Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​ទាក...

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត ជាមួយ​កង់​បី​បណ្តាលឱ្យ​ដួល ត្រូវ​រថយន្តស្ទូច​កិន​ស្លាប់​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន វ៉ា​កង់​បី​ឥណ្ឌា​ទាក់​ដៃចង្កូត បណ្តាលឱ្យ​ដួល​ខ្ទៀតចូល​ក្រោម​កង់​រថយន្តស្ទូច​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ត្រង់ចំណុច​ទល់មុខ​បុរី​សន្តិភាព​២ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សព​មានឈ្មោះ រិ​ន ណា​រ៉ុង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទីកន្លែង​កំណើត ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល (​មុខរបរ​កម្មករ​រោងចក្រ​)​។​

​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-0175 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន បាន​វ៉ា​កង់​បី​ឥណ្ឌា​ទាក់​ដៃចង្កូត បណ្ដាលឱ្យ​ដួល​បោក​នឹង​ថ្នល់​ខ្ទៀតចូល​ក្រោម​កង់​រថយន្តស្ទូច ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 3A-1319 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រប់​ទិស​គ្នា ក្នុង​ល្បឿន​លឿន​គួរសម ចាប់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​កិន​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។ រីឯ​ម៉ូតូ​និង​រថយន្ត​វិញ​រង​ការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ចំណែកឯ តៃកុង​រថយន្តស្ទូច​បា​ន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​លពី​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សព​សមត្ថកិច្ច​ធ្វើការ​កំណត់ហេតុ​ប្រគល់ជូន​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular