Home ព័ត៌មានសំខាន់ៗ បាល់ទាត់​អឺរ៉...

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ ជំនួប El Clásico ថ្ងៃ​សៅរ៍​នេះ នឹង​អង្រួន​ពិភពលោក​បាល់ទាត់​ជុំវិញ​ពិភពលោក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅ​តំបន់​អឺរ៉ុប មាន​ចាប់ពី​លី​ក​កំពូល​របស់​អង់គ្លេស​រហូតដល់​បារាំង​។ ថ្ងៃ​សៅរ៍​នេះ​មាន​ជំនួប​ធំ​នៅអេ​ស្ប៉ាញ គឺ El Clásico រវាង Real Madrid និង Barcelona​។ យើង​នឹង​លើកយក​២​គូ​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Real Madrid vs Barcelona

​ស្តេច​ស Real Madrid នឹង​បើកទ្វារ​កីឡដ្ឋាន​ទទួល​ស្វាគមន៍​ភ្ញៀវ​អ្នក​មាន​បុណ្យ Barcelona ក្នុងជំនួប El Clasico ដែល​ជា​ការប្រកួត​មាន​អ្នកមើល​ច្រើន​បំផុត​លើ​ពិភពលោក​។

​ស្តេច​ស​បាន​យក​ឈ្នះ ៣-១ យ៉ាង​ភ្ញាក់ផ្អើល​នៅ​ជើង​ទីមួយ​នៅ​កីឡដ្ឋាន Camp Nou ដោយ​គ្រាប់​បាល់​ទាំង ៣ កើតចេញ​ពី​ការ​វាយ​សម្រុក​លឿនៗ​ទាំងអស់​។ គេ​ថា​នោះ​ជា​ការប្រកួត​ដែល Real ចាញ់​ប្រៀប ប៉ុន្តែ​ជាក់ស្តែង​វា​ជា​យុទ្ធសាស្ត្រ​លេង​ដែល​លោក​ហ្ស៊ី​ដាន់​ដាក់ចេញ​ដើម្បី​បំបាក់​លោក​រ៉ូ​ណាល់ ខូ​មែនតែប៉ុណ្ណោះ​។

​នោះ​ជា​ប្រកួត​លើក​ទី​៥​នៃ​រដូវ​កាល ហើយ​ពេលនោះ Barcelona ទើប​ចាប់ផ្តើម​ជីវភាព​ថ្មី​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ​ប៉ុណ្ណោះ​។ ចាប់តាំងពី​ពេលនោះ​មក អ្នក​មាន​បុណ្យ​ចាប់ផ្តើម​លេង​ល្អ​ទៅៗ ដោយ​ឥឡូវ​ឆ្លងកាត់ ១៩ ប្រកួត​មិនដែល​ចាញ់​សោះ​នៅ La Liga​។ តែ​ទោះ​យ៉ាងណា ពួកគេ​បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្របខ័ណ្ឌ​ផ្សេង គឺ​ចាញ់ PSG ៤-១ ក្នុង Champions League និង​ចាញ់ Bilbao ៣-១ ក្នុង Supercopa de Espana​។​

​អ្វី​ដែល​ពិសេស​សម្រាប់​អ្នក​មាន​បុណ្យ​គឺថា ពួកគេ​ឈ្នះ ៩ ប្រកួត​ជាប់ៗ​គ្នា​នៅ​ក្រៅ​ទឹកដី​ដោយ​ស៊ុត​ចូល ២៥ គ្រាប់ ហើយ​ពួកគេ​រំពឹង​បំបែក​ប្រព័ន្ធ​ការពារ​ផុយស្រួយ​របស់ Real Madrid ថ្ងៃនេះ​បាន​។

​ដោយឡែក ស្តេច​ស Real Madrid ជួប​ការលំបាក​សឹង​ពេញ​មួយ​រដូវ​កាល​ទៅ​ហើយ​ជាមួយ​នឹង​របួស​ញាំញី​កីឡាករ​សំខាន់ៗ ដែល​ធ្វើឱ្យ​លទ្ធផល​មិន​សូវ​គាប់ប្រសើរ​។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​សរសើរ​គឺ​ស្តេច​ស​អវត្តមាន​ខ្សែការពារ​កណ្តាល សឺ​ជី​អូ រ៉ា​ម៉ូ​ស និង រ៉ា​ហ្វា​អែល វ៉ា​រ៉ាណេ ហើយ​នៅតែ​អាច​ឈ្នះ Liverpool ៣-១ ក្នុង CL ។

​កូនក្រុម​របស់​លោក​ហ្ស៊ី​ដាន់​មិនដែល​ចាញ់​ម្តងណា​ឡើយ​ក្នុង ១២ ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខ័ណ្ឌ ហេតុ​ដូច្នេះ​វា​រឹតតែ​ធ្វើឱ្យ​ការប្រកួត​នេះ​កាន់តែ​មាន​ការចាប់អារម្មណ៍​ខ្លាំង ត្បិត​អ្នកឈ្នះ​ពាន La Liga រដូវ​កាល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​។ Real ឈរ​នៅ​លេខ​៣ ចាញ់​លេខ​២ Barcelona ២ ពិន្ទុ ហើយ​កូនក្រុម​របស់​លោកខូ​មែន​ចាញ់​លេខ​១ Atl. Madrid តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។

