Home ព័ត៌មានជាតិ សន្តិសុខ ស្រវឹង​បើក​ម៉...

ស្រវឹង​បើក​ម៉ូតូ បុក​ពីក្រោយ​រ៉ឺម៉ក​គោយន្ត ដែល​ចត​លើផ្លូវ គ្មាន​ដាក់​សញ្ញា​

ដោយៈ ប​.​ជ័យ / បន្ទាយ​មា​ជ័​យៈ អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ជា​មួ បាន​រងរបួស​ធ្ងន់ ក្រោយពី​ពួកគេ បាន​បើក​ម៉ូតូ ស្ថិតក្នុង​ស្ថានភាព ស្រវឹង​ជោកជាំ ហើយ​បាន​បុក​ពីក្រោយ រ៉ឺម៉ក​គោយន្ត ដែល​ចត​លើផ្លូវ ដោយ​មិនមាន ដាក់​សញ្ញា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧​និង​៣៥ នាទី យប់​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៥៦A ត្រង់ចំណុច​មុខ​សាលា ឃុំ​រលួស ស្ថិតក្នុង​ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បានអោយដឹង នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​ថា ម៉ូតូ exciter ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ក្រហម​ខ្មៅ បើកបរ​ដោយ​ឈ្មោះ មឿ​យ ម៉ាច ភេទ​ប្រុស អាយុ ២០ ឆ្នាំ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ អៀម ពឺត ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ជាមួយគ្នា នៅ​ភូមិព​ន្សា​យ​ត្បូង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ អ្នក​ទាំង ២ នាក់ បើកបរ និង​ជិះ​ដោយ គ្មាន​មួកសុវត្ថិភាព ។​

​ប្រភព​បាន​បន្តថាៈ នៅពេល​បើកបរ មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​បុក​រ៉ឺម៉ក​គោយន្ត​កន្ត្រៃ ពីក្រោយ ។ ក្នុង​ឧបទ្ទវហេតុ​នោះ អ្នកបើក​គោយន្ត ឈ្មោះ អ៊ី​ន សុ​ភិន ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​រត់គេចខ្លួន មិន​ហ៊ាន​ចេញមក​ចរចា សម្របសម្រួល ដោះស្រាយ​ឡើយ​។​

​លោក​វរសេនីយ៍ ជា ស្លូញ បាន​បន្តថាៈ កំហុស​នៃ​គ្រោះថ្នាក់​នោះ ក៏​មកពី​ភាគី​គោយន្ត​ដែរ ដោយសារ​គេ ចត​នៅលើ​ទ្រូងផ្លូវ (​គ្មាន​ភ្លើង​សញ្ញា​)​។ ករណីនេះ អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ ។ ចំណែក​អ្នករួមដំណើរ រងរបួស​បាក់ដៃ​ខាងស្ដាំ និង​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ស្វាយចេក ។ ចំណែក​សម្ភារៈ គោយន្ត​កន្ត្រៃ ខូចខាត​ស្រាល និង​ម៉ូតូ ខូចខាត​ស្រាល យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយចេក​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular