ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​រស់នៅក្នុង​ភូមិដ្ឋាន​ដែល​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការបិទ​ខ្ទុប​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ បងប្អូន​ទាំងអស់​មិនគួរ​ធ្វើ​ទំនាក់ទំនង​គ្នា ជជែក​គ្នា ឬ​សួរសុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​នោះទេ គឺ​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​របស់ខ្លួន​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​នេះ​ជាការ​អំពាវនាវ ក៏ដូចជា​ការស្នើសុំ​រប​ស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​ចំនួន​៥០០​គ្រួសារ ដែល​ត្រូវបាន​បិទ​ខ្ទុប​លំនៅដ្ឋាន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​ផ្ទះជួល​ចំនួន​៣​កន្លែង នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន សុខ កាលពី​រសៀល​និង​ល្ងាច​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០២១​នេះ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ការបិទ​ខ្ទប់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺធ្វើឡើង​ដោយ​ការបង្ខំចិត្ត ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់​។ ម្យ៉ាងវិញទៀត ខណៈដែល​បងប្អូន​កំពុង​បិទ​ភូមិដ្ឋាន​នេះ បងប្អូន​ដាច់ខាត​មិនគួរ​ធ្វើ​ទំនាក់ទំនង ជជែក​គ្នា​លេង​ឬ សាកសួរ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​នោះទេ​។ យើង​គួរ​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ បាន​នឹង​កំពុង​រីក​រាលដាល​និង​បានធ្វើ​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​របស់​យើង​ចំនួន​៦៣៨​នាក់​ហើយ ដែល​បាន​ឆ្លង​នូវ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា អំណោយ​ដែល​បងប្អូន​កម្មករ កម្មការិនី ទាំង​៥០០​គ្រួសារ ទទួលបាន​អំណោយ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ថវិកា ៣០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ ២០​កំប៉ុង និង​មី​១​កេស​។​

​គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ម៉ិ​ញ​នេះ បានដាក់​បទបញ្ជា​មួយចំនួន​ដល់​អភិបាល​រាជធានី​-​ខេត្ត អនុវត្ត​នូវ​ការងារ​មួយចំនួន ពាក់ព័ន្ធ​និង​ជម្ងឺ​កូ​វីដ​-១៩ ក្នុងនោះ ៖
១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយ​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី រយៈពេល​៥​ខែ និង​ផ្តល់​ថវិកា​១០​លាន​រៀល និង​អង្ករ​១០០​គីឡូក្រាម ។​
២-​គ្រួសារ​ដែលមាន​សមាជិក​ទទួលរង​កូ​វីដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី រយៈពេល​៣​ខែ ។​
៣-​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក អគ្គិសនី ក្នុង​រយៈពេល​២​ខែ​៖ អ្នក​នៅក្រៅ​តំបន់​បិទ​ខ្ទប់ ទទួលបាន​ដូច​គោលការណ៍​ខាងលើ​ដែរ ។​
អ្នក​នៅក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ ២៥Kg មី​មួយ​កេស​តូច និង​ត្រីខ ២០​កំប៉ុង សម្រាប់​ក្រុមគ្រួសារ​នីមួយៗ ។​
កម្មករ​-​កម្មការិនី ដែល​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ និង​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​បង់​ជំនួស​នូវ​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ (​បើ​នៅ​ម្នាក់ឯង​ក៏ត្រូវ​ចាត់ទុកថា​មួយ​គ្រួសារ​ផងដែរ​) ៕​