​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក​. ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បានស្នើ ៩ ចំណុច ទៅកាន់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។

​ការស្នើ​ខាងលើនេះ ធ្វើឡើង​ក្នុងឱកាស ដែល​លោក ស សុខា អញ្ជើញ​ជា​តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដឹកនាំ​កិច្ចប្រជុំ តាមដាន​វឌ្ឍនភាព​ការងារ ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត របស់ ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ជា ៣ វេន​ផ្សេងគ្នា ក្នុង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ នេះ តាមរយៈ​ប្រព័ន្ធ Zoom ។​

​ក្នុងឱកាស​នោះ លោក ស សុខា បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ ប្រកបដោយ​ការទទួលខុសត្រូវ និង​ការចូលរួម យ៉ាងសកម្ម​របស់​ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ទាំងបី​ខេត្ត ជាពិសេស​ក្រុមការងារ ចុះជួយ​ស្រុក ក្រុង ដែល​បាន​លះបង់ ទាំង​កម្លាំងកាយ​ចិត្ត ទាំង​ថវិកា​ផ្ទាល់ខ្លួន និង​ពេលវេលា ក្នុង​កិច្ចការ​ការងារ​សង្គម និង​មនុស្សធម៌ ស្របទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​ក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ បាននិងកំពុង​ប្រឈម ទៅនឹង​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​លោក ស សុខា ក៏​ស្នើសុំ​ឲ្យ​ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ទាំងបី​ខេត្ត បន្ត​អនុវត្ត ៩​ចំណុច ដូចខាងក្រោម ៖

១. សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ក្រុង ក្នុងការ​បញ្ជូន​កម្លាំង​យុវជន ស​.​ស​.​យ​.​ក​. ចូលរួម​ជួយ​សម្របសម្រួល​ការងា​រ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កិច្ចការងារ​ផ្សេងៗ​ទៀត ដែល​អាច​ធ្វើបាន ។​

២. ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី វិធានការ​សុខាភិបាល ៣​ការពារ និង ៣​កុំ ដើម្បី​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បើទោះបី​កម្ពុជា​យើង​មាន​វ៉ាក់សាំង​ចាក់ ក៏ដោយ ។

៣. បំផុស និង​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ តាម​ដំណាក់កាល​នីមួយៗ និង​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ឱ្យបាន​គ្រប់គ្នា ។​

៤. ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​-​បរិភោគ និង​សម្ភារៈ​ការពារ​កូ​វីដ​-១៩ ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ប្រជា​ពលករ​ចំណាកស្រុក ដែល​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នីមួយៗ ។​

៥. ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន កុំ​ឲ្យ​មានការ​លួច​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​វា​ប្រឈម​ទាំង​ការខុសច្បាប់ និង​ប្រឈម​ទាំង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

៦. ចូលរួម​អនុវត្ត​ឲ្យ​ទូលំទូលាយ​យុទ្ធនាការ “​បញ្ជ្រាប​ការយល់ដឹង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​” ដោយ​ការអនុវត្ត​យុទ្ធនាការ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ ខ្ជួន​នូវ​វិធានការ​ការពារ​សុវត្ថិភាព ដែល​បាន​ណែនាំ​នៅក្នុង​សេចក្ដីណែនាំ​លេខ ០៩/ ស​ណន​/ ស​.​ស​.​យ​.​ក​. ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ។ ការអនុវត្ត​យុទ្ធនាការ ក៏ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ នូវ​វិធានការ​នានា​ស្ដីពី​ការទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ។​

៧. ចូលរួម​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ ឲ្យ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការផ្អាក​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ដូច​ពាក្យ​ថា “​នៅផ្ទះ​ឈ្នះ​កូ​វីដ​” ។​

 

៨. ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ស្រុក ក្រុង​មួយចំនួន ដែលមាន​ទឹក​បឹង អូរ ព្រែក ទន្លេ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​កូនតូចៗ ដែល​អាច​លង់ទឹក​ស្លាប់ ដោយ​យថាហេតុ ។​

៩. បំផុស​ឱ្យ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន យកចិត្តទុកដាក់ បង្កើន​ការដាំដុះ​បន្លែ ជី ស្លឹកគ្រៃ ដំណាំ​ហូប​ផ្លែ ក៏ដូចជា​ផលិតផល​កសិកម្ម​ផ្សេងទៀត បំពេញតម្រូវការ​ប្រចាំថ្ងៃ កាត់បន្ថយ​ការចំណាយ ស្របទៅនឹង​គោលនយោបាយ រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ បង្កើន​ការដាំដុះ​ផលិតផល​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល ផលិតផល​ពី​បរទេស ដែលមាន​សារជាតិ​គីមី ៕/V​