Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​ជនស...

ចាប់ខ្លួន​ជនសង្ស័យ​ដែល​សម្លាប់​ស្ត្រី​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ បាន​ហើយ​

​ដោយៈ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុៈ សមត្ថកិច្ច​ចាប់ខ្លួន​ជ​នស​ង្ស​យ័​ម្នាក់ ជា​ជនដៃដល់​សម្លាប់​ស្ត្រី​រងគ្រោះ នៅ​បណ្តោយ​ផ្លូវ​សែន​ជ័យ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​០៩ ខែមេសា ឆ្នាំ​២០២១ បាន​ហើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា នេះ​ថា ជនសង្ស័យ​ឈ្មោះ កែវ ថុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ឯកជន​មាន ស្រុកកំណើត ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​បច្ចុប្បន្ន ស្នាក់នៅ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចំណែក ជនរងគ្រោះ​ឈ្មោះ យឹ​ង សៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​អនាម័យ ស្រុកកំណើត ភូមិ​ត្រពាំង​គគីរ ភូមិ​ល្បើក ស្រុក​ឈូក ខេត្តកំពត មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ឲ្យ​ដឹង​តាម​របាយ​ការស្រាវជ្រាវ​ថា ករណី ឃាតកម្ម​គិតទុក​ជាមុន​នេះ​កើតឡើង កាលពី​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ០១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ក្នុង​រណ្តៅ​គ្រលុក​មួយកន្លែង នៅ​បណ្តោយ​ផ្លូវ​សែន​ជ័យ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

​ឆ្លងតាម​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត នៅ​ថ្ងៃទី​០៩ ខែមេសា វេលា​ម៉ោង ១៥ និង​៣០​នាទី នគរ​បាល​បាន​រកឃើញ វិទ្យុទាក់ទង​មួយគ្រឿង ម៉ាក MOTOROLA នៅក្នុង​គ្រលុក​ថ្ម ក្បែរ​កន្លែងកើតហេតុ រួច​បន្ត​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ ហើយ​បានធ្វើការ​ឃាត់ខ្លួន​សង្ស័យ នៅ​ថ្ងៃទី​១០ ខែមេសា វេលា​ម៉ោង ០៨ និង​០០​នាទី ព្រឹក​។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់ថា​៖ ខ្លួន​បានរួម​រស់​ជាមួយ​ជនរងគ្រោះ​រយៈពេល​២​ឆ្នាំ​ហើយ ដោយ​មិនបាន​រៀបការ​ទេ មូលហេតុ​ឈានដល់​ការសម្លាប់​ជនរងគ្រោះ​នេះ ដោយសារ​ខ្លួន និង​ជនរងគ្រោះ តែងតែមាន​ជម្លោះ​នឹង​គ្នា​សឹង​រាល់ថ្ងៃ ហើយ​ជនរងគ្រោះ​ប្រើ​ពាក្យសម្តី​ជេរប្រមាថ​តិះដៀល​មកលើ​ខ្លួន ។

​រហូតដល់​ថ្ងៃទី​០៨ ខែមេសា វេលា​ម៉ោង​ប្រហែល ២២ និង ០០​នាទី​យប់ ខ្លួន​បាន​បបួល​ជនរងគ្រោះ​ផឹកស៊ី រហូតដល់​វេលា​ម៉ោង ០១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ខ្លួន​បាន​ដឹក​ជនរងគ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់ ខណៈនោះ​ជនរងគ្រោះ​បាន​ប្រើ​សម្តី​ថា មុខ​ហ្អែ​ង​គ្មាន​ប្រាក់​នាំ​យើង​ដេក​ផ្ទះសំណាក់​ទេ មានតែ​ដេក​ក្នុងព្រៃ ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូលទៅ​កន្លែងកើតហេតុ​ខាងលើ ដោយ​ទ្រាំ​នឹង​សម្តី​ជនរងគ្រោះ​មិនបាន ខ្លួន​បានធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ ប្រើ​ឧបករណ៍​សាក​ថ្ម វាយ​ក្បាល​, វាយ​ភ្នែក​, វាយ​មាត់​, យកដៃ​ច្របាច់ក បណ្តាល​ឲ្យ​សន្លប់ ហើយ​យក​ផ្លែ​ឡា​ម អា​រក​រហូតដល់​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ រួច​បាន​រត់គេចខ្លួន ។​

​ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ត​និតិ​វិធី បញ្ជូន​ជន​ស​ង្ស​យ័​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular