ដោយ: ទេពកង្រី / កំពង់ឆ្នាំង: អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមគ្រូពេទ្យ បានចាប់បញ្ជូនខ្លួន អនុប្រធានផ្សារអូរឫស្សីម្នាក់ នាំយកទៅធ្វើចត្តាឡីស័ក នៅពេលគាត់ បានចូលមកខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ។
អនុប្រធានផ្សារអូរឫស្សី ដែលសមត្ថកិច្ចឃាត់ខ្លួន ធ្វើចត្តាឡីស័ក ខាងលើនេះ មានឈ្មោះ ឆាយ ធារ៉េន អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ ក្នុងតំបន់ហានិភ័យខ្ពស់ ចូលមកក្នុងមូលដ្ឋាន កន្លងមក នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលនៅផ្សារអូរឫស្សី បានផ្ទុះករណីឆ្លងកូវីដ១៩ ខ្លាំង។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ អាជ្ញាធរខេត្ត បានទទួលដំណឹងនេះ ហើយ ទើបនៅរសៀលថ្ងៃទី៩ អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានមកយកបុរស ខាងលើ បញ្ជូនតាមរថយន្ត របស់មន្ទីរសុខាភិបាល ទៅធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់អោយដឹង នៅវេលាម៉ោង ៦ និង២០ នាទី ថ្ងៃទី៩ មេសា ២០២១ថា ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធាន ផ្សារអូរឫស្សី ។ បុរសរូបនេះ បានយកសំណាក ធ្វើតេស្តលើកទី១ ម្តងហើយ នៅថ្ងៃទី៦ ខែមរសា ឆ្នាំ២០២១ វេលាម៉ោង ៣ នៅវិទ្យាល័យបាក់ទូក គ្រូពេទ្យតម្រូវអោយ ធ្វើចត្តាឡីស័ក នៅផ្ទះ លទ្ធផលមិនទាន់ទទួលបាន នៅឡើយទេ។
ដើម្បីបញ្ចៀសករណីឆ្លងណាមួយ ក្នុងសហគមន៍នោះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានធ្វើការសម្រេចយករូបគាត់ ទៅគ្រប់គ្រង នៅមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស ដើម្បីតាមដានស្ថានភាព របស់គាត់បន្តទៀត និងងាយស្រួល យកសំណាកបន្តទៀត។
លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបងប្អូន សាច់ញាតិ នៅខេត្តកំពង់ឆ្នាំង សូមកុំវិលត្រឡប់ ចូលមកក្នុងទឹកដីខេត្ត អោយសោះ បើមិនដូច្នោះទេ អាជ្ញាធរ និងក្រុមគ្រូពេទ្យ និងចាប់បញ្ជូន យកទៅធ្វើចត្តាឡីស័កទាំងអស់ ហើយនេះគឺជាវិធានការ ការពារទប់ស្កាត់ ករណីរីករាលដាល ឆ្លងនៅកូវីដ-១៩ នៅក្នុងសហគមន៍៕/V