ប្រែសម្រួល : កញ្ញាដាលីស ៖ បណ្តាញសារព័ត៌មានខ្សែកាបអភិរក្សនិយម Fox News បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨មេសាថា អ្នកការទូតកំពូលរបស់លោកដូណាល់ ត្រាំគឺលោក ម៉ៃ ផមផេវ ត្រូវបានជួលឱ្យបង្ហាញខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍ខ្លួនក្នុងនាមជា “អ្នកចូលរួមចំណែក”។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាសមាជិកសភារូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញដោយទូរទស្សន៍ Fox News យ៉ាងដូច្នេះថា”ខ្ញុំមានបំណងផ្តល់ឱ្យទស្សនិកជននូវទិដ្ឋភាពមើលឃើញត្រង់ៗនិងសមហេតុសមផលចំពោះភូមិសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយអាម៉េរិកជាអាទិភាព ដែលបានជួយរៀបចំទិសដៅសម្រាប់ភាពរុងរឿងនិងសន្តិសុខរបស់អាម៉េរិកមិនធ្លាប់មានពីមុនមក”។
នាយកប្រតិបត្តិ Fox News Media លោកស្រី ស៊ូហ្សានណេ ស្កុត បាននិយាយថា “លោក ម៉ៃ ផមផេវគឺជាសំឡេងមួយក្នុងចំណោមសំឡេងដែលត្រូវបានគេទទួលស្គាល់និងគោរពបំផុតរបស់អាម៉េរិកជុំវិញគោលនយោបាយការបរទេសនិងបញ្ហាសន្តិសុខជាតិ។ខ្ញុំទន្ទឹងរង់ចាំការចូលរួមចំណែករបស់គាត់នៅលើវេទិកាជាច្រើនរបស់យើងដើម្បីចែករំលែកទស្សនៈដ៏វិសេសរបស់គាត់ជាមួយទស្សនិកជនរាប់លាននាក់របស់យើង”។
លោកផមផេវបានបន្តកាន់តំណែងរដ្ឋមន្ត្រីការបរទេសពីអ្នកកាន់តំណែងមុនលោករិច ធីលល័រសុន នៅខែមេសាឆ្នាំ ២០១៨ រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលត្រាំនៅខែមករាឆ្នាំ ២០២១។ មុននោះគាត់ធ្លាប់ជានាយក CIA ៕
លោក ម៉ៃ ផមផេវ ត្រូវបានជួលដោយទូរទស្សន៍ Fox News