ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវបាននិយាយកាលពីថ្ងៃអាទិត្យទី១១មេសាថា រុស្ស៊ីមិនស្វែងរកសង្គ្រាមជាមួយអ៊ុយក្រែនទេប៉ុន្តែមានការព្រួយបារម្ភចំពោះប្រជាជននិយាយភាសារុស្ស៊ីនៅតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតប្រទេស។
លោកប៉េស្កូវបានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីមួយថា “គ្មាននរណាម្នាក់ចង់ធ្លាក់ចូលទៅក្នុងសង្គ្រាមនោះទេ ហើយគ្មាននរណាម្នាក់យល់ព្រមទទួលយកលទ្ធភាពនៃការផ្ទុះសង្គ្រាមបែបនេះទេ”។
លោកបានបន្ថែមថា “រុស្ស៊ីមិនដែលជាភាគីនៃជម្លោះនោះទេ (រវាងទីក្រុងគៀវនិងក្រុមបះបោរនៅដុនដាស់)។ប៉ុន្តែរុស្ស៊ីតែងតែនិយាយថាខ្លួននឹងមិនបន្តព្រងើយកន្តើយចំពោះជោគវាសនារបស់ប្រជាជននិយាយភាសារុស្ស៊ីដែលរស់នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននោះឡើយ”។
យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា រដ្ឋាភិបាលក្រុងគៀវបានបដិសេធមិនបំពេញទំនួលខុសត្រូវរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទីក្រុងមីនស៍ស្តីពីការដោះស្រាយបញ្ចប់ជម្លោះក្នុងតំបន់ដុនបាស់ ដោយកងកម្លាំងរដ្ឋាភិបាលនៅតែបង្កើន “សកម្មភាពបង្កហេតុ” នៅក្នុងតំបន់។
លោកប៉េស្កូវនិយាយថារុស្ស៊ី អាល្លឺម៉ង់និងបារាំងកំពុង “ច្របូកច្របល់” ដោយការអះអាងនាពេលថ្មីៗនេះរបស់ទីក្រុងគៀវថា កិច្ចព្រមព្រៀងទីក្រុងមីនស៍គ្មានប្រយោជន៍ទេ ដោយបន្ថែមថាគ្មានជម្រើសផ្សេងក្រៅពីកិច្ចព្រមព្រៀងដោះស្រាយជម្លោះដោយសន្តិវិធីនោះឡើយ។
លោកបាននិយាយថាទីប្រឹក្សានយោបាយរបស់មេដឹកនាំរុស្ស៊ីអាល្លឺម៉ង់បារាំងនិងអ៊ុយក្រែនកំពុងធ្វើការឆ្ពោះទៅរកកិច្ចប្រជុំកំពូលស្តីពីតំបន់ភាគខាងកើតអ៊ុយក្រែន៕
កងទ័ពអ៊ុយក្រែនកំពុងបង្កើននៅតំបន់ដុនបាស់