ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជំរុញកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ត្រូវនាំគ្នាមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា មិនឱ្យលើសពី១សប្តាហ៍នេះទេ។

ក្រោយពីមានការបញ្ជាផ្ទាល់យ៉ាងមុតមាំពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តម្រូវឱ្យនគរបាលនៅតាមនាយកដ្ឋាន រាជធានី ខេត្តទាំងអស់ ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា មិនឱ្យលើសពី១សប្តាហ៍នេះទេ លើកលែងតែមន្រ្តីនគរបាលមានអាការៈជំងឺធ្ងន់ធ្ងរ។ មុននេះសម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាចំពោះមន្រ្តីបំរើការងារនៅតាមក្រសួងស្ថាប័ន ឬអង្គភាពចំណុះ រាជរដ្ឋាភិបាល ដែលអ្នកមិនមកទទួលចាក់វ៉ាក់សាំងគឺមិនចាំបាច់មកធ្វើការនៅ ក្នុងក្រសួង ស្ថាប័នឬនៅអង្គភាពរដ្ឋនោះឡើយ។

ការចាក់វ៉ាក់សាំងជូនមន្រ្តីនគរបាលរាជធានីភ្នំពេញបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៩ ខែមេសា ដែលទទួលបានការចាក់វ៉ាក់សាំងប្រភេទ(ស៊ីណូវ៉ាក់) ក្រោមការត្រួតពិនិត្យពីលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការភស្ថុភារនិងហិរញ្ញវត្ថុ ៕