ដោយៈម៉េងឆៃ/ភ្នំពេញៈ
១-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារអបអរសាទរប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីថ្មីរបស់ វៀតណាម កាលពីថ្ងៃទី៥ ខែមេសា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិត ២ដាច់ដោយឡែកពីគ្នា ដើម្បីអបអរសាទរប្រធានាធិបតីថ្មី និងនាយករដ្ឋមន្ត្រីថ្មី។ នោះគឺអតីតនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលត្រូវបានតែងតាំងជាប្រធានរដ្ឋវៀតណាម។ មានអាយុ ៦៦ឆ្នាំលោក ង្វៀន សួនហ្វ៊ុក បានកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមកាលពីឆ្នាំ២០១៦ ហើយនៅថ្ងៃទី៥មេសា រដ្ឋសភាវៀតណាម បានជ្រើសតាំងលោក ង្វៀន សួនហ្វ៊ុក ជាប្រធានរដ្ឋវៀតណាម។ ចំណែកលោក ផាម មិញជីញ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសវៀតណាម តាមរយៈកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៥ ខែមេសាផងដែរ។
២- រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអោយអាជីវករផ្សារអូរឬស្សី ទៅធ្វើតេស្តរកកូវីដៈ
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា បានប្រកាសអោយអាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី ទៅយកសំណាក ធ្វើតេស្តជាបន្ទាន់។ ការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឡើង ក្រោយពីបានរកឃើញ មានអាជីវករ និងសន្ដិសុខ នៅក្នុងផ្សារអូរឫស្សី បានឆ្លងកូវីដ១៩ ជាបន្តបន្ទាប់។ អាជ្ញាធរ បានសម្រេចបិទផ្សារអូរឫស្សី រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៤ ខែមេសា។
៣-អំឡុងពេលផ្ទុះកូវីដ១៩ អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ថយចុះ ក្នុង ៣ខែដំបូងៈ
អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានថយចុះ។ តាមរបាយការណ៍ រយៈពេល ៣ខែដំបូងដើមឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថយចុះ ១៥៣លើក ខណៈអ្នកស្លាប់ថយចុះ រហូតដល់ ៦០នាក់ និងអ្នករបួស ក៏បានថយចុះ ២០២នាក់។
៤-សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគិតគូរព្យាបាលអ្នកជំងឺកូវីដ១៩ មានស្ថានភាពស្រាល នៅតាមផ្ទះៈ
តាមរយៈសារជាសំឡេង កាលពីថ្ងៃទី៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ គិតគូរ និងរៀបចំផ្តល់សេវា ព្យាបាល នៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ ការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើឡើង ក្នុងករណីស្ថានភាពជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានឆ្លងរាលដាលកើនឡើងច្រើន ពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ការព្យាបាលតាមផ្ទះនេះ ត្រូវប្រើប្រាស់គ្រូពេទ្យស្ម័គ្រចិត្ត នៅតាមខណ្ឌស្រុកក្រុង ហើយអាជ្ញាធរមូលដ្ឋាន ចូលរួមតាមដាន មិនឲ្យអ្នកជំងឺកូវីដ១៩នោះ ចេញក្រៅផ្ទះឡើយ។ កាលពីថ្ងៃទី៩ ខែមេសា ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលតាមផ្ទះ កាលពីថ្ងៃទី៨មេសា។ តែក្រសួងសុខាភិបាល មិនបានបញ្ជាក់លម្អិតលើរឿងនេះឡើយ។
៥-រដ្ឋាភិបាលសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ១៤ថ្ងៃៈ
កាលពីយប់ថ្ងៃទី៦ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្ដីសម្រេចនេះ បានចាប់ផ្ដើមអនុវត្ត នៅម៉ោងសូន្យថ្ងៃទី៧មេសា រហូតដល់ថ្ងៃទី២០ ខែមេសា។ នៅពេលចាប់ផ្តើមដំបូងនេះ គេសង្កេតឃើញ នៅតាមផ្លូវឆ្លងកាត់រវាងខេត្ត និងខេត្ត មានសភាពកកស្ទះដោយអន្លើៗ តាំងតែពីព្រឹកព្រលឹម ដោយសារមានពលរដ្ឋអ្នកដំណើរខ្លះ នៅតែចង់ធ្វើដំណើរឆ្លងកាត់ខេត្ត ឬក្នុងបំណងចូលមករាជធានីភ្នំពេញ។
៦-សម្តេចតេជោ ហ៊ុន សែន កំណត់ថា «វ៉ាក់សាំងកាតព្វកិច្ច» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការៈ
តាមរយៈសារជាសំឡេង កាលពីថ្ងៃទី៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញ បទបញ្ជាថ្មីមួយទៀត ជំរុញអោយថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋគ្រប់គ្រងមន្ត្រីក្រោមឱវាទរបស់ខ្លួន អោយមានប្រសិទ្ធភាព ជំរុញប្រែក្លាយការចាក់វ៉ាក់សាំងផ្អែកលើគោលការណ៍ស្ម័គ្រចិត្តជាវ៉ាក់សាំងកាតព្វកិច្ចដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការប្រែក្លាយការចាក់វ៉ាក់សាំង ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ទៅជាវ៉ាក់សាំងកាតព្វកិច្ច គឺតម្រូវអោយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ហើយក្នុងករណីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការណា គេចវេះ មិនចាក់វ៉ាក់សាំង អាចនឹងត្រូវដកចេញពីការងាររដ្ឋ។ មន្ត្រីថ្មី ដែលដាក់ពាក្យចូលបំរើការងារ ក៏ត្រូវទាមទារអោយចាក់វ៉ាក់សាំងកូវីដរួចរាល់ផងដែរ។
