​ប្រែ​សម្រួលៈ​វាសនា​/​មុំ​បៃ​៖​រដ្ឋ​មហា​រ៉ា​ស្ត្រា​នៅ​ឥណ្ឌា​ដែល​រងគ្រោះ​ខ្លាំង​ពី​វីរុស​កូរ៉ូណា​ខ្លាំងជាងគេ ត្រូវ​បាន​បិទ​ខ្ទប់​មួយ​ចុង​សប្តាហ៍​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ប្រទេស​កំពុង​ប្រយុទ្ធ​នឹង​ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង​​ខណៈ​វ៉ាក់សាំង​កូវី​ដ​១៩​ខ្វះខាត​។​

​ប៉ូលិសល្បាតនៅពេលក្រុងមុំបៃចាប់ផ្តើមអនុវត្តការបិទខ្ទប់ចុងសប្តាហ៍ដើម្បីទប់ស្កាត់កូវីដ១៩

ដោយ​បាន​ឆ្លងកាត់​ពិធី​សាសនា​ដែល​មាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ ការជួបជុំ​នយោបាយ​និង​ការប្រកួត​កីឡាគ្រី​ឃិត ប្រជាជាតិ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២​ក្នុង​លោក​នេះ​ឥឡូវ​បាន​បន្ថែម​​អ្នក​ឆ្លងកូវី​ដ​១៩​ជាង​១​លាន​នាក់​ទៀត​ចាប់តាំងពី​ចុង​ខែ​មីនា​មក​។​

​បន្ទាប់​ពី​ការបិទ​ខ្ទប់​កាល​ពី​មួយ​ឆ្នាំ​មុន​ដែល​បង្ក​ទុក្ខលំបាក​និង​ប៉ះពាល់​សេដ្ឋកិច្ច រដ្ឋាភិបាលកណ្តាល​បាន​ខិតខំ​បញ្ចៀស​ការបិទ​ប្រទេស​ដែល​ប្រជាជន​មិន​ចូល​ចិត្ត​ជា​លើក​ទី​២​។​តែ​រដ្ឋ​ជាច្រើន​ចាប់ផ្តើម​រឹត​​បន្តឹង ជាពិសេស​រដ្ឋ​មហា​រ៉ា​ស្ត្រា និង​រដ្ឋធានី​របស់​វា គឺ​ក្រុង​មុំ​បៃ កន្លែង​ដែល​ភោជ្ជ​នី​យដ្ឋា​ន​ត្រូវបាន​បញ្ជា​អោយ​បិទ និង​ការជួបជុំ​សាធារណៈ​ចាប់ពី​មនុស្ស​៥​នាក់​ឡើង​ត្រូវ​ហាមឃាត់​។​

​នៅ​រាល់​ចុង​សប្តាហ៍​ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ រហូត​ដល់​ចុង​ខែ​មេសា ប្រជាជន​១២៥​លាន​នាក់​ក្នុង​រដ្ឋ​នេះ​ត្រូវ​បង្ខាំង​អោយនៅតែ​ក្នុងផ្ទះ បើសិនជា​មិន​ត្រូវ​ចេញ​ទៅ​ទិញ​ស្បៀងអាហារ ថ្នាំពេទ្យ​ឬ​ការធ្វើដំណើរ​​ចាំបាច់​។​

​ក្នុងពេល​ជាមួយគ្នា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​របស់​ឥណ្ឌា​ជួប​បញ្ហា ដោយ​ការប្រគល់​វ៉ាក់សាំង​ទើបតែ​បាន​៩៤​លាន​ដូស និង​ស្តុក​វ៉ាក់សាំង​ក៏​កាន់តែ​អស់​៕