ដោយៈ ភ្នំស្វាយ / កំពង់ធំៈ នៅខេត្តកំពង់ធំ ក៏ចុះត្រួតពិនិត្យគោលដៅ បិទការធ្វើដំណើរឆ្លងខេត្ត តាមក្រុងស្រុក ដែលជាប់ព្រំប្រទល់ ជាមួយខេត្តជិតខាង ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាល ក៏ដូចជាគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងទី៩ ខែមេសា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យគោលដៅចរាចរណ៍ បិទការធ្វើដំណើរឆ្លងខេត្ត តាមក្រុងស្រុក ដែលមានព្រំប្រទល់ ជាប់នឹងខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពោលគឺត្រួតពិនិត្យ លើការអនុវត្តន៍អោយបានលទ្ធផលល្អ មានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេស ជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ។
លោកសុខ លូ បានមានប្រសាសន៍ថា ចំពោះការបិទចរាចរណ៍នេះ គឺត្រូវបានអនុគ្រោះ លើការធ្វើចរាចរណ៍ ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្តមន្ត្រីរាជការសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ ពីប្រធានអង្គភាព ឬរថយន្ត អ្នកជំងឺ ដែលមានលិខិតបញ្ជាក់ ពីមន្ទីរពេទ្យ ៕/V