៧-សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិត ៧ទំព័រ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខ។ ក្នុងសារលិខិត សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើន ក្នុងឆ្នាំចាស់ និងទិសដៅ សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ដែលនឹងចូលមកដល់ឆាប់ៗនេះ។
៨-ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងៈ
គិតចាប់ពីព្រឹកព្រលឹម រហូតដល់យប់ ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានភ្លោះព្រះមុនីវង្ស ដែលទើបស្គាល់ភាពមិនសូវកកស្ទះ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩នោះ បានចាប់ផ្ដើម មានការកកស្ទះ ដោយសារអាជ្ញាធរបិទស្ពានព្រះមុនីវង្សចាស់ ដើម្បីជួសជុល។ ក្រុមអ្នកជំនាញក៏កំពុងពន្លឿនដំណើរការគាស់ កាយកៅស៊ូចាស់ចេញពីលើស្ពាន ដើម្បីអ៊ុតក្រាលកៅស៊ូថ្មី តាមផែនការរបស់សាលារាជធានីភ្នំពេញ ឲ្យរួចរាល់ ក្នុងរយៈពេល ៣ថ្ងៃ។ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នេះ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ស្រឡាងខ្នាតធំ ២គ្រឿង ចម្លងយានយន្ត ចេញពីកោះនរា ទៅកោះពេជ្រ។ អ្នកឆ្លងស្រឡាងនេះ ត្រូវបង់លុយ ម៉ូតូ ១គ្រឿង ១០០០រៀល និងឡាន ១គ្រឿង ៦០០០រៀលក្នុង ១លើក។
៩-សម្តេចតេជោ ហ៊ុន សែន ប្រកាសពីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ១៩
ក្នុងសារពិសេសជូនជនរួមជាតិ ផ្សាយផ្ទាល់តាមទូរទស្សន៍ និងហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០មេសា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញថវិកា ៥០០០លានរៀល សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិទខ្ទប់( Lock Down) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តំបន់ Lock Down រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១០-២៣មេសា រួមមាន៖ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ ក្នុងខណ្ឌមានជ័យ ភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៧ភូមិទៀត នៅខណ្ឌពោធិ៍សែនជ័យ រួមមាន៖ ភូមិងត្រពាំងថ្លឹង២ និងភូមិទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក២ ក្នុងសង្កាត់កាកាបទី២។
រាជរដ្ឋាភិបាល ក៏សម្រេចឧបត្ថម្ភដល់ក្រុមគ្រួសារសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ គឺរដ្ឋបង់ជំនួសថ្លៃទឹក និងភ្លើង ក្នុងរយៈពេល ៥ខែ គិតចាប់ពីថ្ងៃអ្នកជំងឺកូវីដ បានទទួលមរណភាព។ កន្លងមក សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និមួយៗ ទទួលបានថវិកា ១០លានរៀល និងអង្ករ ១០០គ.ក។ ក្នុងនោះ ៥លានរៀល ជាជំនួយរបស់ក្រសួងសុខាភិបាល និង ៥លានរៀលទៀត ជាជំនួយពីសាលារាជធានីភ្នំពេញ។
ចំពោះអ្នកឆ្លងជំងឺកូវីដ១៩ រដ្ឋនឹងបង់ថ្លៃទឹកភ្លើងជំនួស ក្នុងរយៈពេល ៣ខែ រាប់ចាប់ពីថ្ងៃដែលអ្នកជំងឺ បានឆ្លងកូវីដ១៩។ ចំពោះគ្រួសារ ដែលទទួលរងធ្វើចត្តាឡីស័ក នៅក្នុងតំបន់បិទខ្ទប់ Lockdown រដ្ឋនឹងឧបត្ថម្ភប្រាក់ ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ និងបង់ថ្លៃទឹកភ្លើង រយៈពេល ២ខែ។ ក្រៅពីនោះ គ្រួសារនិមួយៗ ទទួលបានអង្ករ ២៥គ.ក មី ១កេះតូច និងត្រីខ ២០កំប៉ុង។ ជំនួយនេះ ក៏ត្រូវផ្តល់ឲ្យអ្នកធ្វើចត្តាឡីស័កដទៃទៀត ដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ ផងដែរ។
ការបន្ធូរបន្ថយខាងប្រាក់បំណុលនៅធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ត្រូវគិតគូរតាមស្ថានភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩ ដូចជា សម្រាប់អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ គឺលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់ ជាដើម។
១០-កូវីដ១៩ ក្នុងសប្តាហ៍នេះ
នៅក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមេសា នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣២៩នាក់។ ក្នុងនោះ មានអ្នកដំណើរ ចូលមកកម្ពុជា តាមយន្តហោះ ចំនួន ២នាក់ និងអ្នកឆ្លងកូវីដ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ១៣២៧នាក់។ រីឯអ្នកជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងសប្តាហ៍នេះ មានចំនួន ៣៣៣នាក់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេស បានជាសះស្បើយ ៤នាក់ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជាសះស្បើយ ចំនួន ៣២៩នាក់។ អ្នកស្លាប់ រយៈពេល ១សប្តាហ៍នេះ ដោយសារជំងឺកូវីដ១៩ មានចំនួន ៥នាក់។
ជារួម គិតត្រឹមថ្ងៃទី១០ ខែមេសា នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤០៨១នាក់។ ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងដល់ ៣៥៤៩នាក់។ រីឯអ្នកជាសះស្បើយ សរុបមានចំនួន ២០៨០នាក់។ ករណីស្លាប់ មាន ២៦នាក់ និងកំពុងសម្រាកព្យាបាល មានចំនួន ១៩៧០នាក់។ នេះបើគិតត្រឹមថ្ងៃទី១០ ខែមេសា៕សរន