​ពីរ​ប្រកួត​ចុងក្រោយ Real ឈ្នះ Barcelona រហូត ប៉ុន្តែ ៧ ប្រកួត​មុន​នោះ​គឺ​ស្តេច​ស​មិនដែល​ឈ្នះ​អ្នក​មាន​បុណ្យ​ទេ​។ ផ្អែក​លើ​ទម្រង់​លេង​សព្វថ្ងៃ និង បញ្ហា​របួស​ខាង Real Madrid ច្រើន យើង​រំពឹង Barcelona នឹង​យក​ឈ្នះ​នៅ​ទឹកដី​របស់ Real​។​

– Liverpool vs Aston Villa

​ហង្ស​ក្រហម​បាន​ចាញ់ ៦ ប្រកួត​ជាប់​គ្នា​ក្នុងទឹកដី​មុន​ឈាន​ចូល​ការប្រកួ​តថ្ងៃ​សៅរ៍​នេះ ហើយ​វា​ជា​ស្ថិតិ​មិន​គួរឱ្យ​ជឿ​នោះឡើយ ក្រោយ​ពួកគេ​លេង​មិន​ដែល​ចាញ់​សោះ​ក្នុង​ទឹកដី​រហូតដល់ ៦៥ ប្រកួត​ជាប់គ្នា​។

​កំណត់ត្រា​ដ៏​អន់​នេះ​បានធ្វើឱ្យ Liverpool បាត់បង់​ឱកាស​ទាំងស្រុង​ក្នុងការ​ប្រជែង​ពាន EPL តែ​ទោះ​យ៉ាងណា លទ្ធផល​ល្អ​នៅ​ក្រៅ​ទឹកដី នៅតែ​អាច​ឱ្យ​ហង្ស​ក្រហម​បន្ត​ក្តីសង្ឃឹម​ប្រជែង​ចំណាត់​ថ្នាក់​កំពូល​ទាំង ៤ ។ ពួកគេ​បាន​កំណត់​គោលដៅ​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​នេះ​ឱ្យបាន ក្រោយ​ឈ្នះ​កាំភ្លើង​ធំ Arsenal ៣-០ កាលពី​សប្តាហ៍​មុន ហើយ​ចូល​មក​ការប្រកួត​នេះ ពួកគេ​ឈរ​នៅ​លេខ​៧ ឆ្ងាយ​ពី​លេខ​៤ តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។

​បរាជ័យ​របស់ Liverpool ៣-១ នៅ​ទឹកដី​របស់ Real Madrid ក្នុង CL គឺជា​ការ​វាយ​សំពង​មួយ​លើ​ទំនុកចិត្ត​របស់​ពួកគេ​សម្រាប់​ការប្រកួត​ថ្ងៃនេះ​ទល់នឹង Aston Villa ។​

Aston Villa បាន​ផ្តួល Fulham ៣-១ កាលពី​សប្តាហ៍​មុន​ដើម្បី​រក្សា​ក្តីសង្ឃឹម​ប្រជែង​កៅអី Europa League ។ ត្បិត​កូនក្រុម​របស់លោក​ឌី​ន ស្មី​ត មាន​៥​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​ទាំង ៦ ក្តី ក៏​ប៉ុន្តែ​ពួកគេ​នៅសល់​១​ប្រកួត​ក្នុង​ដៃ ធៀប​នឹង​គូប្រជែង​នៅ​ចំណាត់​ថ្នាក់​លើៗ​ពួកគេ​។ ជ័យជម្នះ​ចុងក្រោយ​គឺជា​ការជំរុញ​ស្មារតី​ល្អ​បំផុត​ដល់​ក្រុម​ទាំងមូល ខណៈ​ពួកគេ​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ ៥ ប្រកួត​ជាប់គ្នា​។

Villa មាន​កំណត់ត្រា​ក្រៅ​ទឹកដី​ល្អ​ជាង​ក្នុង​ទឹកដី​ខ្លួនឯង ដោយ​ឈ្នះ ៧ ក្នុងចំណោម ១៥ ប្រកួត​ចុងក្រោយ​នៅ​ក្រៅ​ទឹកដី​។ តែ​ទោះ​យ៉ាងណា ពួកគេ​ទើប​ឈ្នះ​១​ប៉ុណ្ណោះ ក្នុង ៤ ប្រកួត​ចុងក្រោយ​នៅ​ក្រៅ​ទឹកដី​។

​កាល​ដើមរដូវ​កាល Aston Villa បាន​បំបាក់​ហង្ស​ក្រហម ៧-២ ដូច្នេះ​ថ្ងៃនេះ យើង​រំពឹង​ហង្ស​ក្រហម​នៅ​មិនទាន់​ភ្លេច​អារម្មណ៍​បាក់ស្បាត​នេះ​បាន​នៅឡើយ​ទេ​។ លទ្ធផល​ព្យាករណ៍ ១-១៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular