ទឹកចិត្តជួយកុមារក្នុងសហគមន៍ជួយឱ្យលោក អ៊ុក យុទ្ធ ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ

ដោយៈសុផល/ភ្នំពេញ៖ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រគឺជាអំពើល្អដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smartឆ្នាំ២០២០.ឥឡូវនេះលោកយុទ្ធបានជាប់ ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូនេះ ហើយ បើលោកត្រូវបានគេជ្រើសរើសជាជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។

បុរសដែលជាមន្ត្រីសម្របសម្រួលប្រចាំសមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទដែលជាអង្គការ មួយក្នុងខេត្តក្រចេះរូបនេះបានផ្តល់ការសិក្សាដល់សិស្សក្រីក្រនិងកុមារផ្សេងទៀតនៅក្នុងសហ គមន៍របស់លោកដោយឥតគិតថ្លៃ។គំនិតជួយកុមារនេះបានកើតមានឡើងបន្ទាប់ ពីលោកបាន ទៅទស្សនាកោះទ្រង់ដែលជាកោះអេកូទេសចរណ៍សម្បូរដោយភ្ញៀវទេសចរបរទេសស្ថិតនៅត្រើយម្ខាងនៃក្រុងក្រចេះ។នៅពេលនោះលោកសង្កេតឃើញថា ទាំងកុមារនិងមនុស្សចាស់នៅ លើកោះនោះអាចប្រើប្រាស់ភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ។

លោកបាននិយាយថា៖“ខ្ញុំគិតថាប្រសិនបើបណ្តុះបណ្តាលក្មេងជំនាន់ក្រោយវាធ្វើឱ្យតំបន់នោះ ក្លាយជារឿងដែលល្អនៅថ្ងៃក្រោយសម្រាប់ពលរដ្ឋដែលរស់នៅទីនោះ”។ដូច្នេះ ក្នុងខែ មករា ឆ្នាំ២០១៦លោកបានសហការជាមួយសាលាបឋមសិក្សារដ្ឋមួយនៅលើកោះនោះដើម្បីបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់កុមារប្រហែល ៧០នាក់ ដោយមានជំនួយស្ម័គ្រចិត្តពីគ្រូ បរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះមិនមានភាពរលូន ការបង្រៀននេះ បានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល។ក្រោយមកក្នុងខែដដែលនោះ លោកបាន សម្រេចចិត្តបើក ដំណើរការសាលារៀនមួយឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោកក៏បាន បន្ថែមមុខវិជ្ជាកុំព្យូទ័រថ្នាក់មូលដ្ឋាន និងបណ្ណាល័យថែមទៀតផង។

លោកបាននិយាយទៀតថា៖“ខ្ញុំសម្រេចបង្កើតសាលានេះដើម្បីឱ្យក្មេងនៅទីរួមខេត្តនេះទទួលបានការអប់រំពិសេស។ ជាពិសេសទៅទៀត ភាសាអង់គ្លេសរបស់ពួកគាត់នៅបឋមសិក្សា រៀន បានតិចតួចនៅឡើយ។អ៊ីចឹងនៅពេលពួកគេឡើងថ្នាក់ទី៧មានការលំបាកណាស់ផ្នែកភាសា អង់គ្លេសហ្នឹង”។

លោកបានបន្តថាការបង្កើតសាលារៀននេះទទួលបានជោគជ័យដោយចាប់ផ្តើមពីសិស្ស៥នាក់ រហូតដល់ជាង ១០០នាក់នៅសាខាទី១ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។សាលា​របស់​លោក​ក៏​មានសាខាមួយទៀតផងដែរស្ថិតនៅក្នុងឃុំគោលាប់ស្រុកចិត្របុរីខេត្តក្រចេះដែលមាន​ចម្ងា​យ​ប្រហែល ៧គីឡូម៉ែត្រពីសាខាទី១។ នៅសាខានេះ មានសិស្សប្រហែលពី ៧០ ទៅ ៨០នាក់។ជាអកុសលដោយសារការរាតត្បាតជំងឺកូវីដសាលាទី២នេះបានបិទដំណើរការបណ្តោះអាសន្នហើយដោយសារខ្វះខាតគ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតា​ពួកគាត់មក​ស្នាក់​នៅ​រយៈពេលវែងក្នុងទីក្រុងនេះក្រោយការចូលនិវត្តន៍ពីប្រទេសរបស់ពួកគាត់។

សព្វថ្ងៃ សាលារបស់លោក យុទ្ធ មានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់គឺជាសិស្សពូកែប្រចាំសាលា ដែលបានស្ម័គ្រ​ចិត្ត​ជួយបង្រៀន ក្រោយទទួលបានចំណេះដឹងដែលអាចមានលទ្ធភាពបង្រៀនបាន។

លោក ហ៊ុន សុធា គ្រូបង្រៀនបឋមសិក្សានិងភរិយាលោកស្រី ហ៊ុន ដានីតា ជាស្រ្តី​មេផ្ទះគឺជា​គ្រួសារ​មួយ​ក្នុង​ចំណោមគ្រួសារជាច្រើនដែលបញ្ជូន​កូនរបស់ពួកគាត់ទៅ​សិក្សានៅ​សាលា​ដូល​ហ្វីន។លោ​​​ក​​​​ថ្លែងថា៖ “សាលានេះគឺជាសាលាដែលមានប្រយោជន៍ចំពោះកូនខ្ញុំច្រើន។ទីមួយ គ្រូ​សុទ្ធ​តែ​ជាគ្រូល្អៗមានចំណេះដឹងនិងវិធីសាស្រ្ត​បង្រៀនគាត់ប្លែកៗ​ហើយមួយទៀត​នោះគឺ​ដោយ​សារ​​ស្ថានភាពគ្រួសារលុយកាក់មិនសូវមានច្រើន ទន្ទឹមនឹងសាលាល្អហើយ រៀនអត់​អស់លុយទៀត”។

អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាង​សំណង់ដែលមាន​ជីវិភាព​មិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ឱ្យទៅរៀន​ភាសា​អង់គ្លេសនៅសាលាភាសាដូលហ្វីនរយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មាន​ក្មួយ៥នាក់ទៀតរៀននៅសាលានេះផងដែរ។

អ្នកស្រីថ្លែងថា៖ “បើរៀននៅសាលាឯកជន យើងអត់មានលទ្ធភាព។ អញ្ចឹងសាលារបស់​គាត់​បានផ្តល់ឱ្យកូនរៀនចេះដោយមិនយកលុយ”។ អ្នកស្រីបន្ថែមថា៖ “សាលាហ្នឹងជួយច្រើន គាត់​មិនរើសអើងចំពោះអ្នកអត់ ឬអ្នកមានទេ។ គាត់ទទួលយកទាំងអស់ឱ្យតែកូនចូលរៀន”។

ទាក់ទងនឹងថវិកាដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោកប្រើប្រាស់​ប្រាក់ខែ​មួយ​ចំណែកដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាលពី​សប្បុរសជន​ទាំង​ផ្នែកថវិកា និងសម្ភារបង្រៀន។

លោកថ្លែងបន្តថា៖ “នៅស្រុកខ្មែរមានអ្នកចិត្តល្អជាច្រើនគេក៏អាចធ្វើដូចខ្ញុំអញ្ចឹងដែរ។ខ្ញុំមិន​មាន​ថវិកាអីច្រើនទេ ប៉ុន្តែយើងព្យាយាមជួយសង្គមរបស់យើង។សង្គមយើងតែងត្រូវការយើង អ៊ីចឹង​សូមឱ្យយើងជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលយើងមាន កុំគិតថា ចាំយើងមាន​ចាំយើង​ជួយ”។

លោកបន្ថែមថា បើលោកមានឱកាសទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹក​ប្រាក់នេះដើម្បី​កែ​លម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការសាលាដើម្បីទទួលសិស្សបន្ថែមទៀត។ លោក​ក៏​មានបំណងផ្តល់ការអប់រំជាភាសាខ្មែរផងដែរបើលោកមានលទ្ធភាព។ក្រៅពី​ការផ្តល់​ការ​បង្រៀ​ន​​​​ដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹកដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផង​ដែរ​ដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។

អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែក​មួយ​នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម​នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋ​កម្ពុជាដែលបានធ្វើ​សកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។ការប្រកាស​ជ័យ​លាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។​កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹង​នៅ​ពេលក្រោយ។ដើម្បីចូលមើលវីដេអូអំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj/។សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេស​ប៊ុករបស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ ចូលទៅកាន់​គេហ​ទំព័រ www.smart.com.kh៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular