ដោយៈ បូកគោ / កំពតៈ ចម្ការស្វាយទំហំ ៣៥ ហិកតា របស់ប្រជាពលរដ្ឋ ចំនួន ៧៥ គ្រួសារ ស្ថិតនៅភូមិម៉ាក់ប្រាង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានរងការខូចខាត ព្រោះតែភ្លើងឆាបឆេះ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ កាលពីវេលាម៉ោង ២ និង៣០ នាទី រសៀលថ្ងៃទី១១ ខែមេសា មានករណីភ្លើងឆេះ ចម្ការស្វាយប្រជាពលរដ្ឋ នៅភូមិម៉ាក់ប្រាង ឃុំកំពង់គ្រែង អស់ ១១.០០០ ដើម លើទំហំផ្ទៃដី ៣៥ ហិកតា។ ចម្ការទាំងនោះ ជារបស់ប្រជាពលរដ្ឋ ចំនួន ៧៥ គ្រួសារ ដែលរស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ប្រភពដដែល បានបន្តថាៈ តាមសម្តីម្ចាស់ចម្ការ មួយចំនួន បានផ្តោតការសង្ស័យថា មហន្តរាយនេះ អាចកើតឡើង ពីក្រុមក្មេងៗ ដើរដុតឃ្មុំ ខ្វះការប្រុងប្រយ័ត្ន ដោយបន្សល់រងើកភ្លើង នៅនឹងកន្លែងកើតហេតុ ទើបបង្កការឆាបឆេះ តែម្តង។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការដ្ឋាននគរបាល ខេត្តកំពត បានប្រើប្រាស់ទឹក អស់ចំនួន ៣ រថយន្ត ទើបបញ្ឈប់ការរាលដាល បន្តដល់ផ្ទះសម្បែងអ្នកភូមិ៕/V