ដោយៈ​យោធិន​/​កំពង់ចាមៈខ្មោច​នាវា​មួយគ្រឿង​ដែល​ត្រូវ​បាញ់​ពន្លិច​នា​អំឡុង​សម័យ​សង្គ្រាមស៊ីវិល​នៃ​ឆ្នាំ​១៩៧០-១៩៧៥ ត្រូវបាន​ស្រង់​ពី​បាតទន្លេ​មេគង្គ​ត្រង់ចំណុច​ភូមិសាស្ត្រ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កាលពីដើម​សប្តាហ៍​កន្លងទៅនេះ​បន្ទាប់ពី​ស្ថិត ក្នុង​បាត ទន្លេ​អស់​រយៈកាល​ប្រមាណ​៥០​ឆ្នាំ​។​

​ការ​ស្រង់​ខ្មោច​នាវាចម្បាំង​ខាងលើនេះ​ត្រូវបាន​ចំណាយ​រយៈពេល​៦​ខែ ចាប់ពី​ចុងខែ​តុលា ឆ្នាំ​២០២០ រហូតដល់​ដើមខែ​មេសា​ឆ្នាំ​បន្ទាប់ពី​ក្រុម​ជំនាញ​បាន​យក​គ្រឿង​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​ជាង​១៦​តោន​ចេញពី​ក្នុង​នាវា​។​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខា​ប្រចាំការ​ក្រសួងការពារជាតិ និង​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ដើម្បី ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​។​

​ក្នុង​ពិធី​ស្ទូច​ស្រង់​នាវា​កាលពី​ថ្ងៃទី ៧ ខែមេសា​កន្លងទៅ​ក៏មាន​វត្តមាន លោក ហ៊ី បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ​ក្រសួងការពារជាតិ អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា តំណាង អភិបាល ខេត្តកណ្តាល ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​ម៉ា​រី​ន​ដែល​លិច​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​នេះ​បាន​លិច​កប់​ក្នុង​បាតទន្លេ​មាន​ជម្រៅ​រហូតដល់ ២៧,៥​ម៉ែត្រ ព្រមទាំង​គ្របដណ្តប់​ដោយ​ដីខ្សាច់​នៅ លើ​យ៉ាងច្រើន​ផងដែរ​។ ត្រង់ចំណុច​នេះ ធ្វើឱ្យ​ក្រុមការងារ​ជំនាញ​ជួប​ការលំបាក​ក្នុងការ ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​បាន​រសាត់​រាយ​ប៉ោយ​នៅ​ជុំវិញ​នាវាចម្បាំង​ជាដើម​។ នេះ​បើ តាម​ការបញ្ជាក់​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា ទទួលបន្ទុក​ប្រតិបត្តិការ​រុក​រង​នាវា​លិច ខាងលើនេះ​។​

​តាម​របាយការណ៍​រប​ស់​ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព និង​ជា​ប្រធាន​ក្រុមការងារ​បោសសំអាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​ក្រោម​ទឹកបាន បញ្ជាក់ថាៈ​បន្ទាប់ពី​បញ្ចប់​សកម្មភាព ក្នុងការ​ស្រង់​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ពី​ក្នុង​នាវា កម្លាំង​ជំនាញ​នឹង​រៀបចំ​ផែនការ​ដោះ​បន្សាប​គ្រឿង​យុទ្ធ​ភ័​ណ្ឌ​ចំនួន​៩០​ភាគរយ​នៃ​គ្រាប់​ដែល មាន​ទ្រង់ទ្រាយ​ល្អ មាន​សុវត្ថិភាព សម្រាប់​ទុកដាក់​តាំង​ក្នុង​សារមន្ទីរ និង​ធ្វើការ​កម្ទេច ចោល​ចំនួន​ប្រមាណ​១០​ភាគ​គរ​យ នៃ​គ្រាប់​ដែល​ខូច​ទ្រង់ទ្រាយ ពុកផុយ មិនអាច​ធ្វើការ​ដោះ បន្សាប​បាន និង​ធ្វើការ​កម្ទេចចោល​ចំនួន​១០០​ភាគរយ នៃ​គ្រាប់​ដែល​ប្រមូលបាន​ពី​ប្រជា ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​នៅលើ​គោក ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព ១០០​ភាគ​គរ​យខណៈ​គ្រាប់​ខូចគុណភាព​ចំនួន​១០​ភាគរយ​និង​ត្រូវធ្វើ​ការកម្ទេច ចោល ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣១​មីនា ដល់​ថ្ងៃទី​៧ ខែមេសា (​រយៈពេល​៨​ថ្ងៃ​) នៅ​ចំណុច​និយាម ការ​លេខ 057300E 1305215N ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ពោធិ៍ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

​ដោយឡែក​ចំនួន​គ្រាប់​៩០​ភាគរយ ដែលមាន​ទ្រង់ទ្រាយ​ល្អ មាន​សុវត្ថិភាព​និង​ត្រូវ​ធ្វើការ​ដោះ បន្សាប​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា​ដល់​ថ្ងៃទី​១៩ ខែឧសភា រយៈពេល (៤៣​ថ្ងៃ​) ដើម្បី​បញ្ចប់ ផែនការ សម្រាប់​ទុកដាក់​តាំង ក្នុង​សារមន្ទីរ​។ ទីតាំង​ដោះ​បន្សាប នៅ​ទីបញ្ជាការ Golden west ខេត្តកំពង់ឆ្នាំង និង​នៅ​ទីបញ្ជាការ​កង​សុនខ​ស្ថិតក្នុង​បរិវេណ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង រក្សា​សន្តិភាព​ពហុ​សាសន៍​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕​/PC