ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាល រងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការគោលនយោបាយ (Policy Committee) តាមរយៈប្រព័ន្ធអនឡាញ ស្តីពីការអនុវត្តកម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។
កិច្ចប្រជុំនេះ ត្រូវបានសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB)កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណងតាមដាន វឌ្ឍនភាពនិងពិភាក្សាលើរបាយការណ៍ប្រចាំត្រីមាសលើកទី២ សម្រាប់ខែតុលា-ធ្នូ ២០២០ នៃការអនុវត្តកម្មវិធី CARES។
កម្មវិធី CARES គឺជាកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB។ កម្មវិធីនេះបានចែកជាសសរស្តម្ភ ៣ ដែលរួមមាន ទី១វិធានការសុខភាពដើម្បីប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទីពីរ ជំនួយសង្គមដើម្បីបង្ការការកើនឡើងនៃភាពក្រីក្រ និង ទីបី ការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច រួមមានឧបត្ថម្ភធនប្រាក់ឈ្នួលដល់កម្មករ រោងចក្រ និងបុគ្គលិកវិស័យទេសចរណ៍, កម្ចីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម, ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មការងារ)។ សម្រាប់ឆ្នាំ២០២០ កន្លងមក ធនាគារ អភិវឌ្ឍន៍អាស៊ី បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការ ខិតខំសម្រេចឱ្យបានទៅតាមសូចនាករដែលបានកំណត់ក្នុងកម្មវិធី CARES នេះ៕/PC