ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យទី១១មេសាថា លោករ៉ូឌ្រីហ្គោ ឌុយទែតបានយល់ព្រមដាក់តំបន់រដ្ឋធានីនិងខេត្តចំនួនបួនជុំវិញទីក្រុងឱ្យស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍មិនសូវតឹងរ៉ឹងចាប់ពីថ្ងៃទី ១២ ខែមេសា។
អ្នកនាំពាក្យលោក ហារី រ៉ូក និយាយថា តំបន់ទីក្រុងម៉ានីលនិងខេត្តប៊ូឡាកាន់, រីហ្សាល់, ឡាហ្គូណា និង កាវីត ដែលស្ថិតក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹងដោយសារកូវីដ១៩នឹងស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍ដែលបានកែប្រែថ្មីនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា។
លោកនិយាយថា មន្ទីរពេទ្យឯកជននិងសាធារណៈបានបន្ថែមគ្រែចំនួន ៣.១៥៦ សម្រាប់អ្នកជំងឺកូវីដ១៩។
តំបន់ទីក្រុងម៉ានីលនិងខេត្តជុំវិញទាំងបួនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមចត្តាឡីស័កសហគមន៍ ពោលគឺជាការរឹតត្បិតលើការបំលាស់ទីដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី ១១ ខែមេសាដោយសារតែការកើនឡើងនូវចំនួនករណីឆ្លង ដែលធ្វើឱ្យមន្ទីរពេទ្យមួយចំនួនលែងមានសមត្ថភាពដំណើរការតទៅទៀត។
ហ្វីលីពីនបានរាយការណ៍ករណីកូវីដ១៩សរុប ៨៦៤.៨៦៨ នាក់និងករណីស្លាប់សរុបចំនួន ១៤.៩៤៥ នាក់គិតត្រឹមថ្ងៃអាទិត្យ៕
បុគ្គលិកពេទ្យកំពុងរៀបចំឯកសាររបស់អ្នកជំងឺនៅមន្ទីរពេទ្យសាន់តាអាណាក្នុងទីក្រុងម៉ានីលកាលពីថ្ងៃសុក្រ