ប្រែសម្រួលៈវាសនា/បាងកក៖មេប៉ូលិសក្រុងម្នាក់ឧត្តមសេនីយ៍ សូផុន សារ៉ាផាត បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកគ្រប់គ្រងក្លិបកម្សាន្តKrystal Club និង Emerald Clubនៅក្រុងបាងកក កន្លែងដែលកូវីដ១៩រលកបច្ចុប្បន្នបានចាប់ផ្តើមឆ្លងរាលដាល ត្រូវបានតុលាការសំរេចដាក់គុកម្នាក់ៗ២ខែ។
តុលាការបានចេញការសំរេចនេះកាលពីថ្ងៃសុក្របន្ទាប់ពីបានរកឃើញថាពួកគេមានទោសកំហុសរំលោភច្បាប់គ្រាអាសន្ននិងច្បាប់ស្តីពីទីកន្លែងកម្សាន្តសប្បាយ។
លោកសូផុនបាននិយាយថា គណៈកម្មការប៉ូលិសមួយក៏កំពុងពិចារណាបិទទីតាំងទាំង២នេះរយៈពេល៥ឆ្នាំ បើសិនជារកឃើញថាពួកវាត្រូវបានបើកដំណើរការហួសម៉ោងកំណត់ដោយអនុញ្ញាតអោយមានពេស្យាចារនៅទីតាំងរបស់ខ្លួន និងបើកដំណើរការដោយគ្មានច្បាប់អនុញ្ញាត។
រដ្ឋបាលក្រុងមុននេះបានបញ្ជាអោយក្លិប រង្គសាល និងទីតាំងកម្សាន្តសប្បាយណាដែលពាក់ព័ន្ធនឹងការផ្ទុះជំងឺចុងក្រោយនេះត្រូវបិទ១៤ថ្ងៃ។
ប៉ូលិស១៨នាក់នៅស្ថានីយ ថង ល័រដែលល្បាតក្នុងតំបន់ផ្ទុះកូវីដ១៩នៅបាងកកបានឆ្លងជំងឺនេះ។ទោះជាពាក់ម៉ាស តែគ្រូពេទ្យសង្ស័យពួកគេមិនពាក់ស្រោមដៃហើយឆ្លងពេលយកដៃប៉ះមុខក្រោយពីឬក្នុងពេលល្បាតតំបន់ខាងលើ។
ការិយាល័យប៉ូលិសក្រុងបាននិយាយថា ប៉ូលិសនិងបុគ្គលិកចំនួន៥៦នាក់បានឆ្លងកូវីថ១៩ និង៣៨នាក់ទៀតធ្វើចត្តាឡីស័ក។
ក្លិបKrystal Club នៅតំបន់ថង ល័រនៅបាងកក ដែលផ្ទុះកូវីដ រាលដាលទៅកាន់៤១ខេត្តរបស់ថៃ
បុគ្គលិកសុខាភិបាល ចាក់វ៉ាក់សាំងប្រគេនលោកសង្ឃនៅវត្តមួយក្នុងក្រុងបាងកក
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ជិត១.០០០នាក់ ហើយក្រសួងសុខាភិបាលបានព្រមានថា ត្រូវតែរឹតបន្តឹងដើម្បីពន្យឺតល្បឿននៃការឆ្លងរាលដាលវីរុសកូរ៉ូណានៅរលកថ្មី។វាជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាថ្មីទៀតនៅពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថានៅ២៤ម៉ោងកន្លងទៅមានអ្នកឆ្លងដល់ទៅ៩៦៧នាក់ ហើយលើកលែងតែ៣ករណីទេ ក្រៅពីនេះឆ្លងក្នុងស្រុកទាំងអស់។
ភាគច្រើនបំផុតនៃការឆ្លងថ្មីៗនេះពាក់ព័ន្ធនឹងការផ្ទុះកូវីដ១៩ចុងក្រោយនៅក្លិបរាត្រីពីរបីក្នុងក្រុងបាងកក និងការធ្វើតេស្តិ៍បង្ហាញថាវាបង្កឡើងដោយវីរុសបំលែងខ្លួនថ្មីដូចនៅអង់គ្លេសដែលឆ្លងលឿន។
ទោះជាការឆ្លងភាគច្រើននៅបាងកក ក៏នៅថ្ងៃនេះអ្នកឆ្លងកូវីដ១៩ចំនួន២៨១នាក់ត្រូវបានរកឃើញនៅខេត្តឈៀងម៉ៃភាគខាងជើង៕
ទាហានដំឡើងគ្រែត្រៀមទទួលអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យកណ្តាលវាលមួយនៅឈៀងម៉ៃកាលពីថ្ងៃអាទិត្យ