ដោយ: អង្គរតូច / សៀមរាប: បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ឯស្ត្រីដែលរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយសារបើកម៉ូតូ បុកគូថរថយន្ត ពីក្រោយ ដែលកំពុងចតស្ងៀម។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អាវុធហត្ថស្រុកក្រឡាញ់ បានរាយការណ៍ថាៈ ម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិសំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអ្នកជិះរួមដំណើរជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង បើកបរ ក្នុងទិសដៅពីខាងកើត ទៅខាងលិច (អ្នកបើកបរពាក់ មួកសុវត្ថិភាព ឯអ្នករួមដំណើរ មិនពាក់មួកទេ។
ប្រភពដដែល បានបន្តថា ម៉ូតូបានបុករថយន្តធំ មួយគ្រឿង ពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3C.2940 បើកបរ ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកមកឈប់ នៅចិញ្ចើមផ្លូវខាងស្តាំ បែរក្បាលទៅទិសខាងលិច។ ពេលកើតហេតុរួច អ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។ ក្នុងហេតុការណ៍ បណ្តាលអោយស្លាប់មនុស្ស ម្នាក់ឈ្មោះ អត សឿប។ អ្នករួមដំណើររងរបួសធ្ងន់ ឈ្មោះ ផល្លី និង រងការខូចខាតម៉ូតូធ្ងន់ ១គ្រឿង និងរថយន្តស្រាល ១គ្រឿង។ មូលហេតុគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្ត ធុនធំ បើកមកឈប់ នៅលើផ្លូវថ្នល់។
ក្រោយពេលកើតហេតុរួច កម្លាំងជំនាញ បានប្រគល់សពជូន ក្រុមគ្រួសារជនរងគ្រោះ។ ឯជនរង គ្រោះម្នាក់ទៀត បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់។ ចំណែកវត្ថុតាងទាំង ពីរគ្រឿង កម្លាំងជំនាញចរាចរណ៍ បានយកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V