ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មកទល់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ចិន​ស៊ី​ណូ​វ៉ា​ក់ (SinoVac) ដើម្បី​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩ លើ​មុខសញ្ញា​អតីតយុទ្ធជន យុទ្ធ​នារី​សម្រាប់​ខេត្ត​៤ ចំណុះ​ភូមិភាគ​បាត់ដំបង​ឬ​យោធភូមិភាគ​ទី​៥ (​ភាគ​ពាយ័ព្យ​) បាន​យ៉ាងច្រើន​លើសលុប​ហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លេខាធិការដ្ឋាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ទាំងនោះ កាលពី​ថ្ងៃទី​៩​ខែមេសា​។​

​ដោយ​ចេញពី​ភូមិភាគ​ផ្សេង​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​បន្តដំណើរ​ចុះទៅពិនិត្យ​ការចាក់​វ៉ា​ក់សាង​កូ​វីដ​១៩ (​ស៊ី​ណូ​វ៉ា​ក់ )​ជូន​អតីតយុទ្ធជន​នៅ​ភូមិភាគ​ទី​៥ រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់ ។​

​លោក​ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធានកិត្តិយស​សមាគម ក្នុងការ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ និង​អតីតយុទ្ធជន ដើម្បី​ឱ្យបាន​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩ ។​

​ដោយឡែក នៅ​ខេត្តបន្ទាយមានជ័យ លោក​ត្រូវបាន​ស្វាគមន៍​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជឹម ប៊ុន​អាន មេ​បញ្ជ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​និង​ជា​ប្រធាន​សាខាសមាគម លោក អ៊ុ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សមាគម ហើយ​ទៅសួរសុខទុក្ខ​គ្រូពេទ្យ ក្រុមការងារ​និង​អតីតយុទ្ធជន​ដែល​បានមក​ទទួល​សេវា​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​៕​