ហើយ​នោះ​។​ទស្សនៈ​នេះ​ហើយ​ជា​អ្នក​ផាត់​ចោល​នូវ​ការ​ផ្លាស់​មក​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​​ពី​ឆ្នាំ ២០១១ រហូតដល់​ឆ្នាំ ២០២១ ។​

​វា​រឹតតែ​ជា​រឿង​ឆ្លាត​វៃ​សម្រាប់​តាត​ម៉ា​ដាវ​ដើម្បី​បង្កើត​ការគាំទ្រ​នៅក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដូច​យោធា​ថៃ​បាន​ធ្វើ​។ បើ​មិន​ដូច្នោះ​ទេ​ប្រទេស​មី​យ៉ាន់​ម៉ា​អាច​នឹង​ធ្វើដំណើរ​ឆ្ពោះទៅ​រក​ការ​​បង្ហូរឈាម​ទូទាំងប្រទេស ហើយ​ទីបំផុត​នឹង​ត្រឡប់​ទៅរក​អតីតកាល​របស់​ខ្លួន​វិញ​។​

​ឥឡូវនេះ ការកាប់សម្លាប់​បាន​កើត​ឡើង​ហើយ​។ ខណៈ​ការបង្ក្រាប​ដ៏​ហិង្សា​របស់​យោធា​មិន​អាច​ទប់​នឹង​ការតវ៉ា​បានឡើយ ចឹង​តើ​យោធា​អាច​ធ្វើ​អ្វី​បាន​នៅពេលនេះ​? មាន ៣ ផ្លូវ​។​

​ទី​មួយ​ចុះចាញ់​បាតុករ​ហើយ​ត្រឡប់​ទៅ​របប​ប្រជាធិបតេយ្យ​សភា​នៅមុន​រដ្ឋប្រហារ​វិញ​។​

​ទី​ពីរ​ព្យាយាម​យក​គំរូ​តាម​ថៃ​សម្រាប់​មី​យ៉ាន់​ម៉ា​ក្នុង​ការកសាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ដែល​ផ្តល់ឱ្យ​កងទ័ព​នូវ​ឥទ្ធិពល​ច្រើន​លើ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ថ្មី​មួយ​។​

​ការបង្កើត​ប្រព័ន្ធ​នយោបាយ​ទ្វេ​សភា​បែបនេះ ដោយ​ក្នុងនោះ​ព្រឹទ្ធសភា គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​និង​ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​តែងតាំង​ដោយ​យោធា​ទាំងស្រុង​ក៏​ដូចជា​រូបមន្ត​បោះឆ្នោត​ដូច​​នៅក្នុង​ប្រទេស​ថៃ​ក្រោយ​ឆ្នាំ ២០១៩ គឺ​ជួយ​ឱ្យ​ប្រទេស​ទប់ទល់​ឈ្នះ​នឹង​សេណា​រី​យ៉ូ ដែល​គណបក្ស​មាន​ប្រជាប្រិយភាព​ខ្ពស់ (​មិន​ថា​បក្ស​ភឿ​ថៃ​នៅ​ប្រទេស​ថៃ ឬ បក្ស NLD​របស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​) អាច​ប្រើ​សំឡេង​ភាគច្រើន​របស់​ខ្លួន​នៃ​ការបោះឆ្នោត​ភ្លាមៗ​ទៅ​ជា​ប្រៀប​ឈ្នះ​ទាំងស្រុង​នៅក្នុង​សភា​។​

​ទី​បី​ត្រឡប់​ទៅរក​របប​ផ្តាច់ការ​យោធា​ហិង្សា​នៅ​មុន​ប្រវត្តិ​បោះឆ្នោត​ភូមា​ឆ្នាំ ១៩៩០ ។​

​ក្នុង​ខែមេសា​ឆ្នាំ ២០២១ ជាមួយនឹង​សេណា​រី​យ៉ូ​ទីមួយ​មិន​អាច​ចាប់ផ្តើម​បាន​និង​សេណា​រី​យ៉ូ​ទី​ពីរ​មិន​អាច​ទទួលយក​បាន​ដោយ​ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​នេះ​ហាក់​កំពុង​ធ្លាក់​​ចូលទៅ​ក្នុង​សេណា​រី​យ៉ូ​ទីបី គឺ​ការគ្រប់គ្រង​អំណាច​ដោយ​យោធា​ដ៏​ឃោរឃៅ​។ ប៉ុន្តែ​ជាមួយ​នឹង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តែ​បន្ត​កើតមាន រដ្ឋប្រហារ​ខែកុម្ភៈ​នៅ​មិនទាន់​បាន​ទទួល​ជោគជ័យ​ពេញលេញ​ទេ​។​

​ទីបំផុត តាត​ម៉ា​ដាវ​ត្រូវតែ​ដឹងថា ថ្ងៃ​ណាមួយ​ពួកគេ​នឹង​ត្រូវ​សម្របសម្រួល​ជាមួយ​គណបក្ស NLD ដែល​ទទួលបាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​។​សំណួរ​នៅតែមាន ៖ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​នឹង​​ត្រូវស្លាប់ មុន​ពេល​ឈានដល់​តុ​ចរចា​?៕

​លោក​មីន អ៊ុង​ហ្លាំង និង លោក​ប្រា​យុទ្ធ ចាន់​អូ​ចា មេដឹកនាំ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា និង​ថៃ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular